ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

លោក សម រង្ស៊ី ​ថា លោក ហ៊ុន សែន ព្យាយាម​រំលាយ​បក្ស​​ប្រឆាំង​ព្រោះ​ដឹង​ថា​ចាញ់



មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​ប្រឆាំង​របស់​លោក ដោយសារ​តែ​បក្ស​កាន់​អំណាច​មិន​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

នៅ​ក្នុង​កិច្ច​ប្រជុំ​សម័យ​ដែល​មាន​តែ​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ចូល​រួម​កាល​ពី​ថ្ងៃទី​៣១ ខែ​មករា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​លោក សម រង្ស៊ី និង​ជំរុញ​ទៅ​រដ្ឋ​សភា ឲ្យ​កែ​ប្រែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​រាំង​ខ្ទប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ព្រមាន​នេះ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​រៀបរាប់​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

លោក​បន្ត​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​ដឹង​ថា មិន​អាច​ឈ្នះ​បក្ស​នេះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់​គ្រង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​បាត់​បង់​អាសន្ន​ចំនួន ២២ ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការបោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក៕

VOD
ដោយ លោក សូរ្យ ជ័យឧត្ដម

កំណើត​ក្អែក


facebookvid{783975901750865}
pl[Komnert Ka-Ek]

តុលាការ​មិន​ទាន់​មាន​វិធានការ​ឃាត់​ខ្លួន​អតីត​ប៉ូលិស​ស្រុក​ស្អាង​៣​នាក់​នៅ​ឡើយ





តុលាការ​ខេត្ត​កណ្ដាល មិន​ទាន់​មាន​វិធានការ​ដើម្បី​ឃាត់​ខ្លួន​អតីត​មន្ត្រី​ប៉ូលិស​ស្រុក​ស្អាង ៣​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​លើ​បុរស​ម្នាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​តុលាការ​បាន​បិទ​បញ្ចប់​ការ​សាកសួរ​សាក្សី​បន្ថែម​រួច​រាល់​ហើយ។ ការ​អះអាង​ពី​មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល ស្រប​ពេល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្រេច​បណ្ដេញ​ប៉ូលិស​ស្រុក​ស្អាង ទាំង ៣​នាក់​នោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ។

សំណុំ​រឿង​មន្ត្រី​ប៉ូលិស​ស្រុក​ស្អាង ៣​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ថា ព្រួត​គ្នា​វាយ​បុរស​ម្នាក់​រហូត​ដល់​ស្លាប់​កាល​ពី​ជាង ៣​ខែ​មុន ត្រូវ​បាន​មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល អះអាង​ថា គឺ​ខាង​តុលាការ​កំពុង​រង់ចាំ​ការ​យល់ព្រម​ចូល​ឆ្លើយ​បំភ្លឺ​ពី​ភាគី​ចុង​ចោទ។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក សំរិទ្ធ វាសនា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ថា តុលាការ​បាន​បញ្ចប់​ការ​សាកសួរ​សាក្សី​បន្ថែម ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​មន្ត្រី​ប៉ូលិស​វាយ​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​ស្អាង នោះ​ហើយ។ លើស​ពី​នេះ តុលាការ​ក៏​ធ្លាប់​ចេញ​ដីកា​ឲ្យ​ចុង​ចោទ​មក​ឆ្លើយ​បំភ្លឺ​ដែរ ប៉ុន្តែ​ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ ស្នើសុំ​លើក​ពេល៖ «ពាក់ព័ន្ធ​នឹង​មូលហេតុ សាកសួរ​មេធាវី​គេ​ទៅ! ខ្ញុំ​ឥត​មាន​ទៅ​លើក​រឿង​មូលហេតុ​គេ​សុំ​ម៉េចៗ ពាក់ព័ន្ធ​សំណុំ​រឿង​ហ្នឹង។ ឥឡូវ​ខ្ញុំ​កំណត់​កាលបរិច្ឆេទ​សិន ហៅ​អ្នក​ទាំង ៣ ចូល​ឡើង​វិញ»។

ពាក់ព័ន្ធ​នឹង​មូលហេតុ​ស្នើសុំ​លើក​ពេល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ លោក ម៉ក់ ប៊ុណ្ណា បាន​ទេ​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ហើយ បាន​ដាច់​ទៅ​វិញ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៦ បុរស​ម្នាក់​ឈ្មោះ ចំរើន សីហា អាយុ ២៦​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រុង​តាខ្មៅ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ ទិត្យ លាភ អាយុ ២២​ឆ្នាំ បាន​រង​របួស​ធ្ងន់ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ៣​នាក់​ព្រួត​គ្នា​វាយ​ដំ ក្រោយ​ពី​មាន​ជម្លោះ​ជិះ​ម៉ូតូ​ជែង​គ្នា ហើយ​ត្រូវ​បាន​នគរបាល​ចោទ​ថា​ជា​ចោរ​ប្លន់។

ប៉ូលិស​ទាំង ៣​នាក់​រួម​មាន អនុសេនីយ៍ទោ ភក្ដី វិទូ អធិការ​រង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង អនុសេនីយ៍ទោ ឆៃ ស៊ីណា នាយ​ផ្នែក​អន្តោប្រវេសន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង និង​អនុសេនីយ៍ត្រី ឃាង សុងថេង នាយ​រង​ផ្នែក​ពិនិត្យ និង​វិភាគ​កន្លែង​កើត​ហេតុ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​សម្លាប់​បុរស​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្អាង ធ្លាប់​បញ្ជាក់​ថា ពួក​គេ​បាន​លាក់​មុខ​រហូត និង​មិន​ដែល​ឃើញ​វត្តមាន​នៅ​កន្លែង​បំពេញ​ការងារ​ឡើយ​ចាប់​ពី​ថ្ងៃ​កើត​ហេតុ​មក។

ពាក់ព័ន្ធ​នឹង​មន្ត្រី​ប៉ូលិស​ទាំង ៣​នាក់​នេះ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​ប្រកាស​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ដោយ​មូលហេតុ​បោះបង់​ការងារ​ចោល។ បន្ថែម​ពី​នេះ ប្រាក់​បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​របស់​ពួក​គេ ក៏​ត្រូវ​កាត់​ផ្ដាច់​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ដែរ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កណ្ដាល លោក ម៉ែន មករា បញ្ជាក់​ថា ការ​បណ្ដេញ​មន្ត្រី​ទាំងនោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ គឺ​គ្រាន់​តែ​ជា​ការ​ពិន័យ​តាម​ផ្នែក​រដ្ឋបាល​ប៉ុណ្ណោះ រីឯ​តាម​គោលការណ៍​ច្បាប់​វិញ ប្រសិន​បុគ្គល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង មិន​ថា​ជា​មន្ត្រី​រាជការ ឬ​ជា​តំណាងរាស្ត្រ គឺ​ត្រូវ​តែ​ឃាត់​ខ្លួន​ទៅ​ដាក់​ទោស​ទណ្ឌ​តាម​ផ្លូវ​ច្បាប់៖ «ប្រសិន​តុលាការ​យល់​ថា​ជន​ទាំង ៣​នាក់ គឺ​ជា​ជន​ល្មើស អ៊ីចឹង​តុលាការ​នឹង​ធ្វើ​តាម​នីតិវិធី​ច្បាប់ ចេញ​ដីកា​ឃាត់​ខ្លួន​ដើម្បី​ឲ្យ​សមត្ថកិច្ច​មាន​សិទ្ធិ​បំពេញ​ការងារ»។

ការ​ស្វែងរក​ឃាត់​ខ្លួន​មន្ត្រី​ប៉ូលិស​ទាំង ៣​នាក់ ត្រូវ​បាន​ស្នងការ​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន បញ្ជាក់​ថា គឺ​ទាល់​តែ​មាន​លិខិត ឬ​ដីកា​ពី​តុលាការ​ជា​មុន​សិន៖ «បើ​តុលាការ​មិន​ទាន់​ចេញ​លិខិត​ឲ្យ​ខ្ញុំ​សព្វគ្រប់​ផង ហើយ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ម៉េច»។

ថ្វីត្បិតតែ​មន្ត្រី​នគរបាល​ទាំង ៣​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ និង​ធ្លាប់​ផ្ដល់​សំណង​ចំនួន ២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ក្ដី ប៉ុន្តែ​នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.ឌី.ស៊ី (CDC) លោក​មេធាវី ហុង គឹមសួន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ប្រសិន​តុលាការ​រក​ឃើញ​ថា ប៉ូលិស​ទាំង ៣​នាក់​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សម្លាប់​មនុស្ស​ដោយ​ចេតនា តាម​ផ្លូវ​ច្បាប់ ពួក​គេ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រយៈពេល ៣០​ឆ្នាំ។

អ្នក​ច្បាប់​រូប​នេះ​ក៏​បន្ថែម​ថា ទោស​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ប៉ូលិស​ទាំង ៣​នាក់​នោះ​តាម​ច្បាប់​ព្រហ្មទណ្ឌ ថ្វីត្បិតតែ​មាន​ការ​ទូទាត់​សំណង​ក្ដី ព្រោះ​សំណង​នោះ​គ្រាន់​តែ​ជា​សង​ជា​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ប៉ុណ្ណោះ និង​មិន​អាច​បញ្ចប់​នីតិវិធី​ត្រឹម​លុយ​កាក់​ឡើយ៕

RFA
ដោយ រាជ វិញ្ញូ

ពលរដ្ឋ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាង​១​ពាន់​គ្រាប់

គ្រាប់​ផ្លោង​ធុន ៦០​មិល្លីម៉ែត្រ និង​គ្រាប់​បែក​ដៃ​ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​សង្ឃរុក្ខវ័ន្ត នៃ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ រូបថត​សហគមន៍



អាជ្ញាធរ និង​នគរបាល​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​តាំង​ទី​លំនៅ​ថ្មី ឬ​ត្រួសត្រាយ​ដី​ព្រៃ​ដើម្បី​ធ្វើ​កសិកម្ម ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម។ ការ​ក្រើន​រំឭក​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នេះ បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​គ្រាប់​ជាច្រើន​ប្រភេទ​ជាង ១.០០០​គ្រាប់ នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង ឃុំ​អន្លង់រាប។

អ្នក​ភូមិ​នៃ​ឃុំ​អន្លង់រាប ស្រុក​វាលវែង បារម្ភ​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន ឬ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដោយ​អ្នក​ភូមិ​ខ្លះ​មាន​គ្រោះថ្នាក់ និង​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​មូលដ្ឋាន​ពួក​គេ​ជា​បន្តបន្ទាប់។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង ឃុំ​អន្លង់រាប លោក ធៀប មាស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ថា រូប​លោក និង​ពលរដ្ឋ​ជាច្រើន​ទៀត​នៅ​ស្រុក​វាលវែង ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មិន​ទាន់​ផ្ទុះ​ច្រើន​ជាង​ការ​ប្រឈម​បញ្ហា​ផ្សេង​ទៀត ព្រោះ​អ្នក​ស្រុក​ភាគច្រើន​ចូល​ព្រៃ​ធ្វើ​ស្រែ​ចម្ការ ដើម្បី​ចិញ្ចឹម​ជីវិត។ លោក​កាន់​តែ​ភ័យ​ខ្លាច​ចំពោះ​គ្រាប់​មីន ក្រោយ​ពី​គេ​ប្រទះ​ឃើញ​គ្រាប់​ជាច្រើន​នៅ​ភូមិ​លោក៖ «ប៉ុន្មាន​ថ្ងៃ​មុន​ឮ​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ទៅ​ជីក​គល់​បេង​ម៉េច ប៉ះ​មីន​ផ្ទុះ​ងាប់ តែ​បើ​អត់​ធ្វើ​ទៅ វា​អត់។ ខ្ញុំ​ត្រាយ​ព្រៃ​ធ្វើ​ចម្ការ​ដាំ​ដូចជា​ល្ង និង​ពោត អី។ បើ​គេ​បាន​មក​ធ្វើ​ការ​រាល់​ខែ រាល់​ថ្ងៃ​ទៅ​វា​គង់​តែ​ប្រជាជន​យើង​អាច​ហ៊ាន​ដើរ​អត់​ញញើត»។

ទាក់ទង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​វាលវែង លោក ធាង ឡេង បញ្ជាក់​ថា គ្រាប់​ដែល​បាន​ប្រទះ​ឃើញ​ទាំងនោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ (CMAC) កម្ទេច​ចោល​អស់​ហើយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា។ លោក​ថា ក្នុង​ឆ្នាំ​២០១៦ មាន​ករណី​ផ្ទុះ​មីន ៦​ករណី បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់ និង​របួស​ដាច់​ដៃ​ជើង​ជាច្រើន​នាក់ ជាពិសេស​កើត​ឡើង​នៅ​ឃុំ​អន្លង់រាប៖ «អូ! អា​ហ្នឹង​សម្បូរ​ណាស់​នៅ​ស្រុក​ខ្ញុំ​នេះ នៅ​អន្លង់រាប តំបន់​គ្រាប់​ច្រើន​ជាង​គេ​ហើយ មាន​ដាច់​ដៃ ដាច់​ជើង ងាប់​អ៊ីចឹង​ជា​ញឹកញយ​អ៊ីចឹង​ដែរ។ ខាង​ស៊ីម៉ាក់ និង​ហេឡូត្រាស់ សម្អាត​តែ​រហូត​តើ!»។

គ្រាប់​ដែល​អ្នក​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង នៃ​ឃុំ​អន្លង់រាប ប្រទះ​ឃើញ​នោះ​មាន ៧​ប្រភេទ សរុប​ចំនួន ១.១៥០​គ្រាប់ ដូចជា​គ្រាប់​ប្រភេទ​ត្បាល់ ១២០​មិល្លីម៉ែត្រ និង​គ្រាប់​ប៉ូតែត ភីជី ៧ (PG7) ជាដើម។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ (CMAC) ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ដោះ​មីន​ប្រចាំ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។ ប៉ុន្តែ​ទាំង​អធិការ និង​អភិបាល​ស្រុក​វាលវែង អះអាង​ថា មន្ត្រី​ដោះ​មីន​ស៊ីម៉ាក់ និង​ហេឡូត្រាស់ (HELLOTRUST) កំពុង​ប្រតិបត្តិការ​ដោះ​មីន​នៅ​ឃុំ​ថ្មដា និង​ក្បែរ​ព្រំដែន​ខ្មែរ-ថៃ ក្នុង​ស្រុក​វាលវែង។

អភិបាល​ស្រុក​វាលវែង លោក ហេង សុភាណា អំពាវនាវ​ឲ្យ​ពលរដ្ឋ ជាពិសេស​កសិករ​បង្កើន​ការ​ប្រុង​ប្រយ័ត​ចំពោះ​បញ្ហា​គ្រាប់​មីន ឬ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ពេល​ចូល​ធ្វើ​ស្រែ​ចម្ការ ឬ​តាំង​ទី​លំនៅ​លើ​ដី​ថ្មី៖ «មុន​នឹង​អាស្រ័យ​ផល ឬ​ដាំ​ដុះ​អី​ហ្នឹង​ធ្វើ​ម៉េច​ទាក់ទង​ខាង​មន្ត្រី​ជំនាញ​ទៅ​រក​មីន មាន​ទាំង​ស៊ីម៉ាក់ ឬ​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​រុក​រក​មីន​ឲ្យ​មក​ជួយ ដើម្បី​ធ្វើ​ម៉េច​បង​ប្អូន​យើង​អាច​អាស្រ័យ​ផល​ទៅ​មាន​សុវត្ថិភាព»។

ទឹក​ដី​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជាប់​ព្រំប្រទល់​ស្រុក​សំឡូត ខេត្ត​បាត់ដំបង គឺ​ជា​សមរភូមិ​ក្ដៅ​ចុង​ក្រោយ​របស់​ទាហាន​ខ្មែរ​ក្រហម តស៊ូ​ប្រយុទ្ធ​ជាមួយ​ទាហាន​របស់​រដ្ឋាភិបាល​នៅ​ចុង​ឆ្នាំ​១៩៩៨៕

RFA
ដោយ ជិន ជេដ្ឋា

ពលរដ្ឋ​ស្រុក​កោះសូទិន​ចាប់​ផ្ដើម​បោះបង់​របរ​តម្បាញ​ហូល​ផាមួង​រួច​ធ្វើ​ចំណាក​ស្រុក

លោកស្រី សេក អៃ ជា​អ្នក​ប្រកប​មុខ​របរ​តម្បាញ​ហូល​នៅ​ភូមិ​ព្រែកចង្ក្រាន ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Saut Sokprathna



ប្រជាពលរដ្ឋ​នៅ​ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ចាប់​ផ្ដើម​បោះបង់​មុខ​របរ​តម្បាញ​ហូល​ផាមួង​ជា​បន្តបន្ទាប់ ដែល​ជា​មុខ​របរ​ប្រពៃណី​របស់​ពួក​គាត់។ ចំនួន​អ្នក​ប្រកប​មុខ​របរ​នេះ ចេះ​តែ​បាត់បង់ គឺ​ក្រោយ​ពេល​តម្លៃ​ហូល​កាន់​តែ​ធ្លាក់​ចុះ រីឯ​តម្លៃ​សូត្រ​កាន់​តែ​ឡើង​ខ្ពស់។

បញ្ហា​នេះ ធ្វើ​ឲ្យ​អ្នក​ស្រុក​មួយ​ចំនួន​នាំ​គ្នា​ចំណាក​ស្រុក​ជា​ហូរហែ ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ​ជំនួស​ឲ្យ​មុខ​របរ​ប្រពៃណី​របស់​ពួក​គាត់។ អ្នក​ភូមិ​មួយ​ចំនួន​បារម្ភ​ថា មុខ​របរ​តម្បាញ​នេះ នឹង​អាច​បាត់បង់​នៅ​ថ្ងៃ​ខាង​មុខ​មិន​ខាន ប្រសិន​បើ​រាជ​រដ្ឋាភិបាល​នៅ​តែ​ព្រងើយ​កន្តើយ​ទៀត​នោះ។

ស្នូរ​កី​តម្បាញ​ហូល​ដែល​ចេញ​ពី​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​ល្វេ គឺ​ជា​ស្នូរ​បង្ហាញ​ពី​មុខ​របរ​ប្រពៃណី​របស់​អ្នក​ស្រុក ដែល​ពួក​គាត់​បាន​ថែរក្សា​បន្ត​ពី​ដូនតា​របស់​ពួក​គេ​មក។

«សំឡេង​ស្នូរ​កី​តម្បាញ»

ស្នូរ​កី​តម្បាញ​ដែល​អ្នក​ស្រុក​អះអាង​ថា ពី​មុន​មក​ធ្លាប់​ឮ​ស្ទើរ​តែ​គ្រប់​ផ្ទះ​នោះ ចាប់​ផ្ដើម​ថយ​ចុះ​បន្តិច​ម្តងៗ ដោយសារ​តម្លៃ​កាន់​តែ​ធ្លាក់​ចុះ​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ឧបករណ៍​តម្បាញ​ខ្លះ​គេ​ទុក​ចោល ចំណែក​ពលរដ្ឋ​នាំ​គ្នា​ចំណាក​ស្រុក ជាដើម។

ពលរដ្ឋ​នៅ​ភូមិ​ព្រែកចង្ក្រាន មួយ​រូប លោកស្រី សេក អៃ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ភូមិ​លោកស្រី​បច្ចុប្បន្ន គឺ​មាន​អ្នក​ភូមិ​ប្រមាណ ៣០​ភាគរយ​ប៉ុណ្ណោះ​ដែល​នាំ​គ្នា​ប្រកប​មុខ​របរ​តម្បាញ​ហូល​ផាមួង​នេះ ហើយ​មាន​អ្នក​ស្រុក​ជាច្រើន​នាំ​គ្នា​ទៅ​រក​ការងារ​នៅ​ឆ្ងាយៗ​ពី​ស្រុក​កំណើត ពិសេស​ទៅ​ក្រៅ​ប្រទេស​តែ​ម្តង។ លោកស្រី​រៀបរាប់​ពី​មូលហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ជាច្រើន​បោះបង់​មុខ​របរ​នេះ​ចោល ពីព្រោះ​តម្លៃ​សូត្រ​បច្ចុប្បន្ន​កាន់​តែ​ឡើង​ខ្ពស់ រីឯ​តម្លៃ​ហូល​លក់​ចេញ​វិញ គឺ​កាន់​តែ​ធ្លាក់ចុះ៖ «ហូល​ហ្នឹង​វា​ចេះ​តែ​ចុះ​ថ្លៃ សូត្រ​ហ្នឹង​វា​ឡើង​ថ្លៃ ហើយ​ខ្ញុំ​ត្បាញ​យូរៗ​ទៅ វា​អស់​ទាំង​កម្លាំង​កាយ​កម្លាំង​ចិត្ត​ទៀត។ សព្វថ្ងៃ​ភ័យ​ព្រួយ​ខ្លាច​អត់​លុយ​ឲ្យ​កូន​ទៅ​រៀន»។

ប្រភព​ដដែល​និយាយ​ទៀត​ថា តម្លៃ​ហូល​ចុះ​ថោក គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក។ លោកស្រី​ថា កាល​ពី​មុន ពួក​គាត់​អាច​លក់​ហូល​ក្នុង​មួយ​ក្បិន​មាន​តម្លៃ ៧០​ដុល្លារ​ទៅ ៨០​ដុល្លារ ឬ​ស្មើ​ប្រមាណ ៣០​ម៉ឺន​រៀល ប៉ុន្តែ​បច្ចុប្បន្ន គឺ​លក់​ចេញ​បាន​តម្លៃ​ចន្លោះ​ពី ៨​ម៉ឺន​រៀល​ទៅ ១៦​ម៉ឺន​រៀល ឬ​ចន្លោះ​ពី ២០​ដុល្លារ​ទៅ ៤០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ក្បិន។ លើស​ពី​នេះ នៅ​ពេល​ហូល​មាន​តម្លៃ​ខ្ពស់ កាលណោះ​តម្លៃ​សរសៃ​សូត្រ​មាន​តម្លៃ​ថោក។ លោកស្រី​រំឭក​ថា ពេល​នោះ​តម្លៃ​សរសៃ​សូត្រ​មួយ​ដុំ​ដែល​មាន​ទម្ងន់ ២​គីឡូក្រាម មាន​តម្លៃ ៤០​ដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន​ឡើង​ថ្លៃ​ជិត ១០០​ដុល្លារ​ក្នុង​មួយ​ដុំ។

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត គឺ​លោកស្រី យ៉ែន ថារី ឲ្យ​ដឹង​ថា ហូល​ក្នុង​មួយ​កី​មាន​ចំនួន ១៧​ក្បិន ហើយ​ក្នុង​មួយ​ក្បិន​មាន​ចំនួន ២​សំពត់។ លោកស្រី​បញ្ជាក់​ថា ក្នុង​មួយ​កីៗ​ពួក​គាត់​អាច​ប្រើ​រយៈពេល​ពី ៣ ទៅ ៤​ខែ​ចំពោះ​អ្នក​ដែល​ត្បាញ​រហ័ស ហើយ​អង្គុយ​ត្បាញ​ជាប់ ប៉ុន្តែ​សម្រាប់​អ្នក​ត្បាញ​យឺត​វិញ ពួក​គាត់​ត្រូវ​ចំណាយ​ពេល​ពី ៦​ខែ​ទៅ ៧​ខែ​ទើប​រួច។ ស្ត្រី​រូប​នេះ​បារម្ភ​ថា ប្រសិន​បើ​តម្លៃ​នៅ​តែ​ធ្លាក់​ចុះ​បែប​នេះ ក្មេង​ជំនាន់​ក្រោយ​ប្រហែល​ជា​មិន​បាន​ស្គាល់​មុខ​របរ​ប្រពៃណី​មួយ​នេះ​ទៀត​ទេ ហើយ​ការ​ចំណាក​ស្រុក​នឹង​កើត​មាន​បន្ត​ទៀត។ ប៉ុន្តែ​លោកស្រី​យល់​ថា ប្រសិន​តម្លៃ​ហូល​ចាប់​ផ្ដើម​ឡើង​ថ្លៃ​ខ្ពស់​វិញ ប្រជាពលរដ្ឋ​ចំណាក​ស្រុក​នឹង​អាច​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ជាក់​ជា​មិន​ខាន៖ «ប៉ះពាល់​ជីវភាព ថ្ងៃ​ក្រោយ​ទៅ កូន​ចៅ​នឹង​មិន​ដឹង​ស្គាល់​តម្បាញ​ហ្នឹង​ឬ​អត់? ថ្ងៃ​ក្រោយ​ប្រហែល​ជា​មិន​ស្គាល់​ទេ​មើល​ទៅ អត់​ពី​ចាស់ៗ​ទៅ»។

ភូមិ​ព្រែកចង្ក្រាន គឺ​ជា​ភូមិ​មួយ​ដែល​ធ្លាប់​ល្បីល្បាញ​កាល​ពី​ដើម​មក ពីព្រោះ​តែ​មុខ​របរ​តម្បាញ​ហូល​ផាមួង។ អ្នក​ភូមិ​ដែល​មាន​កូន​ស្រី កម្រ​នឹង​បាន​ចេញ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​ណាស់ ដោយសារ​មាន​មុខ​របរ​ប្រចាំ​ត្រកូល​របស់​ខ្លួន ប៉ុន្តែ​ក្រោយ​ពេល​តម្លៃ​ហូល​ធ្លាក់​ចុះ កូន​ស្រី​របស់​អ្នក​ភូមិ​ជាច្រើន​ចាប់​ផ្ដើម​នាំ​គ្នា​ចំណាក​ស្រុក។

រូប​សំណាក​ស្ត្រី​កំពុង​តម្បាញ​ហូល និង​រវៃ​សូត្រ​នៅ​ទី​រួម​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Saut Sokprathna RFA/Saut Sokprathna

អ្នក​ភូមិ​មួយ​រូប​ទៀត លោកស្រី ហោ ណារុំ បញ្ជាក់​ថា លោកស្រី​រីករាយ​ដែល​បាន​បន្ត​មុខ​របរ​ប្រពៃណី​ពី​ដូនតា​មក ពីព្រោះ​វា​ជា​ផ្នែក​មួយ​ដើម្បី​រក្សា​អត្តសញ្ញាណ​របស់​ជាតិ​ផង ប៉ុន្តែ​លោកស្រី​មិន​សប្បាយ​ចិត្ត​ឡើយ ក្រោយ​ពេល​តម្លៃ​ហូល​ធ្លាក់​ចុះ​ខ្លាំង ម្យ៉ាង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​ការ​ដោះស្រាយ​ជូន​ពួក​គាត់​ទេ បើ​ទោះ​បី​ជា​ពលរដ្ឋ​ធ្លាប់​បាន​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ៖ «និយាយ​មួយ​ចំណុច​ហ្នឹង គឺ​មិន​សប្បាយ​ចិត្ត​ទេ​លោកគ្រូ! គឺ​ពិបាក​ចិត្ត​ក្នុង​ការ​ធ្វើ ដូច​ថា​ធ្វើ​មិន​បាន​ហូប ខាត ហើយ​ទៅ​ជំពាក់​គេ»។

ឃុំ​ល្វេ មាន​ភូមិ​ចំនួន​១០ ហើយ​ភូមិ​ដែល​មាន​ពលរដ្ឋ​ប្រកប​មុខ​របរ​តម្បាញ​ហូល​ផាមួង​មាន​ចំនួន ៤​ភូមិ រួម​មាន​ភូមិ​ព្រែកចង្ក្រាន ភូមិ​ព្រែកតាកែ ភូមិ​ល្វេលើ និង​ភូមិ​ល្វេក្រោម។ ភូមិ​ទាំង​បួន​នេះ ក្នុង​មួយ​ភូមិៗ​អាច​មាន​ពលរដ្ឋ​ប្រមាណ ៥០០​គ្រួសារ​កំពុង​ប្រកប​មុខ​របរ​តម្បាញ​ហូល​ផាមួង។

ជំទប់​ទី​១ ឃុំ​ល្វេ លោក ឈន់ ឈឿន មាន​ប្រសាសន៍​ថា ចំនួន​អ្នក​ប្រកប​មុខ​របរ​នេះ​ពិត​ជា​មាន​ការ​ធ្លាក់​ចុះ​ប្រាកដ​មែន។ លោក​កត់​សម្គាល់​ថា ដោយសារ​បញ្ហា​តម្លៃ​ធ្លាក់​ចុះ ធ្វើ​ឲ្យ​អ្នក​ភូមិ​ជាច្រើន​ចំណាក​ស្រុក ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ដែល​កំពុង​ប្រកប​មុខ​របរ​នេះ ភាគច្រើន​ជា​មនុស្ស​វ័យ​ចំណាស់ និង​ទាល់ មិន​អាច​ចេញ​ពី​ស្រុក​កំណើត​បាន​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា កន្លង​មក​អាជ្ញាធរ​បាន​បញ្ជូន​សំណើ​របស់​ពលរដ្ឋ​ទៅ​ថ្នាក់​លើ ហើយ​ឃើញ​មាន​មន្ត្រី​គម្រោង​ថ្នាក់​ជាតិ​ចុះ​មក​ជួប​ពលរដ្ឋ​ម្តង ប៉ុន្តែ​មិន​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ឡើយ។ ជំទប់​ឃុំ​រូប​នេះ​សោកស្ដាយ ប្រសិន​បើ​មុខ​របរ​តម្បាញ​ហូល​របស់​អ្នក​ស្រុក​ត្រូវ​បាន​បាត់បង់៖ «ប្រពៃណី​នៃ​ការ​ធ្វើ​ហូល​នេះ គឺ​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​នៅ​ក្នុង​ភូមិ​ល្វេ និង​ភូមិ​ព្រែកចង្ក្រាន នេះ។ អ៊ីចឹង​បាន​ថា​បើ​ការ​ដោះស្រាយ​ហ្នឹង​មិន​ទាន់​បាន​ទេ គឺ​យើង​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង»។

មុខ​របរ​តម្បាញ​ហូល​ផាមួង គឺ​ជា​អត្តសញ្ញាណ​របស់​អ្នក​ស្រុក​កោះសូទិន ពីព្រោះ​អាជ្ញាធរ​ស្រុក​ក៏​បាន​ធ្វើ​រូប​សំណាក​ស្ត្រី​បី​នាក់​អង្គុយ​តម្បាញ និង​រវៃ​សូត្រ​នៅ​ទី​រួម​ស្រុក​ថែម​ទៀត​ផង។

អ្នក​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក អ៊ុំ សុថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ មករា ថា លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ហូល និង​ការ​កើន​ឡើង​នៃ​តម្លៃ​សរសៃ​សូត្រ​នោះ​ទេ ពីព្រោះ​ពលរដ្ឋ​ធ្វើ​ឡើង​ជា​លក្ខណៈ​គ្រួសារ ខាង​ក្រសួង​មិន​បាន​គ្រប់គ្រង​ឡើយ ម្យ៉ាង​រឿង​តម្លៃ​ទំនិញ​គឺ​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម។ យ៉ាង​នេះ​ក្តី លោក​ថា​ប្រសិន​បើ​មាន​សំណើ​ពី​ពលរដ្ឋ​ជា​ផ្លូវ​ការ គឺ​ងាយ​ស្រួយ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ដោះស្រាយ ម្យ៉ាង​ពលរដ្ឋ​គប្បី​ចងក្រង​ជា​សមាគមន៍ ព្រោះ​អាច​មាន​ប្រសិទ្ធភាព​ជាង​ការ​លើក​ឡើង​ដាច់​ដោយឡែក​ពី​គ្នា៖ «ជុំវិញ​បញ្ហា​ហ្នឹង​មក​ដល់​យន្តការ​ដែល​រាជ​រដ្ឋាភិបាល​បាន​បង្កើត​ហើយ។ យន្តការ​នៃ​ក្រុម​ការងារ​ផ្នែក​កម្មន្តសាល សហគ្រាស​ធន់​តូច និង​មធ្យម​ជា​ដៃគូ​រវាង​វិស័យ​រដ្ឋាភិបាល និង​ឯកជន»។

រដ្ឋធម្មនុញ្ញ​មាត្រា​៦២ ចែង​ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិតផល ជាដើម។ រីឯ​មាត្រា​៦៣ ចែង​ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ ជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ។

ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​ចែង​យ៉ាង​នេះ​ក្តី ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​មើល​ឃើញ​ថា រាជ​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ជូន​កសិករ ឬ​សិប្បករ​ទាំងនោះ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង មើល​ឃើញ​ថា ស្ថាប័ន​របស់​រដ្ឋ​មាន​ច្រើន ប៉ុន្តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខ​របរ​ប្រពៃណី​របស់​ពលរដ្ឋ​ឲ្យ​បាន​ពេញលេញ​ឡើយ។ លោក​បញ្ជាក់​ថា មុខ​របរ​មួយ​នេះ គឺ​មាន​សារសំខាន់ ព្រោះ​វា​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជាតិ និង​ជា​ការ​ចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ ជាដើម៖ «ធាតុ​ប្លែក​នៃ​ស្រុក ឬ​ភូមិ​មួយៗ​ហ្នឹង​ហើយ ដែល​ជា​តម្លៃ​វប្បធម៌​ដ៏​ធំ​ណាស់​បាទ ដែល​មិន​អាច​កាត់​ផ្តាច់​បាន»។

លោក យង់ គិមអេង បន្ថែម​ថា មុខ​របរ​បែប​នេះ គឺ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​ទៀត​ផង ប្រសិន​បើ​រាជ​រដ្ឋាភិបាល​អាច​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ មាន​ទីផ្សារ​លក់ដូរ​ឲ្យ​បាន​ទូលំទូលាយ​ក្នុង​តម្លៃ​មួយ​សមរម្យ ដែល​ជួយ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​កាន់​តែ​ប្រសើរ ពិសេស​ទីផ្សារ​នៅ​ក្រៅ​ប្រទេស ជាដើម៕

RFA
ដោយ សូត សុខប្រាថ្នា

ក្រុម​អង្គការ​ជាង​៣០​ស្ថាប័ន​អំពាវនាវ​រក​យុត្តិធម៌​ជូន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ដែល​លង់​ទឹក​ស្លាប់

រូបថត​របស់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រីម៉ៅ កាល​ពី​៣​ឆ្នាំ​មុន។ Photo Provided



ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០​ស្ថាប័ន អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​រក​យុត្តិធម៌​ដល់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​មួយ​រូប ដែល​លង់​ទឹក​ស្លាប់​នៅ​ពេល​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដេញ​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ។ ក្រុម​អង្គការ​ទាំងនោះ​ចាត់​ទុក​ការ​បណ្ដែតបណ្ដោយ​មិន​រក​យុត្តិធម៌​សម្រាប់​ស្ត្រី​រងគ្រោះ នឹង​មាន​ឥទ្ធិពល​មិន​ល្អ​ដល់​សន្តិសុខ សុវត្ថិភាព យុត្តិធម៌ និង​សិទ្ធិ​របស់​ស្ត្រី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ជាមួយ​ពលរដ្ឋ​ប្រកប​ការងារ​ងាយ​រងគ្រោះ លើក​ឡើង​ថា នៅ​ពេល​ដែល​ស្ត្រី​នៅ​តែ​បន្ត​ប្រឈម​នឹង​ការ​រើសអើង ការ​មាក់ងាយ​នៅ​ក្នុង​សង្គម នឹង​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ និង​ការ​គំរាម​កំហែង​គ្រប់​រូបភាព​រហូត​ដល់​អ្នក​រងគ្រោះ​បាត់បង់​ជីវិត។

ក្រុម​ដដែល​នេះ​បាន​យក​ការ​ស្លាប់​របស់​នាង ប៉ែន សុគន្ធា ហៅ​ស្រី​ម៉ៅ គឺ​ជា​ករណី​ជាក់ស្ដែង​នៃ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី។

នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព ដែល​ឋិត​ក្នុង​ចំណោម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រួម​គ្នា​ចេញ​លិខិត​ចំហ មាន​ប្រសាសន៍​ថា ដ្បិត​តែ​នាង ប៉ែន សុគន្ធា ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ នាង​ក៏​ត្រូវ​ទទួល​បាន​កិច្ច​ការពារ​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​មួយ​រូប នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សច្ចាប័ន​លើ​បទដ្ឋាន​ច្បាប់​ដែល​គាំពារ​សិទ្ធិ​ស្ត្រី និង​ការពារ​ស្ត្រី​ពី​ការ​រើសអើង​នានា៖ «»។

នៅ​ក្នុង​លិខិត​ចំហ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​នោះ​រួម​មាន ក្រសួង​កិច្ចការ​នារី ក្រសួង​មហាផ្ទៃ សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល​ស្នើ​ថា ក្រសួង​កិច្ច​ការនារី អន្តរាគមន៍​តាម​ការ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ និង​គ្រួសារ។ ជាមួយ​គ្នា​នេះ ក៏​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ឲ្យ​អនុវត្ត​តាម​នីតិវិធី ដើម្បី​លើក​កម្ពស់​នីតិរដ្ឋ និង​លុប​បំបាត់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍។ លើស​ពី​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ដល់​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នានា សហការ ពង្រឹង​បន្ថែម​នូវ​យន្តការ និង​បរិយាកាស​គាំពារ​តម្លៃ និង​សិទ្ធិ​ស្ត្រី ដោយ​ផ្ដល់​សេវា​ផ្លូវ​ច្បាប់ សេវា​សុខភាព និង​សេវា​ចាំបាច់​មួយ​ចំនួន​ទៀត​ក្នុង​ន័យ​ទប់ស្កាត់ និង​ការពារ​ស្ត្រី​ពី​ការ​រើសអើង​ការ​មាក់ងាយ​ក្នុង​រូបភាព​ផ្សេងៗ។

ចំណែក​សំណើ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្រុម​នេះ​បាន​ស្នើ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​កង​សន្តិសុខ​ក្នុង​ការ​គំរាម​កំហែង ចុះ​បង្ក្រាប និង​ប្រើ​ហិង្សា​លើ​អ្នក​ប្រកប​របរ​ផ្លូវ​ភេទ និង​ស្ត្រី​ធ្វើ​ការ​តាម​គ្រឹះស្ថាន​សេវា​កម្សាន្ត​ក្រោម​រូបភាព​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់។

ឆ្លើយតប​នឹង​សំណើ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍​ថា កន្លង​ទៅ ក្រុម​សន្តិសុខ​ដែល​ជា​ប្រជា​ការពារ បាន​ជួយ​ច្រើន​ទៅ​ដល់​ការងារ​របស់​អាជ្ញាធរ​នៅ​តាម​ខណ្ឌ​នីមួយៗ៖ «»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​រំឭក​នៅ​ក្នុង​លិខិត​ចំហ​ថា ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មករា បាន​ដេញ​តាម​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ហើយ​ក្នុង​ពេល​នោះ មាន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់ គឺ​នាង ប៉ែន សុគន្ធា បាន​ធ្លាក់​ទឹក​នៅ​ម្ដុំ​ចំណត​ទូក​ទេសចរណ៍ ហើយ​នាង​បាន​លង់​ទឹក​ស្លាប់​ដោយ​សព​របស់​នាង​ត្រូវ​គេ​រក​ឃើញ​នៅ​ពីរ​ថ្ងៃ​បន្ទាប់។

អ្នក​នាំ​ពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍​ថា ក្រុម​សន្តិសុខ​ខណ្ឌ បាន​បំពេញ​តួនាទី​រក្សា​សណ្ដាប់ធ្នាប់​តាម​ធម្មតា ពុំ​មាន​អ្វី​ប្លែក​ទេ។ លោក​បន្ត​ថា ករណី​នេះ​ឋិត​ក្នុង​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​នៅ​ឡើយ៖ «»។

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦​នាក់ បាន​ស្នើ​តាម​រយៈ​ប្រធាន​សភា​ទៅ​ក្រសួង​ចំនួន​៣ ឲ្យ​ស្វែងរក​យុត្តិធម៌​ដល់​នាង ប៉ែន សុគន្ធា ក្នុង​នោះ​រួម​មាន​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ និង​ក្រសួង​កិច្ចការ​នារី។ ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា បាន​ចារ​បញ្ជូន​លិខិត​នោះ​ទៅ​ក្រសួង​ទាំង​៣ នោះ​រួច​រាល់​ហើយ​ដែរ។

ក្នុង​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រុម​អ្នក​តំណាងរាស្ត្រ​ស្នើ​ឲ្យ​សុំ​បង្កើត​គណៈកម្មការ​អព្យាក្រឹត ដើម្បី​រក​យុត្តិធម៌​ដល់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ប៉ែន សុគន្ធា។ ក្នុង​លិខិត​មួយ​ទៀត ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អន្តរាគមន៍​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​មាន​ការ​កសាង​សំណុំ​រឿង​ដែល​អាច​ឈាន​ទៅ​ចោទ​ប្រកាន់​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ។ ចំណែក​លិខិត​មួយ​ទៀត ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ជំរុញ​វិធានការ​ផ្លូវ​ច្បាប់​ក្នុង​ករណី​នេះ និង​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​បកស្រាយ​ពី​តួនាទី និង​ភារកិច្ច​របស់​ក្រុម​សន្តិសុខ។

ឆ្លើយតប​នឹង​លិខិត​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បាន​បញ្ជូន​លិខិត​នេះ​បន្ត​ទៅ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ពិនិត្យ​សំណុំ​រឿង​នេះ។

អ្នក​នាំ​ពាក្យ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ប្រាប់​អាស៊ីសេរី​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា ស្ថាប័ន​លោក​កំពុង​ពិនិត្យ និង​ចាត់ការ​លើ​សំណុំ​ឯកសារ​ទាំងនេះ​ហើយ។

ចំណែក​មន្ត្រី​នៅ​ក្រសួង​កិច្ចការ​នារី ក៏​ធ្លាប់​បញ្ជាក់​ថា ក្រសួង​មិន​បាន​មើល​រំលង​ករណី​នេះ​ដែរ។

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា រដ្ឋមន្ត្រី លោក ស ខេង បាន​ដាក់​បទបញ្ជា​ដល់​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ស្រាវជ្រាវ​ករណី​នេះ​ដើម្បី​ជូន​ដំណឹង​ត្រឡប់​ទៅ​រដ្ឋសភា​វិញ៖ «»។

ទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង រំពឹង​ថា ក្រសួង​ពាក់ព័ន្ធ​នឹង​ស្វែងរក​យុត្តិធម៌​ជូន​នាង ប៉ែន សុគន្ធា។

នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព លើក​ឡើង​ទៀត​ថា ចំណុច​សំខាន់​ដែល​អ្នកស្រី​ចង់​ឃើញ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ការ​ស៊ើប​អង្កេត និង​ផ្ដល់​ព័ត៌មាន​ពិត​ដល់​សាធារណជន និង​ក្រុម​គ្រួសារ​នាង ប៉ែន សុគន្ធា៖ «»។

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រី​ម៉ៅ បាន​លង់​ទឹក​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មករា បន្ទាប់​ពី​នាង​បាន​រត់​គេច​ពី​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​ដេញ​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ក្នុង​បំណង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ម្ដុំ​សួនច្បារ​ខាង​ក្រោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ នៅ​ពេល​នោះ នាង ប៉ែន សុគន្ធា បាន​រត់​ទៅ​ដួល​បោក​នឹង​ទូក​ទេសចរណ៍ ហើយ​ធ្លាក់​ក្នុង​ទឹក​ទន្លេសាប។

អ្នក​នៅ​កន្លែង​កើត​ហេតុ​លើក​ឡើង​ថា សន្តិសុខ​បាន​ហាមប្រាម​មិន​ឲ្យ​មាន​អ្នក​ជួយ​នាង ប៉ែន សុគន្ធា ឡើយ។ សព​របស់​នាង ត្រូវ​គេ​រក​ឃើញ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ សុគន្ធា បាន​បន្សល់​ទុក​កូន​ប្រុស​ពិការ​មាន​អាយុ ៦​ឆ្នាំ​ម្នាក់៕

RFA
ដោយ សុ ជីវី

​ចិន​៖ គម្រោង​ខែល​ការពារជាតិ THAAD អាមេរិក​នៅ​កូរ៉េខាងត្បូង ធ្វើ​ឲ្យ​អស្ថិរភាព​ឧបទ្វីប​កូរ៉េ​



បើទោះបីជា​ក្រុង​វ៉ាស៊ីនតោន បាន​អះអាង​ហើយ​ថា​ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល THAAD នៅ​កូរ៉េខាងត្បូង ដើម្បី​តបត និង​ប្រឆាំង​កូរ៉េខាងជើង​តែមួយគត់​ក៏ដោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិន​សុខចិត្ត​ឡើយ​។ ក្រុង​ប៉េកាំង បានបង្ហាញ​គោលជំហរ​ជំទាស់​ជាថ្មី និង​ចាត់ទុក​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ​ធុន​ធំ​នោះ ថា​ជាការ​បំផ្លាញ​សន្តិសុខ​នៅក្នុង​តំបន់​។

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថ្មី លោក James Mattis នៅ​ថ្ងៃទី​០២ កុម្ភៈ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងត្បូង​ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​ការពារជាតិ​នៃ​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី Donald Trump​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​ជំហរ​មិន​ប្រែប្រួល​របស់​អាមេរិក​ម​ក​កាន់​ឧបទ្វីប​កូរ៉េ និង​ការការពារ​សម្ព័ន្ធមិត្ត​របស់ខ្លួន តាមរយៈ​គោលនយោបាយ​ប្រឆាំងនឹង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។

​ជាងនេះទៅទៀត​នោះ ប្រមុខ​ការពារជាតិ​ដែល​ទើប​ស្បថ​កាន់តំណែង​រូបនេះ ថែមទាំង​ផ្ញើ​សារ​ដល់​ប្រទេស​ក្នុង​តំបន់ ដែល​តែងតែ​បារម្ភ​ពី​វត្តមាន​របស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​ទៀតផង​។ «​ខែល​ការពារ​មី​ស៊ី​ល THAAD គឺ​សម្រាប់តែ​ការពារ​ប្រជាជន​នៃ​សម្ព័ន្ធមិត្ត​របស់​យើង និង​ទាហាន​របស់​យើង ដែល​បាន​ប្តេជ្ញាចិត្ត​ចំពោះ​កិច្ចការ​ការពារ​របស់​ពួកគេ ហើយ​ប្រសិនបើ​កូរ៉េខាងជើង មិន​បង្ហាញ​ពី​ឥរិយាបថ​បង្ករឿង​នោះទេ យើង ក៏​មិន​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នៅ​ទីនោះ​ផងដែរ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​រដ្ឋមន្ត្រី​ការពារជាតិ James Mattis​។

​លោក​រដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​សង្កត់ធ្ងន់​ទៀតថា ប្រទេស​ដទៃ​ផ្សេងទៀត មិនចាំបាច់​ព្រួយបារម្ភ​អំពី​ខែល​ការពារ​មី​ស៊ី​ល​នេះឡើយ ដ្បិត​ខែល​នោះ បំពាក់​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​កូរ៉េខាងជើង​ប៉ុណ្ណោះ​។​

​មិន​ខុសពី​ពេលមុន​ឡើយ ក្រុង​ប៉េកាំង បាន​ប្រតិកម្ម​ខ្លាំង​ពី​ការ​ផែនការ​ដំឡើង​នេះ​។ ក្រុង​ប៉េកាំង តាមរយៈ​អ្នកនាំពាក្យ​ក្រសួង​បរទេស​ចិន នៅ​ថ្ងៃទី ០៣ កុម្ភៈ បាន​ហៅ​ផែនការ​នោះ ថា «​ជាការ​បំផ្លាញ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​សន្តិសុខ​នៃ​ប្រទេស​ក្នុង​តំបន់ ដែល​រាប់បញ្ចូល​ទាំង​ចិន និង​មិនមាន​ច​រិ​ក​លក្ខណៈ​ណាមួយ​ជួយ​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ​»​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ក៏បាន​សង្កត់ធ្ងន់​ទៀតថា​៖«​យើង​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ចប់​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ និង​បញ្ឈប់​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​»៕

ថ្មី​ៗ
អត្ថបទ : ទេព អ៊ីវិសាល

ចិន ក្តៅក្រហាយ​ខ្លាំង​នឹង​សេចក្តីថ្លែងការណ៍​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​រឿង​អធិបតេយ្យ​ប្រជុំ​កោះ​ជម្លោះ​ចិន​-​ជប៉ុន



រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​០៤ កុម្ភៈ បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កុំ​ឲ្យ​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​។ ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​នៃ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អះអាងថា តំបន់​វិវាទ​អធិបតេយ្យ​ដែល​ចិន និង​ជប៉ុន​បានទាមទារ​ត្រួតស៊ីគ្នា​នោះ ស្ថិតក្រោម​កិច្ចព្រមព្រៀង​ការពារ​រ​វាង​អាមេរិក និង​ជប៉ុន​។

« ខ្ញុំ បាន​និយាយ​ច្បាស់​ហើយ​ថា គោលនយោបាយ​របស់​យើង​មិន​ប្រែប្រួល​ឡើយ​ចំពោះ​តំបន់​កោះ Senkaku ... អាមេរិក បន្ត​ទទួលស្គាល់​បណ្តុំ​កោះ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​របស់​ជប៉ុន ក៏ដូចជា​ប្រការ​ប្រាំ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក James Mattis នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​០៤ កុម្ភៈ ជាមួយនឹង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោកស្រី Tomomi Inada​។

​ប្រការ​ប្រាំ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន បាន​បញ្ញត្តិ​ថា អាមេរិក នឹង​ការពារ​អធិបតេយ្យ​ក្រោម​រដ្ឋបាល​របស់​ជប៉ុន ដែល​រាប់បញ្ចូល​ទាំង​បណ្តុំ​កោះ Senkaku ដែល​ចិន បាន​ហៅថា Diaoyu និង​ទាមទារ​ផងដែរ​នោះ​។

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ ប្រាកដ​ណាស់​ថា ធ្វើ​ឲ្យ​ចិន មិន​សប្បាយ​ចិន​ឡើយ​។ « ប្រជុំ​កោះ Diaoyu និង​តំបន់​ក្បែរ​នោះ គឺជា​ផ្នែក​មួយ​នៃ​អធិបតេយ្យ​ចិន​តាំងពី​យូរយា​ណាស់់​មកហើយ​។ ហើយ​នេះ ក៏​ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិនមាន​ការប្រែប្រួល​ផងដែរ​។​» នេះ គឺជា​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អាមេរិក​។

​អ្នកនាំពាក្យ​រូបនេះ បាន​បន្តទៀតថា​យ៉ាង​ដូច្នេះ​ថា​៖« យើង ទទូច​ឲ្យ​ភាគី​អាមេរិក​មាន​ឥរិយាបថ​ទទួលខុសត្រូវ បញ្ឈប់​ការធ្វើ​អត្ថាធិប្បាយ​ខុស និង​ចៀស​ឲ្យ​បាន​ការធ្វើ​ឲ្យ​បញ្ហា​កាន់​ស្មុគស្មាញ និង​បង្ក​ជា​អស្ថិរភាព​នៅក្នុង​តំបន់​»​។

​សូម​ជម្រាប​ផងដែរ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​អាមេរិក James Mattis នៅ​សប្តាហ៍​នេះ បាន​បំពេញ​ទស្សនកិច្ច​មកកាន់​កូរ៉េខាងត្បូង និង​ជប៉ុន ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​ការពារជាតិ​ថ្មី​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រមុខ​ការពារជាតិ​រូបនេះ ដើម្បី​បង្ហាញ​ពី​ជំហរ​មិន​ប្រែប្រួល​របស់​អាមេរិក​ម​ក​កាន់​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ខ្លួន​គឺ ជប៉ុន និង​កូរ៉េខាងត្បូង​។

​អ្វី​គួរកត់សម្គាល់​នោះ ក្នុង​វត្តមាន​របស់លោក​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែលជា​ចំណត​ទីមួយ​នៃ​ដំណើរ​ទស្សនកិច្ច​នោះ បានធ្វើ​ឲ្យ​ចិន ក្តៅក្រហាយ​ម្តង​រួចទៅហើយ​។ ក្តៅក្រហាយ​នោះ ក៏​ព្រោះតែ ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ លោក​ប្រមុខ​ការពារជាតិ បាន​អះអាង​ជាថ្មី​ថា នឹង​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​នៅក្នុង​ឆ្នាំនេះ​។ កន្លងមក ចិន តែងតែ​បង្ហាញ​ជំហរ​ជំទាស់​ដាច់ខាត​ក្នុង​ការដំឡើង​ប្រព័ន្ធ​ការពារ​នោះ ដ្បិត ចិន យល់ឃើញថា វា បំផ្លាញ​សន្តិសុខ​នៅក្នុង​តំបន់ និង​ផលប្រយោន​ជ៍​សន្តិសុខ​របស់​ចិន​តែម្តង​៕

ថ្មិ​ៗ
អត្ថបទ : ទេព អ៊ីវិសាល

ឯ​.​ឧ កឹម សុខា​៖ ធម្មតា​នយោបាយ​តែង​ក្តៅ ឬ​ត្រជាក់​តាម​កាលៈទេសៈ​



​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា បាន​ថ្លែង​សារ​នយោបាយ​នៅថ្ងៃនេះ ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ប្រមុខ​បក្សប្រឆាំង​រូបនេះ មានប្រសាសន៍ថា ស្ថានការណ៍​នយោបាយ​ក្តៅ ឬ​ត្រជាក់​ទៅតាម​កាលៈទេសៈ​ជា​រឿង​ធម្មតា​ទេ​។

«​ជាធម្មតា​នយោបាយ​តែងតែ​ក្ដៅ ឬ ត្រជាក់​តាម​កាលៈទេសៈ​»​។ នេះ​ជា​សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ក្នុងពេលដែល​ប្រធានស្តីទី​គណបក្សប្រឆាំង​រូបនេះ ជួប​ជាមួយ​មន្ត្រី​មូលដ្ឋាន​បក្ស​ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃអាទិត្យ​នេះ​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឯកឧត្តម កឹម សុខា បញ្ជាក់​យ៉ាងនេះ​ទៀតថា​៖«​ក៏ប៉ុន្ដែ​តាម​ការឆ្លងកាត់​ក្នុង​ភ្លើង​នយោបាយ​ជាង​២០​ឆ្នាំ​របស់ខ្ញុំ ខ្ញុំ​យល់ឃើញថា ដើម្បី​អាចធ្វើ​ដំណើរ​ទៅមុខ ឲ្យ​ដល់​គោលដៅ​របស់​យើង​បាន យើង​មិនគួរ​លូកដៃ​លេង​ភ្លើង​ដែល​គេ​បង្កាត់​នោះទេ​។ យើង​ត្រូវ​រក​ឫសគល់​នៃ​បញ្ហា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា ដោយ​ខ្លួន​យើង​ប្រសើរ​ជាង​»​។​

​ជាមួយគ្នានេះ ឯកឧត្តម កឹម សុខា បន្ត​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ​មានជំនឿថា ដំណោះស្រាយ​បញ្ហា​ក្នុង​គណបក្សនយោបាយ ក៏ដូចជា​ប្រទេសជាតិ​ដែរ ទោះបី​ជាមាន​អ្នកដទៃ​ជួយ​ពី​ខាងក្រៅ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​ខ្មែរ និង​ខ្មែរ ត្រូវតែ​និយាយ​គ្នា និង​រួបរួមគ្នា​ដោះស្រាយ​បញ្ហា ដែលជា​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​»​។​

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា បែបនេះ បន្ទាប់ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ហាក់​ឡើងក​ម្តៅ​ឡើងវិញ​។ ឯកឧត្តម កឹម សុខា ត្រូវបាន​រដ្ឋសភា ដកតំណែង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភា​គតិ​ត លែងមាន​សិទ្ធិ​ចរចា​ជាមួយ​នាយករដ្ឋមន្ត្រី​។ ជាងនេះទៅទៀត សម្តេច ហ៊ុន សែន គ្រោង​ស្នើ​ឲ្យ​បន្ថែម​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​ដាក់ទោស​ទណ្ឌ​ឲ្យ​ធ្ងន់​ទៅលើ​មេដឹកនាំ​បក្សនយោបាយ​ដែល​ធ្វើ​ខុសច្បាប់​៕

ថ្មី​ៗ
អត្ថបទ : រុង រឿង

កងពល​លេខ​៣​បំបាក់​កង​អង្គរក្ស​៣​សិត​ទល់​សូន្យ មុន​វិសាខា​យកឈ្នះ​កំពង់ចាម​៣​សិត​១



ក្រុម​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​បំបាក់​ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ក្នុង​លទ្ធផល​៣​សិត​ទល់នឹង​សូន្យ រីឯ​ក្រុម​បាល់ទះ​វិសាខា​បាន​យកឈ្នះ​ក្រុម​សាលាខេត្ត​កំពង់ចាម​ក្នុង​លទ្ធផល​៣​សិត​ទល់នឹង​១ នា​ការប្រកួត​បាល់ទះ​ដណ្តើមពាន​រង្វាន់​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧ កាលពី​ថ្ងៃ សៅ​រិ៍​។​

នា​ការប្រកួត​បាល់ទះ​វគ្គ​ជម្រុះ​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៧(Volleyball Cambodian League 2017) នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​យកឈ្នះ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​៣​សិត​ទល់នឹង​សូន្យ​។ ក្នុងនោះ​សិត​ទី​១​កងពលធំ​អន្តរា​គន៍​លេខ​៣​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២៥-១៨, សិត​ទី​២(២៥-១៦) និង​សិត​ទី​៣(២៥-២១)​។​

​ចំណែក​ក្រុម​បាល់ទះ​វិសាខា​បាន​យកឈ្នះ​ក្រុម​សាលាខេត្ត​កំពង់ចាម​៣​សិត​ទល់នឹង​១ ដោយ​សិត​ទី​ក្រុម​វិសាខា​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២៥-២៣ រីឯ​សិត​ទី​២​ក្រុម​សាលាខេត្ត​កំពង់ចាម​បាន​យកឈ្នះ​វិសាខា ២៥-២១ ខណៈ​សិត​ទី​៣​វិសាខា​បាន​យកឈ្នះ​វិញ​ក្នុង​លទ្ធផល ២៥-១៤ និង​បន្ត​ឈ្នះ ២៧-២៥ ក្នុង​សិត​ទី​៤​ជា​សិត​ជ័យជម្នះ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

មេបញ្ជាការកងទ័ពអ៉ីរ៉ង់៖ យើងនឹង​ប្រើមីស៊ីល​បាញ់បំបែក​ក្បាល​សត្រូវ​របស់យើង !​



(​តេហេរ៉ង់)៖ មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបានសហរដ្ឋអាមេរិកទះមួយកំផ្លៀង តាមរយៈការដាក់ទណ្ឌកម្មថ្មីបន្ថែម កងកម្លាំង ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានដឹកនាំ ការធ្វើសមយុទ្ធ យោធាបាញ់គ្រាប់មីស៊ីលនៅក្នុងខេត្ត Semn​an។ មិនតែប៉ុណ្ណោះមេបញ្ជាការកងទ័ពអ៉ីរ៉ង់ លោក អាមៀ អាលីហាជីសាដេស (Amir Ali Hajizadeh) ​ក៏បានព្រមានដែរថា ទីក្រុងតេហេរ៉ង់ នឹងប្រើប្រាស់មីស៊ីលទាំងនេះ បាញ់បំបែកក្បាលសត្រូវ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន អ៊ីរ៉ង់ Tasnim ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៥​ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim បើទោះជាលោក អាមៀ មិនបានបញ្ជាក់ថា សត្រូវនោះជានរណាឱ្យប្រាកដក៏ដោយ ក៏ប៉ុន្តែការធ្វើសមយុទ្ធយោធា កាលពីថ្ងៃសៅរ៍ ត្រូវបានធ្វើឡើងភ្លាមៗ ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចដាក់ទណ្ឌកម្មថ្ មីប្រឆាំងនឹងអ៊ីរ៉ង់ សម្រាប់ការបាញ់សាកល្បងមីស៊ីលផ្លោង នាពេលថ្មីៗនេះ​ ហើយម្យ៉ាងវិញទៀត សត្រូវដ៏ធំនៅក្នុងកែវភ្នែក មេដឹកនាំអ៊ីរ៉ង់ ក៏គ្មាននរណាផ្សេងក្រៅពីសហរដ្ឋអាមេរិកនោះដែរ។ «បើសិនជាសត្រូវប្រព្រឹត្ត កំហុសឆ្គងនោះមីស៊ីល របស់យើង នឹងបាញ់បំបែកក្បាលរបស់ពួកគេ» នេះគឺជាសម្ដីរបស់មេបញ្ជាការកងទ័ពរបស់អ៉ឺរ៉ង់។

កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ អ៉ីរ៉ង់បានដឹកនាំការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យម ២២៥គីឡូម៉ែត្រ ពីទីក្រុង តេហេរ៉ង់ រីឯរដ្ឋមន្ត្រីការពារ ជាតិអ៊ីរ៉ង់លោក ហូសេន ដែសហាន់ (Hossein Dehghan) ក៏បានអះអាងផងដែរពីភាពជោគជ័យ នៃការបាញ់សាកល្បងនេះ។ តែជាការឆ្លើយតប សហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្មថ្មី បន្ថែមប្រឆាំងនឹង បុគ្គល១៣រូប ព្រមទាំងក្រុមហ៊ុនចំនួន១២ មានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់ លីបង់ ចិន និងសហភាពអេមីរ៉ាតអារ៉ាប់ រួម សម្រាប់ការបាញ់ សាកល្បងមីស៊ីលផ្លោង និងការគំាទ្រក្រុមឧទ្ទាមហេសប៊ូលឡា ដែលត្រូវបានទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថាជាអង្គការភេរវករ៕

Fresh News

ពលរដ្ឋរស់នៅស្របច្បាប់លើដី ក្នុងឃុំតេជោអភិវឌ្ឍន៍ ចេញមុខគាំទ្រចំណាត់ការរបស់អាជ្ញាធរខេត្ត ក្រោយចាប់ខ្លួនសមាជិកលោក ខឹម វាសនា ទាំង១៣នាក់



(កំពត)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅលើដីស្របច្បាប់ ក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បានចេញមុខគាំទ្រនូវចំណាត់ការរបស់អាជ្ញាធរខេត្តកំពត ហើយថាការចាប់បក្ខពួក១៣នាក់ របស់​លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់ទោសតាមច្បាប់នោះ គឺជារឿងត្រឹមត្រូវ។

ពលរដ្ឋបានលើកឡើងយ៉ាងដូច្នេះថា «គាំទ្រការអនុវត្តច្បាប់របស់ក្រុមការងារថ្នាក់ខេត្ត ការឈូសឆាយដីសម្បទាន សង្គមកិច្ចរបស់រដ្ឋ ស្ថិតនៅក្នុងភូមិតេជោក្បាលដំរី និងភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត»។

បើតាមបដារបស់ពលរដ្ឋ បានបន្ថែមថា «យើងខ្ញុំទាំងអស់គ្នា​ ជាប្រជាជនរងគ្រោះ នៅភូមិតេជោក្បាលដំរី និងភូមតេជោអន្លង់ក្មេងលេង សូមថ្លែងអំណរគុណ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត»។

សូមបញ្ជាក់ថា ការចេញមុខប្រកាសគាំទ្ររបស់ប្រជាពលរដ្ឋរងគ្រោះនេះ ធ្វើឡើងក្រោយអាជ្ញាធរខេត្តកំពត បាន​ឃាត់ខ្លួនសមាជិក ១៣នាក់ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា អំពីការ​ឈូសឆាយបំផ្លាញដំណាំប្រជាពលរដ្ឋ រំលោភយកដី នៅឃុំតេជោអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ហើយពេលនោះ មានសមាជិករបស់គណបក្សនេះ ប្រមាណជាង៥០០នាក់ បាននាំមកតវ៉ានៅមុខស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសុំឲ្យមានការដោះលែង ដោយចោទថាអាជ្ញាធរធ្វើបំពាន់ច្បាប់។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ប្រតិបត្តិការឃាត់ខ្លួនសមាជិក១៣នាក់រឿងដីធ្លីនោះ គឺធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់ ពោលគឺនៅពេលចុះឃាត់ខ្លួន កម្លាំងរបស់លោកបានទទួលបញ្ជាផ្ទាល់ពី លោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត និងលោក ចាន់ ចេស្ដា អភិបាលខេត្តកំពត ហើយមិនដូចអ្វីដែលជាការចោទប្រកាន់ថា អាជ្ញាធរបំពានច្បាប់នោះឡើយ។ លោកស្នងការបន្ថែមថា លោកក៏បានត្រៀមកម្លាំងរួចរាល់ ដើម្បីទប់ស្កាត់ចំពោះការតវ៉ា របស់សមាជិកគណបក្ស LDP។

ជាមួយគ្នានេះ លោក ស៊ឹម វុទ្ធា អភិបាលរងខេត្ត បានឲ្យដឹងថា ​កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ និងដោះស្រាយដីធ្លី ដែល​ប្រជាពលរដ្ឋ​ចំនួន០៦គ្រួសារ បានដាក់ពាក្យបណ្តឹងមកអាជ្ញាធរខេត្តកំពត ដើម្បីឲ្យខេត្តជួយដោះស្រាយ និងចាត់វិធានការ​បន្ទាន់ ចំពោះជនអនាធិបតេយ្យមួយក្រុម ដែលគេបានស្គាល់ថា ជាបក្ខពួក និងកូនចៅ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ដែលបានយកគ្រឿងចក្រ មកធ្វើសកម្មភាពឈូស
ឆាយដី និងដំណាំរបស់ពួកគាត់ទាំង៦គ្រួសារខាងលើ។

​ក្រុមការងារជំនាញ និងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ឃើញសកម្មភាពជាក់ស្តែងយ៉ាងដូច្នេះ ក៏សម្រេចឃាត់ខ្លួនជនសង្ស័យ ចំនួន១៣នាក់ ដែលបាននឹងកំពុងធ្វើសកម្មភាពឈូសឆាយ និងបម្រើការងារឲ្យម្ចាស់ដីម្នាក់ ជាប្រធានគណៈបក្ស ឈ្មោះ ខឹម វាសនា ដែលនៅពីក្រោយខ្នង នាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

Fresh News

ទីតាំង X-Ray នៅព្រលានយន្ដហោះភ្នំពេញ នៅតែបន្ដយឺតយ៉ាវ ខណៈមន្ដ្រីជំនាញបានត្រឹមតែចុះទៅពិនិត្យ ដោយគ្មានចំណាត់ការ



(ភ្នំពេញ)៖ ក្រោយពីមានការផ្សព្វផ្សាយថា អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតែបន្តរិះគន់ភាពយឺតយ៉ាវ កន្លែង X-Ray (ត្រួតពិនិត្យឥវ៉ាន់យួរដៃ) នាំឲ្យកកស្ទះរាល់​ថ្ងៃមុនឡើង​យន្តហោះ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧មានមន្ដ្រីថ្នាក់លើ បានចុះទៅពិនិត្យជាក់ស្ដែង ប៉ុន្ដែមិនមានចំណាត់ការអ្វីទាំងអស់។

នេះបើតាមមន្ដ្រីបម្រើការនៅព្រលានយ​ន្ដហោះអន្ដរជាតិភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាមួយគ្នានេះ ក្រុមភ្ញៀវជាតិ និងអន្ដរជាតិ ព្រមទាំងមន្ដ្រីពាក់ព័ន្ធនៅទីនោះ បានធ្វើការអំពាវនាវ ដល់ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល ក៏ដូចជានាយកព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មេត្តាជួយមានចំណាត់ចំពោះករណីនេះផង ដើម្បីកុំឲ្យបន្ដមានការថ្នាំថ្នាក់ ជាមួយភ្ញៀវបែបនេះបន្ដទៀត។​

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អ្នកដំណើរក៏បានសុំឲ្យអង្គភាព Fresh News ចុះផ្សាយពីភាពយឺតយ៉ាវទាំងនេះ ប៉ុន្តែរហូតមកដល់់ពេលនេះ ថ្នាក់ដឹកនាំព្រលានយន្តហោះ និងមន្រ្តីពាក់ព័ន្ធមិនទាន់មានដំណោះស្រាយ​នោះទេ ពោលនៅតែទុកបណ្តែតបណ្តោយ ឲ្យមានបញ្ហានេះកើតឡើងដដែល។

ជាថ្មីម្តងទៀត នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧​ ក្រុមភ្ញៀវដែលត្រូវធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតែមានសភាពយ៉ាងណែនណាប់ បានឈរតម្រង់ជួរគ្នា ដើម្បីឆ្លងកាត់ កន្លែង X-Ray ដោយសារតែបុគ្គលិកធ្វើការនៅទីនោះតិចពេក ហើយធ្វើឲ្យភ្ញៀវម្នាក់ៗ ក្រវីក្បាលគ្រប់ៗគ្នា ចំពោះការរង់ចាំ និងការធ្វើការមួយៗរបស់បុគ្គលិក។

ភ្ញៀវជនជាតិខ្មែរដែលត្រូវធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះ បាននិយាយថា មានភ្ញៀវជាច្រើននាក់ជាពិសេសបរទេសតែម្តង បានមករង់ចាំនៅកន្លែង X-Ray ក្រោយ Check-in រួច គឺយឺតយ៉ាវណាស់ ហើយបុគ្គលិក ក៏តិចទៀត Check ម្តងមួយៗ មិនដឹងពេលណាចប់ទេ ចឹងសូមឲ្យថ្នាក់ដឹកនាំ ដែលគ្រប់គ្រងនៅព្រលានយន្តហោះហ្នឹងជួយរកដំណោះស្រាយផង។

បើតាមអ្នកដំណើររូបនេះ បានបញ្ជាក់ថា បាតុភាពបែបនេះ បានកើតឡើងយូរថ្ងៃមកហើយ តែមិនទាន់ឃើញមានការដោះស្រាយទេ ដែលនាំឲ្យមានការរិះគន់ពីក្រុមភ្ញៀវយ៉ាងខ្លាំង ជាពិសេសនោះគឺប៉ះអារម្មណ៍ភ្ញៀវអន្តរជាតិតែម្តង៕

Fresh News

CMAC បង្ហាញហេតុផលជាក់ស្តែងចំនួន៣ ដែលមហាអំណាចអាមេរិក គួរខ្មាសអៀនជុំវិញការមិនទទួលខុសត្រូវ លើការទម្លាក់គ្រាប់បែកនៅកម្ពុជា !



(ភ្នំពេញ)៖ បញ្ហាបំណុលដែលកម្ពុជា ជំពាក់អាមេរិកនៅក្នុងទស្សវត្សន៍ទី៧០ បាននិងកំពុងក្លាយជាប្រធានបទក្តៅ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ ប្រធានបទក្តៅត្រង់ថា ពីមួយថ្ងៃទៅមួយថ្ងៃបំណុល ដែលប្រមុខរាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាត់ទុកថា «ជាបំណុលកខ្វក់» និង «បំណុលឈាម» នោះបានកើនឡើងជាលំដាប់។

បើតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ហើយគាំទ្រសហរដ្ឋអាមេរិក បានដកស្រង់សំដីរបស់ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាថា មកដល់ពេលនេះបំណុលដែលកម្ពុជាជំពាក់អាមរិក កាលពីជំនាន់ លន់ នល់ នោះពេលនេះកើនពី ២០០លានដុល្លារ ដល់ជិត៥០០លានដុល្លារ ហើយថា សហរដ្ឋអាមេរិក មិនដែលបានពិចារណាលុបបំណុលនេះចេញនោះឡើយ។

បន្ទាប់ពីថ្លែងអះអាងយ៉ាងដូច្នេះ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវក្តីសោកស្តាយ ដោយចាត់ទុកថា ជាការលើកឡើងដើម្បីបន្ថែមក្តីឈឺចាប់ ខ្លោចផ្សារបស់ប្រជាជនខ្មែរ និងជនរងគ្រោះ រួមទាំងជនពិការដោយសារគ្រាប់បែក របស់អាមេរិកប៉ុណ្ណោះ។

នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហាញហេតុផល ជាឧទាហរណ៍ជាក់ស្តែងចំនួន៣ ដែលសហរដ្ឋអាមេរិក គួរតែខ្មាសអៀន និងចេញមុខទទួលខុសត្រូវ ជុំវិញការទម្លាក់គ្រាប់បែក យ៉ាងសាហាវឃោឃៅ លើទឹកដីកម្ពុជា។ លោក ហេង រតនា បានដាក់ចំណងជើង អត្ថបទដែលលោកបានសរសេរថា «សំណល់ជាតិផ្ទុះពីសង្គ្រាម និងសោកដនាកម្មដោយសង្គ្រាម​ ជាមួយកាតព្វកិច្ចខាងសីលធម៌​ និងកាតព្វកិច្ចខាងផ្លូវច្បាប់​ (Morale and Legal Obligations) ៖​

ក្នុងចំណោមអនុសញ្ញាអន្តរជាតិ សំខាន់ចំនួន៣​គឺ​ ១៖ អនុសញ្ញាអន្តរជាតិ ស្តីពីហាមប្រើប្រាសមីនប្រឆាំងមនុស្ស​។ ២៖​ អនុសញ្ញាអន្តរជាតិ ហាមប្រើគ្រាប់បែកចង្កោម​ និង៣៖ ​អនុសញ្ញាអន្តរជាតិហាមប្រើអាវុធគីមី​។ កម្ពុជាបានក្លាយជារដ្ឋសមាជិក នៃអនុសញ្ញាអន្តរជាតិចំនួន២ គឺ​១៖​ អនុសញ្ញាគ្រាប់មីនប្រឆាំងមនុស្ស និងអនុសញ្ញាហាមប្រើអាវុធគីមី។

ការអនុវត្តកាតព្វកិច្ចផ្លូវសីលធម៌ និងផ្លូវច្បាប់ ចំពោះសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម និងសោកដនាកម្មសង្គ្រាម នៅតំបន់អាស៉ីនេះ មានជាឧទាហរណ៍ដូចជា៖​

១៖ ជប៉ុន​និងចិ​ន​៖​ កាលពីឆ្នាំ១៩៩៧ ជប៉ុនបានយល់ព្រមជាមួយចិន ​សងលើសោកដនាកម្ម​ដោយសារសង្គ្រាម ដោយសុំទោស និងចំណាយលើការ បោសសំអាតអាវុធគីមី ដែលជប៉ុនបានបង្កនៅស្រុកចិនទាំងស្រុង​ ដែលជប៉ុនបង្កឡើងតាំងពីឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៤៥។

ជប៉ុនបានឯកភាពផ្តល់ប្រាក់សំណង តាមរូបភាពជំនួយឥតសំណង ប្រមាណជិត២០០០លានដុល្លា​រឲ្យទៅចិន​ តែពេលនោះចិនប្រកែកមិនយកប្រាក់ ទាំងនោះទេ​ ដោយចិនតំរូវឱយជប៉ុនសុំទោស និងធ្វើការបោសសំអាតដីស្រុកចិន ឲ្យស្អាតធ្វើយ៉ាងឲ្យអស់គ្រាប់សំណល់ជាតិផ្ទុះ និងអាវុធគីមីដោយ កំលាំងជំនាញជប៉ុន​ សម្ភារបច្ចេកទេស និងការចំណាយជាបន្ទុក របស់ជប៉ុនផ្ទាល់តែម្តង។​

ជប៉ុនសន្យាធ្វើឲ្យចប់ជូនចិន នៅឆ្នាំ២០០៧ រួចហើយសុំពន្យារពេលដល់ឆ្នាំ២០១២​ ហើយបន្តសុំពន្យារពេលរហូតដល់ឆ្នាំ២០២២។​ ចិនមហាអំណាចនឹងខ្លាំង​ ដូចនេះនិយាយ និងធ្វើសមតាមបំណងជាមួយជប៉ុន។​ ដូចនេះជប៉ុនចំណាយមិនតិចកោតលានដុល្លាទេ ​សំរាប់បំពេញកាត្វកិច្ច ខាងសីលធម៌ និងកាត្វកិច្ចផ្លូវច្បាប់ ជូនប្រទេសនិងប្រជាជនចិន។

២៖​ ជប៉ុន និងកូរ៉េខាងត្បូង​៖​ ករណីស្ត្រីបំរើផ្លូវភេទក្នុងសង្គ្រាមលោកលើកទី២ ​ដោយសារប្រទេស និងប្រជាជនកូរ៉េខាងត្បូង តវ៉ាទាមទារឲ្យរដ្ឋាភិបាលជប៉ុន សុំទោស និងផ្តល់សំណងដល់ស្ត្រីបំរើផ្លូវភេទទាំងនោះ។ ជប៉ុនបានសំរេចសុំទោស និងផ្តល់សំណងចំនួន១ពាន់លានយ៉េន សំរាប់ជួយថែទាំស្ត្រីទាំងនោះ ដែលនៅមានជីវិតចំនួន៤៦នាក់។

៣៖​ ឡាវ និងអាមេរិក​៖​ អតីតប្រធានាធិបតីអាមេរិក​ អូប៉ាម៉ា​ នៅចុងឆ្នាំ​២០១៦ ​បានប្រកាសផ្តល់ជំនួយជាង៩០លានដុល្លារ សំរាប់រយៈពេល៣ឆ្នាំ ​២០១៧-២០១៩​ ដើម្បីគាំទ្រការងារស្រាវជ្រាវ និងបោសសំអាតគ្រាប់បែកចង្កោម នៅក្នុងប្រទេសឡាវ ដែលអាមេរិកទំលាក់ ក្នុងសម័យសង្គ្រាមឥណ្ឌូចិន។ ដោយទទួលស្គាល់ថា នេះជាទង្វើរបស់អាមេរិក បង្កឡើងលើប្រជាជនឡាវ ហើយនេះកាតព្វកិច្ចខាងសីលធម៌ដែលអាមេរិក។

សុំបញ្ជាក់ខ្លីថា​ ក្នុងសង្គ្រាមឥណ្ឌូចិន​កម្ពុជា​ វៀតណាម​ ឡាវនេះ​ ប្រជាជនឡាវស្លាប់ដោយសារការទំលាក់គ្រាប់បែក មានចំនួនប្រមាណ២ម៉ឺននាក់។ រឺឯកម្ពុជាត្រូវគ្រាប់ទំលាក់ចំស្លាប់ផ្ទាល់ មានចំនួនប្រមាណ​៥០ម៉ឺននាក់​។

សង្គ្រាមបានបង្កសោកដនាកម្ម និងបំផ្លិចបំផ្លាញគ្មានសល់ ទាំងរចនាសម្ពន្ធ័រូបវន្ត​ និងសង្គមមនុស្ស​ ដូចនេះហើយបានជានៅ ក្នុងអនុសញ្ញាអន្តរជាតិ​ គេបានឲ្យនិយមន័យ ជនរងគ្រោះដោយសារគ្រាប់ចង្កោមក្តី​ ដោយសារមីនក្តីថា​ «​ជាជន​ត្រូវបានសំលាប់​ បង្កឲ្យមានរបួសទាំងកាយ និងផ្លូវចិត្ត​ បែកបាក់សង្គមគ្រួសារ​ បាត់បង់សិទ្ធិជាដើម។ល។​ ដូចនេះកាត្វកិច្ចខាងសីលធម៌ និងកាត្វកិចខាងផ្លូវច្បាប់​ ត្រូវតែយកមកអនុវត្ត ប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព​ សំរាប់ដោះស្រាយវិបតិ្តក្រោយសង្គ្រាម។ ​ សូមកោតសរសើរថ្នាក់ដឹកនាំ និងប្រជាជនជប៉ុន​ ដែលមានសេចក្តីក្លាហាន ក្នុងការដោះស្រាយវិបតិ្តក្រោយសង្គ្រាម​ មិនមែនក្លាហាន តែក្នុងពេលធ្វើសង្គ្រាមនោះទេ»។

សូមជម្រាបថា បើតាមអគ្គនាយក CMAC លោក ហេង រតនា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕

Fresh News

ទីបំផុត ក្រុមហ៊ុនដាំអំពៅ​ នៅស្រុកឱរ៉ាល់សុខចិត្តចេញលុយ ២៤៥០ដុល្លារ សងម្ចាស់គោ ក្រោយបុគ្គលិករបស់ខ្លួនវាយសម្លាប់



(កំពង់ស្ពឺ)៖ ករណីបុគ្គលិកក្រុមហ៊ុនចំការអំពៅឈ្មោះជឿងនៅស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺវាយសម្លាប់គោអ្នកស្រុក ព្រោះតែ ខឹងគោចូលស៊ីអំពៅនោះ ត្រូវបានដោះស្រាយបញ្ចប់ហើយ ដោយក្រុមហ៊ុនសុខចិត្តចេញលុយសងទៅអោយប្រជាពលរដ្ឋ ជាម្ចាស់គោដើម្បីបញ្ចប់រឿង។

លោកមួង ធី អភិបាលស្រុកឱរ៉ាល់បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ឌនៅវេលាម៉ោង​៤រសៀលថ្ងៃទី​ ៥ ខែ​កុម្ភះ​ ឆ្នាំ​២០១៧នេះអោយដឹងថា ករណីនេះត្រូវបានដោះស្រាយបញ្ចប់ហើយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋជាម្ចាស់គោ កាលពីម្សិលមិញ(ថ្ងៃទី៤ មករា)បន្ទាប់មានការសម្របសម្រួលពីមន្ត្រីអាជ្ញាធរសមត្ថកិច្ចរបស់លោករួចមក។

លោកអភិបាលបាន អះអាងថាខាងក្រុមហ៊ុនបានសុខចិត្តសងលុយ ទៅអោយម្ចាស់គោទៅតាមតម្លៃ ដែលពួកគាត់ទាមទារសរុប ចំនួន​២៤៥០​ដុល្លារ ​អាមេរិក។ក្នុងនោះ​ម្ចាស់គោឈ្មោះសែម​ ម៊ឺន​ ទទួលបាន​សំណង៤៥០​ដុល្លារ​ ឈ្មោះអូក​ ណាង​ ទទួលបាន សំណង​ ៥០០​ដុល្លារ​ ម្ចាស់ឈ្មោះជា​ សាត​ទទួលបាន​សំណង៥០០​ដុល្លារ​ និង​ឈ្មោះបូ​ រឹម​ ទទួលបាន​សំណង៩៥០​ដុល្លារ​។​ បន្ទាប់​មកខាងក្រុមហ៊ុន ​និង​ប្រជាជន​ម្ចាស់គោ​បានធ្វើកិច្ចសន្យា បញ្ចប់រឿងឈប់ប្ដឹងផ្ដល់គ្នាតទៅ​ទៀត។​

គួរបញ្ជាក់ថា​ គោអ្នកស្រុកចំនួន៥ក្បាល ត្រូវបានបុគ្គលិកក្រុមហ៊ុនចំការអំពៅ នៅស្រុកឱរ៉ាល់វាយបណ្ដាល អោយងាប់៣ក្បាល របួស២ក្បាល ដោយក្រុមហ៊ុនចោទថាគោអ្នកស្រុកខាងលើ ចូលសុីអពៅរបស់ខ្លួន។ ក្រោយកើតករណីបែបនេះ ប្រជាពលរដ្ឋជា ម្ចាស់គោបាននាំគ្នាប្ដឹង ទាមទារសំណង និងបន្ទាប់ពីមានការអន្តរាគមន៏ ពីអភិបាលខេត្តកំពង់ស្ពឺអោយធ្វើការស្រាវជ្រាវ រកមុខអ្នក សំលាប់គោអ្នកស្រុករួចមករួចមក ទើបខាងក្រុមហ៊ុនចេញមុខ មកចរចាដោះស្រាយបញ្ចប់តាមរយៈការសម្របសម្រួល ពីមន្ត្រី អាជ្ញាមានសមត្ថកិច្ច៕

Fresh News
ចាស់​ជាង ទំព័រ​ដើម