រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃទី០៤ កុម្ភៈ បានព្រមានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កុំឲ្យធ្វើឲ្យមានអស្ថិរភាពនៅក្នុងតំបន់អាស៊ីបូព៌ា។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិថ្មីនៃរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា តំបន់វិវាទអធិបតេយ្យដែលចិន និងជប៉ុនបានទាមទារត្រួតស៊ីគ្នានោះ ស្ថិតក្រោមកិច្ចព្រមព្រៀងការពាររវាងអាមេរិក និងជប៉ុន។
« ខ្ញុំ បាននិយាយច្បាស់ហើយថា គោលនយោបាយរបស់យើងមិនប្រែប្រួលឡើយចំពោះតំបន់កោះ Senkaku ... អាមេរិក បន្តទទួលស្គាល់បណ្តុំកោះដែលគ្រប់គ្រងដោយរដ្ឋបាលរបស់ជប៉ុន ក៏ដូចជាប្រការប្រាំនៃសន្ធិសញ្ញាសម្ព័ន្ធមិត្តអាមេរិក-ជប៉ុន»។ នេះ គឺជាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី០៤ កុម្ភៈ ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី Tomomi Inada។
ប្រការប្រាំនៃសន្ធិសញ្ញាសម្ព័ន្ធមិត្តអាមេរិក-ជប៉ុន បានបញ្ញត្តិថា អាមេរិក នឹងការពារអធិបតេយ្យក្រោមរដ្ឋបាលរបស់ជប៉ុន ដែលរាប់បញ្ចូលទាំងបណ្តុំកោះ Senkaku ដែលចិន បានហៅថា Diaoyu និងទាមទារផងដែរនោះ។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិរូបនេះ ប្រាកដណាស់ថា ធ្វើឲ្យចិន មិនសប្បាយចិនឡើយ។ « ប្រជុំកោះ Diaoyu និងតំបន់ក្បែរនោះ គឺជាផ្នែកមួយនៃអធិបតេយ្យចិនតាំងពីយូរយាណាស់់មកហើយ។ ហើយនេះ ក៏ជារឿងប្រវត្តិសាស្ត្រមួយដែលមិនមានការប្រែប្រួលផងដែរ។» នេះ គឺជាសេចក្តីថ្លែងការណ៍ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang ទៅនឹងសេចក្តីថ្លែងការណ៍របស់អាមេរិក។
អ្នកនាំពាក្យរូបនេះ បានបន្តទៀតថាយ៉ាងដូច្នេះថា៖« យើង ទទូចឲ្យភាគីអាមេរិកមានឥរិយាបថទទួលខុសត្រូវ បញ្ឈប់ការធ្វើអត្ថាធិប្បាយខុស និងចៀសឲ្យបានការធ្វើឲ្យបញ្ហាកាន់ស្មុគស្មាញ និងបង្កជាអស្ថិរភាពនៅក្នុងតំបន់»។
សូមជម្រាបផងដែរ លោករដ្ឋមន្ត្រីការពារជាតិថ្មីអាមេរិក James Mattis នៅសប្តាហ៍នេះ បានបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងត្បូង និងជប៉ុន ជាលើកដំបូងក្នុងនាមជាប្រមុខការពារជាតិថ្មីនៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ដំណើរទស្សនកិច្ចរបស់លោកប្រមុខការពារជាតិរូបនេះ ដើម្បីបង្ហាញពីជំហរមិនប្រែប្រួលរបស់អាមេរិកមកកាន់សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនគឺ ជប៉ុន និងកូរ៉េខាងត្បូង។
អ្វីគួរកត់សម្គាល់នោះ ក្នុងវត្តមានរបស់លោកនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាចំណតទីមួយនៃដំណើរទស្សនកិច្ចនោះ បានធ្វើឲ្យចិន ក្តៅក្រហាយម្តងរួចទៅហើយ។ ក្តៅក្រហាយនោះ ក៏ព្រោះតែ ក្នុងពេលបំពេញទស្សនកិច្ចនៅទីនោះ លោកប្រមុខការពារជាតិ បានអះអាងជាថ្មីថា នឹងបំពាក់ប្រព័ន្ធការពារមីស៊ីល THAAD របស់អាមេរិក នៅក្នុងទឹកដីកូរ៉េខាងត្បូងនៅក្នុងឆ្នាំនេះ។ កន្លងមក ចិន តែងតែបង្ហាញជំហរជំទាស់ដាច់ខាតក្នុងការដំឡើងប្រព័ន្ធការពារនោះ ដ្បិត ចិន យល់ឃើញថា វា បំផ្លាញសន្តិសុខនៅក្នុងតំបន់ និងផលប្រយោនជ៍សន្តិសុខរបស់ចិនតែម្តង៕
ថ្មិៗ
អត្ថបទ : ទេព អ៊ីវិសាល
No comments:
Post a Comment