ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

ឯ​.​ឧ កឹម សុខា​៖ ធម្មតា​នយោបាយ​តែង​ក្តៅ ឬ​ត្រជាក់​តាម​កាលៈទេសៈ​



​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា បាន​ថ្លែង​សារ​នយោបាយ​នៅថ្ងៃនេះ ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ប្រមុខ​បក្សប្រឆាំង​រូបនេះ មានប្រសាសន៍ថា ស្ថានការណ៍​នយោបាយ​ក្តៅ ឬ​ត្រជាក់​ទៅតាម​កាលៈទេសៈ​ជា​រឿង​ធម្មតា​ទេ​។

«​ជាធម្មតា​នយោបាយ​តែងតែ​ក្ដៅ ឬ ត្រជាក់​តាម​កាលៈទេសៈ​»​។ នេះ​ជា​សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ក្នុងពេលដែល​ប្រធានស្តីទី​គណបក្សប្រឆាំង​រូបនេះ ជួប​ជាមួយ​មន្ត្រី​មូលដ្ឋាន​បក្ស​ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃអាទិត្យ​នេះ​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឯកឧត្តម កឹម សុខា បញ្ជាក់​យ៉ាងនេះ​ទៀតថា​៖«​ក៏ប៉ុន្ដែ​តាម​ការឆ្លងកាត់​ក្នុង​ភ្លើង​នយោបាយ​ជាង​២០​ឆ្នាំ​របស់ខ្ញុំ ខ្ញុំ​យល់ឃើញថា ដើម្បី​អាចធ្វើ​ដំណើរ​ទៅមុខ ឲ្យ​ដល់​គោលដៅ​របស់​យើង​បាន យើង​មិនគួរ​លូកដៃ​លេង​ភ្លើង​ដែល​គេ​បង្កាត់​នោះទេ​។ យើង​ត្រូវ​រក​ឫសគល់​នៃ​បញ្ហា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា ដោយ​ខ្លួន​យើង​ប្រសើរ​ជាង​»​។​

​ជាមួយគ្នានេះ ឯកឧត្តម កឹម សុខា បន្ត​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ​មានជំនឿថា ដំណោះស្រាយ​បញ្ហា​ក្នុង​គណបក្សនយោបាយ ក៏ដូចជា​ប្រទេសជាតិ​ដែរ ទោះបី​ជាមាន​អ្នកដទៃ​ជួយ​ពី​ខាងក្រៅ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​ខ្មែរ និង​ខ្មែរ ត្រូវតែ​និយាយ​គ្នា និង​រួបរួមគ្នា​ដោះស្រាយ​បញ្ហា ដែលជា​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​»​។​

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា បែបនេះ បន្ទាប់ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ហាក់​ឡើងក​ម្តៅ​ឡើងវិញ​។ ឯកឧត្តម កឹម សុខា ត្រូវបាន​រដ្ឋសភា ដកតំណែង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភា​គតិ​ត លែងមាន​សិទ្ធិ​ចរចា​ជាមួយ​នាយករដ្ឋមន្ត្រី​។ ជាងនេះទៅទៀត សម្តេច ហ៊ុន សែន គ្រោង​ស្នើ​ឲ្យ​បន្ថែម​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​ដាក់ទោស​ទណ្ឌ​ឲ្យ​ធ្ងន់​ទៅលើ​មេដឹកនាំ​បក្សនយោបាយ​ដែល​ធ្វើ​ខុសច្បាប់​៕

ថ្មី​ៗ
អត្ថបទ : រុង រឿង

No comments: