ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

ក្រុម​អង្គការ​ជាង​៣០​ស្ថាប័ន​អំពាវនាវ​រក​យុត្តិធម៌​ជូន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ដែល​លង់​ទឹក​ស្លាប់

រូបថត​របស់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រីម៉ៅ កាល​ពី​៣​ឆ្នាំ​មុន។ Photo Provided



ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០​ស្ថាប័ន អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​រក​យុត្តិធម៌​ដល់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​មួយ​រូប ដែល​លង់​ទឹក​ស្លាប់​នៅ​ពេល​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដេញ​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ។ ក្រុម​អង្គការ​ទាំងនោះ​ចាត់​ទុក​ការ​បណ្ដែតបណ្ដោយ​មិន​រក​យុត្តិធម៌​សម្រាប់​ស្ត្រី​រងគ្រោះ នឹង​មាន​ឥទ្ធិពល​មិន​ល្អ​ដល់​សន្តិសុខ សុវត្ថិភាព យុត្តិធម៌ និង​សិទ្ធិ​របស់​ស្ត្រី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ជាមួយ​ពលរដ្ឋ​ប្រកប​ការងារ​ងាយ​រងគ្រោះ លើក​ឡើង​ថា នៅ​ពេល​ដែល​ស្ត្រី​នៅ​តែ​បន្ត​ប្រឈម​នឹង​ការ​រើសអើង ការ​មាក់ងាយ​នៅ​ក្នុង​សង្គម នឹង​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ និង​ការ​គំរាម​កំហែង​គ្រប់​រូបភាព​រហូត​ដល់​អ្នក​រងគ្រោះ​បាត់បង់​ជីវិត។

ក្រុម​ដដែល​នេះ​បាន​យក​ការ​ស្លាប់​របស់​នាង ប៉ែន សុគន្ធា ហៅ​ស្រី​ម៉ៅ គឺ​ជា​ករណី​ជាក់ស្ដែង​នៃ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី។

នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព ដែល​ឋិត​ក្នុង​ចំណោម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រួម​គ្នា​ចេញ​លិខិត​ចំហ មាន​ប្រសាសន៍​ថា ដ្បិត​តែ​នាង ប៉ែន សុគន្ធា ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ នាង​ក៏​ត្រូវ​ទទួល​បាន​កិច្ច​ការពារ​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​មួយ​រូប នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សច្ចាប័ន​លើ​បទដ្ឋាន​ច្បាប់​ដែល​គាំពារ​សិទ្ធិ​ស្ត្រី និង​ការពារ​ស្ត្រី​ពី​ការ​រើសអើង​នានា៖ «»។

នៅ​ក្នុង​លិខិត​ចំហ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​នោះ​រួម​មាន ក្រសួង​កិច្ចការ​នារី ក្រសួង​មហាផ្ទៃ សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល​ស្នើ​ថា ក្រសួង​កិច្ច​ការនារី អន្តរាគមន៍​តាម​ការ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ និង​គ្រួសារ។ ជាមួយ​គ្នា​នេះ ក៏​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ឲ្យ​អនុវត្ត​តាម​នីតិវិធី ដើម្បី​លើក​កម្ពស់​នីតិរដ្ឋ និង​លុប​បំបាត់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍។ លើស​ពី​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ដល់​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នានា សហការ ពង្រឹង​បន្ថែម​នូវ​យន្តការ និង​បរិយាកាស​គាំពារ​តម្លៃ និង​សិទ្ធិ​ស្ត្រី ដោយ​ផ្ដល់​សេវា​ផ្លូវ​ច្បាប់ សេវា​សុខភាព និង​សេវា​ចាំបាច់​មួយ​ចំនួន​ទៀត​ក្នុង​ន័យ​ទប់ស្កាត់ និង​ការពារ​ស្ត្រី​ពី​ការ​រើសអើង​ការ​មាក់ងាយ​ក្នុង​រូបភាព​ផ្សេងៗ។

ចំណែក​សំណើ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្រុម​នេះ​បាន​ស្នើ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​កង​សន្តិសុខ​ក្នុង​ការ​គំរាម​កំហែង ចុះ​បង្ក្រាប និង​ប្រើ​ហិង្សា​លើ​អ្នក​ប្រកប​របរ​ផ្លូវ​ភេទ និង​ស្ត្រី​ធ្វើ​ការ​តាម​គ្រឹះស្ថាន​សេវា​កម្សាន្ត​ក្រោម​រូបភាព​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់។

ឆ្លើយតប​នឹង​សំណើ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍​ថា កន្លង​ទៅ ក្រុម​សន្តិសុខ​ដែល​ជា​ប្រជា​ការពារ បាន​ជួយ​ច្រើន​ទៅ​ដល់​ការងារ​របស់​អាជ្ញាធរ​នៅ​តាម​ខណ្ឌ​នីមួយៗ៖ «»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​រំឭក​នៅ​ក្នុង​លិខិត​ចំហ​ថា ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មករា បាន​ដេញ​តាម​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ហើយ​ក្នុង​ពេល​នោះ មាន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់ គឺ​នាង ប៉ែន សុគន្ធា បាន​ធ្លាក់​ទឹក​នៅ​ម្ដុំ​ចំណត​ទូក​ទេសចរណ៍ ហើយ​នាង​បាន​លង់​ទឹក​ស្លាប់​ដោយ​សព​របស់​នាង​ត្រូវ​គេ​រក​ឃើញ​នៅ​ពីរ​ថ្ងៃ​បន្ទាប់។

អ្នក​នាំ​ពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍​ថា ក្រុម​សន្តិសុខ​ខណ្ឌ បាន​បំពេញ​តួនាទី​រក្សា​សណ្ដាប់ធ្នាប់​តាម​ធម្មតា ពុំ​មាន​អ្វី​ប្លែក​ទេ។ លោក​បន្ត​ថា ករណី​នេះ​ឋិត​ក្នុង​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​នៅ​ឡើយ៖ «»។

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦​នាក់ បាន​ស្នើ​តាម​រយៈ​ប្រធាន​សភា​ទៅ​ក្រសួង​ចំនួន​៣ ឲ្យ​ស្វែងរក​យុត្តិធម៌​ដល់​នាង ប៉ែន សុគន្ធា ក្នុង​នោះ​រួម​មាន​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ និង​ក្រសួង​កិច្ចការ​នារី។ ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា បាន​ចារ​បញ្ជូន​លិខិត​នោះ​ទៅ​ក្រសួង​ទាំង​៣ នោះ​រួច​រាល់​ហើយ​ដែរ។

ក្នុង​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រុម​អ្នក​តំណាងរាស្ត្រ​ស្នើ​ឲ្យ​សុំ​បង្កើត​គណៈកម្មការ​អព្យាក្រឹត ដើម្បី​រក​យុត្តិធម៌​ដល់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ប៉ែន សុគន្ធា។ ក្នុង​លិខិត​មួយ​ទៀត ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អន្តរាគមន៍​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​មាន​ការ​កសាង​សំណុំ​រឿង​ដែល​អាច​ឈាន​ទៅ​ចោទ​ប្រកាន់​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ។ ចំណែក​លិខិត​មួយ​ទៀត ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ជំរុញ​វិធានការ​ផ្លូវ​ច្បាប់​ក្នុង​ករណី​នេះ និង​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​បកស្រាយ​ពី​តួនាទី និង​ភារកិច្ច​របស់​ក្រុម​សន្តិសុខ។

ឆ្លើយតប​នឹង​លិខិត​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បាន​បញ្ជូន​លិខិត​នេះ​បន្ត​ទៅ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ពិនិត្យ​សំណុំ​រឿង​នេះ។

អ្នក​នាំ​ពាក្យ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ប្រាប់​អាស៊ីសេរី​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា ស្ថាប័ន​លោក​កំពុង​ពិនិត្យ និង​ចាត់ការ​លើ​សំណុំ​ឯកសារ​ទាំងនេះ​ហើយ។

ចំណែក​មន្ត្រី​នៅ​ក្រសួង​កិច្ចការ​នារី ក៏​ធ្លាប់​បញ្ជាក់​ថា ក្រសួង​មិន​បាន​មើល​រំលង​ករណី​នេះ​ដែរ។

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា រដ្ឋមន្ត្រី លោក ស ខេង បាន​ដាក់​បទបញ្ជា​ដល់​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ស្រាវជ្រាវ​ករណី​នេះ​ដើម្បី​ជូន​ដំណឹង​ត្រឡប់​ទៅ​រដ្ឋសភា​វិញ៖ «»។

ទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង រំពឹង​ថា ក្រសួង​ពាក់ព័ន្ធ​នឹង​ស្វែងរក​យុត្តិធម៌​ជូន​នាង ប៉ែន សុគន្ធា។

នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព លើក​ឡើង​ទៀត​ថា ចំណុច​សំខាន់​ដែល​អ្នកស្រី​ចង់​ឃើញ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ការ​ស៊ើប​អង្កេត និង​ផ្ដល់​ព័ត៌មាន​ពិត​ដល់​សាធារណជន និង​ក្រុម​គ្រួសារ​នាង ប៉ែន សុគន្ធា៖ «»។

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រី​ម៉ៅ បាន​លង់​ទឹក​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មករា បន្ទាប់​ពី​នាង​បាន​រត់​គេច​ពី​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​ដេញ​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ក្នុង​បំណង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ម្ដុំ​សួនច្បារ​ខាង​ក្រោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ នៅ​ពេល​នោះ នាង ប៉ែន សុគន្ធា បាន​រត់​ទៅ​ដួល​បោក​នឹង​ទូក​ទេសចរណ៍ ហើយ​ធ្លាក់​ក្នុង​ទឹក​ទន្លេសាប។

អ្នក​នៅ​កន្លែង​កើត​ហេតុ​លើក​ឡើង​ថា សន្តិសុខ​បាន​ហាមប្រាម​មិន​ឲ្យ​មាន​អ្នក​ជួយ​នាង ប៉ែន សុគន្ធា ឡើយ។ សព​របស់​នាង ត្រូវ​គេ​រក​ឃើញ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ សុគន្ធា បាន​បន្សល់​ទុក​កូន​ប្រុស​ពិការ​មាន​អាយុ ៦​ឆ្នាំ​ម្នាក់៕

RFA
ដោយ សុ ជីវី

No comments: