បើទោះបីជាក្រុងវ៉ាស៊ីនតោន បានអះអាងហើយថាការដំឡើងខែលការពារមីស៊ីល THAAD នៅកូរ៉េខាងត្បូង ដើម្បីតបត និងប្រឆាំងកូរ៉េខាងជើងតែមួយគត់ក៏ដោយ រដ្ឋាភិបាលក្រុងប៉េកាំង មិនសុខចិត្តឡើយ។ ក្រុងប៉េកាំង បានបង្ហាញគោលជំហរជំទាស់ជាថ្មី និងចាត់ទុកផែនការដំឡើងប្រព័ន្ធការពារធុនធំនោះ ថាជាការបំផ្លាញសន្តិសុខនៅក្នុងតំបន់។
រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី លោក James Mattis នៅថ្ងៃទី០២ កុម្ភៈ បានបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងជាលើកដំបូងក្នុងនាមជាប្រមុខការពារជាតិនៃរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី Donald Trump។ តាមរយៈដំណើរទស្សនកិច្ចនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរមិនប្រែប្រួលរបស់អាមេរិកមកកាន់ឧបទ្វីបកូរ៉េ និងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន តាមរយៈគោលនយោបាយប្រឆាំងនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ជាងនេះទៅទៀតនោះ ប្រមុខការពារជាតិដែលទើបស្បថកាន់តំណែងរូបនេះ ថែមទាំងផ្ញើសារដល់ប្រទេសក្នុងតំបន់ ដែលតែងតែបារម្ភពីវត្តមានរបស់ប្រព័ន្ធការពារមីស៊ីល THAAD នៅក្នុងទឹកដីកូរ៉េខាងត្បូងទៀតផង។ «ខែលការពារមីស៊ីល THAAD គឺសម្រាប់តែការពារប្រជាជននៃសម្ព័ន្ធមិត្តរបស់យើង និងទាហានរបស់យើង ដែលបានប្តេជ្ញាចិត្តចំពោះកិច្ចការការពាររបស់ពួកគេ ហើយប្រសិនបើកូរ៉េខាងជើង មិនបង្ហាញពីឥរិយាបថបង្ករឿងនោះទេ យើង ក៏មិនដំឡើងខែលការពារមីស៊ីលនៅទីនោះផងដែរ»។ នេះ គឺជាសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីការពារជាតិ James Mattis។
លោករដ្ឋមន្ត្រីការពារជាតិ ក៏បានសង្កត់ធ្ងន់ទៀតថា ប្រទេសដទៃផ្សេងទៀត មិនចាំបាច់ព្រួយបារម្ភអំពីខែលការពារមីស៊ីលនេះឡើយ ដ្បិតខែលនោះ បំពាក់ឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពកូរ៉េខាងជើងប៉ុណ្ណោះ។
មិនខុសពីពេលមុនឡើយ ក្រុងប៉េកាំង បានប្រតិកម្មខ្លាំងពីការផែនការដំឡើងនេះ។ ក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យក្រសួងបរទេសចិន នៅថ្ងៃទី ០៣ កុម្ភៈ បានហៅផែនការនោះ ថា «ជាការបំផ្លាញផលប្រយោជន៍យុទ្ធសាស្ត្រសន្តិសុខនៃប្រទេសក្នុងតំបន់ ដែលរាប់បញ្ចូលទាំងចិន និងមិនមានចរិកលក្ខណៈណាមួយជួយដល់សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េឡើយ»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang ក៏បានសង្កត់ធ្ងន់ទៀតថា៖«យើងទទូចឲ្យភាគីពាក់ព័ន្ធបញ្ចប់ផែនការដំឡើងប្រព័ន្ធការពារ និងបញ្ឈប់ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ»៕
ថ្មីៗ
អត្ថបទ : ទេព អ៊ីវិសាល
No comments:
Post a Comment