ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

ពលរដ្ឋ​ស្រុក​កោះសូទិន​ចាប់​ផ្ដើម​បោះបង់​របរ​តម្បាញ​ហូល​ផាមួង​រួច​ធ្វើ​ចំណាក​ស្រុក

លោកស្រី សេក អៃ ជា​អ្នក​ប្រកប​មុខ​របរ​តម្បាញ​ហូល​នៅ​ភូមិ​ព្រែកចង្ក្រាន ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Saut Sokprathna



ប្រជាពលរដ្ឋ​នៅ​ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ចាប់​ផ្ដើម​បោះបង់​មុខ​របរ​តម្បាញ​ហូល​ផាមួង​ជា​បន្តបន្ទាប់ ដែល​ជា​មុខ​របរ​ប្រពៃណី​របស់​ពួក​គាត់។ ចំនួន​អ្នក​ប្រកប​មុខ​របរ​នេះ ចេះ​តែ​បាត់បង់ គឺ​ក្រោយ​ពេល​តម្លៃ​ហូល​កាន់​តែ​ធ្លាក់​ចុះ រីឯ​តម្លៃ​សូត្រ​កាន់​តែ​ឡើង​ខ្ពស់។

បញ្ហា​នេះ ធ្វើ​ឲ្យ​អ្នក​ស្រុក​មួយ​ចំនួន​នាំ​គ្នា​ចំណាក​ស្រុក​ជា​ហូរហែ ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ​ជំនួស​ឲ្យ​មុខ​របរ​ប្រពៃណី​របស់​ពួក​គាត់។ អ្នក​ភូមិ​មួយ​ចំនួន​បារម្ភ​ថា មុខ​របរ​តម្បាញ​នេះ នឹង​អាច​បាត់បង់​នៅ​ថ្ងៃ​ខាង​មុខ​មិន​ខាន ប្រសិន​បើ​រាជ​រដ្ឋាភិបាល​នៅ​តែ​ព្រងើយ​កន្តើយ​ទៀត​នោះ។

ស្នូរ​កី​តម្បាញ​ហូល​ដែល​ចេញ​ពី​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​ល្វេ គឺ​ជា​ស្នូរ​បង្ហាញ​ពី​មុខ​របរ​ប្រពៃណី​របស់​អ្នក​ស្រុក ដែល​ពួក​គាត់​បាន​ថែរក្សា​បន្ត​ពី​ដូនតា​របស់​ពួក​គេ​មក។

«សំឡេង​ស្នូរ​កី​តម្បាញ»

ស្នូរ​កី​តម្បាញ​ដែល​អ្នក​ស្រុក​អះអាង​ថា ពី​មុន​មក​ធ្លាប់​ឮ​ស្ទើរ​តែ​គ្រប់​ផ្ទះ​នោះ ចាប់​ផ្ដើម​ថយ​ចុះ​បន្តិច​ម្តងៗ ដោយសារ​តម្លៃ​កាន់​តែ​ធ្លាក់​ចុះ​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ឧបករណ៍​តម្បាញ​ខ្លះ​គេ​ទុក​ចោល ចំណែក​ពលរដ្ឋ​នាំ​គ្នា​ចំណាក​ស្រុក ជាដើម។

ពលរដ្ឋ​នៅ​ភូមិ​ព្រែកចង្ក្រាន មួយ​រូប លោកស្រី សេក អៃ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ភូមិ​លោកស្រី​បច្ចុប្បន្ន គឺ​មាន​អ្នក​ភូមិ​ប្រមាណ ៣០​ភាគរយ​ប៉ុណ្ណោះ​ដែល​នាំ​គ្នា​ប្រកប​មុខ​របរ​តម្បាញ​ហូល​ផាមួង​នេះ ហើយ​មាន​អ្នក​ស្រុក​ជាច្រើន​នាំ​គ្នា​ទៅ​រក​ការងារ​នៅ​ឆ្ងាយៗ​ពី​ស្រុក​កំណើត ពិសេស​ទៅ​ក្រៅ​ប្រទេស​តែ​ម្តង។ លោកស្រី​រៀបរាប់​ពី​មូលហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ជាច្រើន​បោះបង់​មុខ​របរ​នេះ​ចោល ពីព្រោះ​តម្លៃ​សូត្រ​បច្ចុប្បន្ន​កាន់​តែ​ឡើង​ខ្ពស់ រីឯ​តម្លៃ​ហូល​លក់​ចេញ​វិញ គឺ​កាន់​តែ​ធ្លាក់ចុះ៖ «ហូល​ហ្នឹង​វា​ចេះ​តែ​ចុះ​ថ្លៃ សូត្រ​ហ្នឹង​វា​ឡើង​ថ្លៃ ហើយ​ខ្ញុំ​ត្បាញ​យូរៗ​ទៅ វា​អស់​ទាំង​កម្លាំង​កាយ​កម្លាំង​ចិត្ត​ទៀត។ សព្វថ្ងៃ​ភ័យ​ព្រួយ​ខ្លាច​អត់​លុយ​ឲ្យ​កូន​ទៅ​រៀន»។

ប្រភព​ដដែល​និយាយ​ទៀត​ថា តម្លៃ​ហូល​ចុះ​ថោក គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក។ លោកស្រី​ថា កាល​ពី​មុន ពួក​គាត់​អាច​លក់​ហូល​ក្នុង​មួយ​ក្បិន​មាន​តម្លៃ ៧០​ដុល្លារ​ទៅ ៨០​ដុល្លារ ឬ​ស្មើ​ប្រមាណ ៣០​ម៉ឺន​រៀល ប៉ុន្តែ​បច្ចុប្បន្ន គឺ​លក់​ចេញ​បាន​តម្លៃ​ចន្លោះ​ពី ៨​ម៉ឺន​រៀល​ទៅ ១៦​ម៉ឺន​រៀល ឬ​ចន្លោះ​ពី ២០​ដុល្លារ​ទៅ ៤០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ក្បិន។ លើស​ពី​នេះ នៅ​ពេល​ហូល​មាន​តម្លៃ​ខ្ពស់ កាលណោះ​តម្លៃ​សរសៃ​សូត្រ​មាន​តម្លៃ​ថោក។ លោកស្រី​រំឭក​ថា ពេល​នោះ​តម្លៃ​សរសៃ​សូត្រ​មួយ​ដុំ​ដែល​មាន​ទម្ងន់ ២​គីឡូក្រាម មាន​តម្លៃ ៤០​ដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន​ឡើង​ថ្លៃ​ជិត ១០០​ដុល្លារ​ក្នុង​មួយ​ដុំ។

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត គឺ​លោកស្រី យ៉ែន ថារី ឲ្យ​ដឹង​ថា ហូល​ក្នុង​មួយ​កី​មាន​ចំនួន ១៧​ក្បិន ហើយ​ក្នុង​មួយ​ក្បិន​មាន​ចំនួន ២​សំពត់។ លោកស្រី​បញ្ជាក់​ថា ក្នុង​មួយ​កីៗ​ពួក​គាត់​អាច​ប្រើ​រយៈពេល​ពី ៣ ទៅ ៤​ខែ​ចំពោះ​អ្នក​ដែល​ត្បាញ​រហ័ស ហើយ​អង្គុយ​ត្បាញ​ជាប់ ប៉ុន្តែ​សម្រាប់​អ្នក​ត្បាញ​យឺត​វិញ ពួក​គាត់​ត្រូវ​ចំណាយ​ពេល​ពី ៦​ខែ​ទៅ ៧​ខែ​ទើប​រួច។ ស្ត្រី​រូប​នេះ​បារម្ភ​ថា ប្រសិន​បើ​តម្លៃ​នៅ​តែ​ធ្លាក់​ចុះ​បែប​នេះ ក្មេង​ជំនាន់​ក្រោយ​ប្រហែល​ជា​មិន​បាន​ស្គាល់​មុខ​របរ​ប្រពៃណី​មួយ​នេះ​ទៀត​ទេ ហើយ​ការ​ចំណាក​ស្រុក​នឹង​កើត​មាន​បន្ត​ទៀត។ ប៉ុន្តែ​លោកស្រី​យល់​ថា ប្រសិន​តម្លៃ​ហូល​ចាប់​ផ្ដើម​ឡើង​ថ្លៃ​ខ្ពស់​វិញ ប្រជាពលរដ្ឋ​ចំណាក​ស្រុក​នឹង​អាច​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ជាក់​ជា​មិន​ខាន៖ «ប៉ះពាល់​ជីវភាព ថ្ងៃ​ក្រោយ​ទៅ កូន​ចៅ​នឹង​មិន​ដឹង​ស្គាល់​តម្បាញ​ហ្នឹង​ឬ​អត់? ថ្ងៃ​ក្រោយ​ប្រហែល​ជា​មិន​ស្គាល់​ទេ​មើល​ទៅ អត់​ពី​ចាស់ៗ​ទៅ»។

ភូមិ​ព្រែកចង្ក្រាន គឺ​ជា​ភូមិ​មួយ​ដែល​ធ្លាប់​ល្បីល្បាញ​កាល​ពី​ដើម​មក ពីព្រោះ​តែ​មុខ​របរ​តម្បាញ​ហូល​ផាមួង។ អ្នក​ភូមិ​ដែល​មាន​កូន​ស្រី កម្រ​នឹង​បាន​ចេញ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​ណាស់ ដោយសារ​មាន​មុខ​របរ​ប្រចាំ​ត្រកូល​របស់​ខ្លួន ប៉ុន្តែ​ក្រោយ​ពេល​តម្លៃ​ហូល​ធ្លាក់​ចុះ កូន​ស្រី​របស់​អ្នក​ភូមិ​ជាច្រើន​ចាប់​ផ្ដើម​នាំ​គ្នា​ចំណាក​ស្រុក។

រូប​សំណាក​ស្ត្រី​កំពុង​តម្បាញ​ហូល និង​រវៃ​សូត្រ​នៅ​ទី​រួម​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Saut Sokprathna RFA/Saut Sokprathna

អ្នក​ភូមិ​មួយ​រូប​ទៀត លោកស្រី ហោ ណារុំ បញ្ជាក់​ថា លោកស្រី​រីករាយ​ដែល​បាន​បន្ត​មុខ​របរ​ប្រពៃណី​ពី​ដូនតា​មក ពីព្រោះ​វា​ជា​ផ្នែក​មួយ​ដើម្បី​រក្សា​អត្តសញ្ញាណ​របស់​ជាតិ​ផង ប៉ុន្តែ​លោកស្រី​មិន​សប្បាយ​ចិត្ត​ឡើយ ក្រោយ​ពេល​តម្លៃ​ហូល​ធ្លាក់​ចុះ​ខ្លាំង ម្យ៉ាង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​ការ​ដោះស្រាយ​ជូន​ពួក​គាត់​ទេ បើ​ទោះ​បី​ជា​ពលរដ្ឋ​ធ្លាប់​បាន​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ៖ «និយាយ​មួយ​ចំណុច​ហ្នឹង គឺ​មិន​សប្បាយ​ចិត្ត​ទេ​លោកគ្រូ! គឺ​ពិបាក​ចិត្ត​ក្នុង​ការ​ធ្វើ ដូច​ថា​ធ្វើ​មិន​បាន​ហូប ខាត ហើយ​ទៅ​ជំពាក់​គេ»។

ឃុំ​ល្វេ មាន​ភូមិ​ចំនួន​១០ ហើយ​ភូមិ​ដែល​មាន​ពលរដ្ឋ​ប្រកប​មុខ​របរ​តម្បាញ​ហូល​ផាមួង​មាន​ចំនួន ៤​ភូមិ រួម​មាន​ភូមិ​ព្រែកចង្ក្រាន ភូមិ​ព្រែកតាកែ ភូមិ​ល្វេលើ និង​ភូមិ​ល្វេក្រោម។ ភូមិ​ទាំង​បួន​នេះ ក្នុង​មួយ​ភូមិៗ​អាច​មាន​ពលរដ្ឋ​ប្រមាណ ៥០០​គ្រួសារ​កំពុង​ប្រកប​មុខ​របរ​តម្បាញ​ហូល​ផាមួង។

ជំទប់​ទី​១ ឃុំ​ល្វេ លោក ឈន់ ឈឿន មាន​ប្រសាសន៍​ថា ចំនួន​អ្នក​ប្រកប​មុខ​របរ​នេះ​ពិត​ជា​មាន​ការ​ធ្លាក់​ចុះ​ប្រាកដ​មែន។ លោក​កត់​សម្គាល់​ថា ដោយសារ​បញ្ហា​តម្លៃ​ធ្លាក់​ចុះ ធ្វើ​ឲ្យ​អ្នក​ភូមិ​ជាច្រើន​ចំណាក​ស្រុក ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ដែល​កំពុង​ប្រកប​មុខ​របរ​នេះ ភាគច្រើន​ជា​មនុស្ស​វ័យ​ចំណាស់ និង​ទាល់ មិន​អាច​ចេញ​ពី​ស្រុក​កំណើត​បាន​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា កន្លង​មក​អាជ្ញាធរ​បាន​បញ្ជូន​សំណើ​របស់​ពលរដ្ឋ​ទៅ​ថ្នាក់​លើ ហើយ​ឃើញ​មាន​មន្ត្រី​គម្រោង​ថ្នាក់​ជាតិ​ចុះ​មក​ជួប​ពលរដ្ឋ​ម្តង ប៉ុន្តែ​មិន​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ឡើយ។ ជំទប់​ឃុំ​រូប​នេះ​សោកស្ដាយ ប្រសិន​បើ​មុខ​របរ​តម្បាញ​ហូល​របស់​អ្នក​ស្រុក​ត្រូវ​បាន​បាត់បង់៖ «ប្រពៃណី​នៃ​ការ​ធ្វើ​ហូល​នេះ គឺ​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​នៅ​ក្នុង​ភូមិ​ល្វេ និង​ភូមិ​ព្រែកចង្ក្រាន នេះ។ អ៊ីចឹង​បាន​ថា​បើ​ការ​ដោះស្រាយ​ហ្នឹង​មិន​ទាន់​បាន​ទេ គឺ​យើង​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង»។

មុខ​របរ​តម្បាញ​ហូល​ផាមួង គឺ​ជា​អត្តសញ្ញាណ​របស់​អ្នក​ស្រុក​កោះសូទិន ពីព្រោះ​អាជ្ញាធរ​ស្រុក​ក៏​បាន​ធ្វើ​រូប​សំណាក​ស្ត្រី​បី​នាក់​អង្គុយ​តម្បាញ និង​រវៃ​សូត្រ​នៅ​ទី​រួម​ស្រុក​ថែម​ទៀត​ផង។

អ្នក​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក អ៊ុំ សុថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ មករា ថា លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ហូល និង​ការ​កើន​ឡើង​នៃ​តម្លៃ​សរសៃ​សូត្រ​នោះ​ទេ ពីព្រោះ​ពលរដ្ឋ​ធ្វើ​ឡើង​ជា​លក្ខណៈ​គ្រួសារ ខាង​ក្រសួង​មិន​បាន​គ្រប់គ្រង​ឡើយ ម្យ៉ាង​រឿង​តម្លៃ​ទំនិញ​គឺ​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម។ យ៉ាង​នេះ​ក្តី លោក​ថា​ប្រសិន​បើ​មាន​សំណើ​ពី​ពលរដ្ឋ​ជា​ផ្លូវ​ការ គឺ​ងាយ​ស្រួយ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ដោះស្រាយ ម្យ៉ាង​ពលរដ្ឋ​គប្បី​ចងក្រង​ជា​សមាគមន៍ ព្រោះ​អាច​មាន​ប្រសិទ្ធភាព​ជាង​ការ​លើក​ឡើង​ដាច់​ដោយឡែក​ពី​គ្នា៖ «ជុំវិញ​បញ្ហា​ហ្នឹង​មក​ដល់​យន្តការ​ដែល​រាជ​រដ្ឋាភិបាល​បាន​បង្កើត​ហើយ។ យន្តការ​នៃ​ក្រុម​ការងារ​ផ្នែក​កម្មន្តសាល សហគ្រាស​ធន់​តូច និង​មធ្យម​ជា​ដៃគូ​រវាង​វិស័យ​រដ្ឋាភិបាល និង​ឯកជន»។

រដ្ឋធម្មនុញ្ញ​មាត្រា​៦២ ចែង​ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិតផល ជាដើម។ រីឯ​មាត្រា​៦៣ ចែង​ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ ជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ។

ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​ចែង​យ៉ាង​នេះ​ក្តី ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​មើល​ឃើញ​ថា រាជ​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ជូន​កសិករ ឬ​សិប្បករ​ទាំងនោះ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង មើល​ឃើញ​ថា ស្ថាប័ន​របស់​រដ្ឋ​មាន​ច្រើន ប៉ុន្តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខ​របរ​ប្រពៃណី​របស់​ពលរដ្ឋ​ឲ្យ​បាន​ពេញលេញ​ឡើយ។ លោក​បញ្ជាក់​ថា មុខ​របរ​មួយ​នេះ គឺ​មាន​សារសំខាន់ ព្រោះ​វា​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជាតិ និង​ជា​ការ​ចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ ជាដើម៖ «ធាតុ​ប្លែក​នៃ​ស្រុក ឬ​ភូមិ​មួយៗ​ហ្នឹង​ហើយ ដែល​ជា​តម្លៃ​វប្បធម៌​ដ៏​ធំ​ណាស់​បាទ ដែល​មិន​អាច​កាត់​ផ្តាច់​បាន»។

លោក យង់ គិមអេង បន្ថែម​ថា មុខ​របរ​បែប​នេះ គឺ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​ទៀត​ផង ប្រសិន​បើ​រាជ​រដ្ឋាភិបាល​អាច​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ មាន​ទីផ្សារ​លក់ដូរ​ឲ្យ​បាន​ទូលំទូលាយ​ក្នុង​តម្លៃ​មួយ​សមរម្យ ដែល​ជួយ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​កាន់​តែ​ប្រសើរ ពិសេស​ទីផ្សារ​នៅ​ក្រៅ​ប្រទេស ជាដើម៕

RFA
ដោយ សូត សុខប្រាថ្នា

No comments: