អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃទី០៣ កុម្ភៈ បានចេញរបាយការណ៍មួយ ដែលបានរកឃើញថា មានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដោយកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Rakhine។ របាយការណ៍ បានចាត់ទុកការបំពាននេះ ថា អាចក្លាយជាបទល្មើសប្រឆាំងមនុស្សជាតិបាន។
របាយការណ៍ដែលចេញផ្សាយដោយការិយាល័យនៃឧត្តមស្នងការទទួលសិទ្ធិមនុស្ស (OHCHR) ដែលយោងតាមកិច្ចសម្ភាសន៍ជាមួយនឹងប្រជាជនដែលភៀសខ្លួនពីមីយ៉ាន់ម៉ា ក្រោយការវាយប្រហារនៅដើមខែតុលាឆ្នាំមុន បានបង្ហាញថា មានការករណីរំលោភ សម្លាប់ ដែលរាប់បញ្ចូលទាំងទារក និងកុមារ ការធ្វើទារុណកម្មព្រៃផ្សៃ និងសកម្មភាពរំលោភសិទ្ធិមនុស្សផ្សេងទៀតទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។
តាមចម្លើយដែលផ្សាយចេញតាមរបាយការណ៍នោះ កងកម្លាំងមីយ៉ាន់ម៉ា មិនត្រឹមតែប្រព្រឹត្តបទល្មើសប៉ុន្មានខាងលើនោះទេ តែពួកគេ ក៏បានដុតផ្ទះសម្បែង សាលារៀន ផ្សារ វិហារ និងដីស្រែជនជាតិភាគតិចទាំងនោះ និងថែមទាំងមានឃាត់ក្រុមទាំងនោះនៅក្នុងផ្ទះ ហើយដុតសម្លាប់ពួកគេតែម្តង។
តាមចម្លើយក្នុងរបាយការណ៍ដដែលនោះ ស្ត្រីច្រើនជាងពាក់កណ្តាល ដែលបានផ្តល់កិច្ចសម្ភាសន៍នោះ បានអះអាងថា ពួកគេសុទ្ធសឹងតែរងការឈឺចាប់ដោយសារការរំលោភ និងហិង្សាផ្លូវភេទជាច្រើនទម្រង់ផ្សេងទៀត។
ជុំវិញចម្លើយរបាយការណ៍នេះ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Zeid Ra'ad Al Hussein បានប្រតិកម្មយ៉ាងដូច្នេះថា៖«អំពើឃោរឃៅទៅលើកុមាររ៉ូហ៊ីងយ៉ា គឺជារឿងដែលមិនអាចអត់ឳនបានឡើយ។ នេះ គឺជារឿងដែលគួរឲ្យស្អប់ខ្ពើមដែលបុរស(កងកម្លាំង) ចាក់សម្លាប់ទារក ដែលកំពុងតែស្រែកយំដើម្បីបំបៅដោះម្តាយ ខណៈម្តាយដែលបានឃើញឃាតកម្មនោះ ត្រូវបានរំលោភដោយកងកម្លាំងនោះ»។
ជាមួយគ្នានេះ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានទទូចឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បញ្ឈប់សកម្មភាពប្រឆាំងប្រជាជនខ្លួនឯង ហើយជំនួសដោយការបដិសេធពីហេតុការណ៍ដែលកើតឡើងនៅទីនោះ រដ្ឋាភិបាល ហើយទទួលស្គាល់ពីការទទួលខុសត្រូវដើម្បីទទួលថាជនរងគ្រោះអាចទទួលបានយុត្តិធម៌ សុវត្ថិភាព និងការប៉ះប៉ូវឡើងវិញ៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment