រូបភាពពីហ្វេសប៊ុកលោក អេ ភូថង |
ក្រោយប្រកាសបែងចែកសហព័ន្ធជាពីរផ្សេងគ្នាកាលពីថ្ងៃទី១ ខែកុម្ភៈ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបោះឆ្នោតជ្រើសតាំងលោក អេ ភូថង និងលោក ឈិត សារឹម ជាគ្រូបង្វឹកជម្រើសជាតិ ដើម្បីបង្វឹកកីឡាករត្រៀមស៊ីហ្គេមឆ្នាំ២០១៧នៅម៉ាឡេស៊ី។ តួនាទីជាគ្រូបង្វឹកជម្រើសជាតិនេះ លោក អេ ភូថង បញ្ជាក់ថា ជាបំណងប្រាថ្នារបស់លោកជាយូរមកហើយ។
កាលពីថ្ងៃទី៣ ខែកុម្ភៈ លោក អេ ភូថង និងលោក ឈិត សារឹម ត្រូវបានបោះឆ្នោតជ្រើសតាំងជាគ្រូបង្វឹកកីឡាគុនខ្មែរជម្រើសជាតិប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ការបោះឆ្នោតជ្រើសតាំងនេះក្នុងគោលបំណងដើម្បីបង្វឹកកីឡាករជម្រើសជាតិកម្ពុជាត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ។
ទោះបីបច្ចុប្បន្ន លោក អេ ភូថង ជាគ្រូបង្វឹកកីឡាប្រដាល់នៅក្លិប អេ ភូថង កីឡាក៏ដោយ ប៉ុន្តែសម្រាប់តួនាទីជាគ្រូបង្វឹកជម្រើសជាតិនេះ ជាក្តីស្រមៃដែលលោកបានប៉ងទុកជាយូរមកហើយ។ កីឡាករដែលចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់តាំងពីក្មេងរូបនេះបានប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពតាមរយៈការយកបទពិសោធន៍ល្អៗ មកចែករំលែកក៏ដូចជាបង្វឹកដល់ក្មេងជំនាន់ក្រោយឲ្យរីកចម្រើនល្បីរន្ទឺលើកឆាកអន្តរជាតិ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗអតីតកីឡាករជើងខ្លាំងដើមកំណើតនៅខេត្តកោះកុងរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«គោលបំណងរបស់ខ្ញុំគឺចង់ជួយជាតិ ពេលនេះគោលបំណងរខ្ញុំបានសម្រេចដូចក្តីស្រមៃហើយ។ ខ្ញុំមិននឹកស្មានថា ខ្លួនឯងបានក្លាយជាគ្រូបង្វឹកជម្រើសជាតិនោះទេ។ ខ្ញុំនឹងយកបទពិសោធន៍ដែលខ្ញុំមានមកបង្វឹកដល់ក្មេងៗជំនាន់ក្រោយឲ្យអស់ពីសមត្ថភាព។ ហើយខ្ញុំប្តេជ្ញា នឹងដឹកនាំកីឡាប្រដាល់សេរីឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ»។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងគ្រូបង្វឹកជម្រើសជាតិមានបេក្ខភាពឈរឈ្មោះចំនួន៤៥នាក់ មកក្លិបដែលជាសមាជិករបស់សហព័ន្ធចំនួន៤៥។ ការបោះឆ្នោតដំណាក់កាលទី១ ក្នុងចំណោមបេក្ខជនទាំង៤៥នាក់ គឺជ្រើសរើសយកចំនួន៥នាក់។ បន្ទាប់មកបេក្ខជនទាំង៥នាក់ត្រូវឈរឈ្មោះឲ្យមន្ត្រីសហព័ន្ធបោះឆ្នោតបន្ត ដើម្បីជ្រើសរើសយកពីរនាក់មកធ្វើជាគ្រូបង្វឹកជម្រើសជាតិប្រចាំសហព័ន្ធ។
ការតែងតាំងគ្រូបង្វឹកជម្រើសជាតិប្រដាលគុនខ្មែរនេះ ធ្វើឡើងក្រោយសហព័ន្ធកីឡាប្រដាល់កម្ពុជាប្រកាសបែងចែកសហព័ន្ធជាពីរដាច់ពីគ្នានៅទីស្នាក់ការ NOCC កាលពីថ្ងៃទី១ ខែកុម្ភៈ នៅក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងដាក់ផែនការឆ្នាំ២០២៣។
ទន្ទឹមនឹងនេះ សហព័ន្ធកីឡាប្រដាល់សកលក៏បានបោះឆ្នោតជ្រើសតាំងគ្រូបង្វឹកជម្រើសជាតិរបស់ខ្លួនផងដែរក្នុងនោះលោក វ៉ែន សុផល និងលោក ហ៊ិន សៃហេង ជាគ្រូជម្រើសជាតិឈុតធំ និងលោក អាត់ សំរិទិ្ធ ព្រមទាំងលោក ឡុង ស៊ីលីន ជាគ្រូបង្វឹកយុវជនថ្នាល។
ក្រៅពីបោះឆ្នោតជ្រើសតាំងគ្រូជម្រើសជាតិប្រចាំសហព័ន្ធក៏មានការបោះឆ្នោតជ្រើសរើសកីឡាករជម្រើសជាតិចំនួន៦នាក់ ដើម្បីហ្វឹកហាត់ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ីផងដែរ។ កីឡាករទាំងនោះរួមមាន កីឡាករ ឡៅ ចន្ទ្រា , ឡៅ ចិន្ត្រា, ម៉ន សាម៉េត, ឡុង សំណាង, ហ៊ឹម សេរី និងកីឡាករ ម៉ឺន សុភា៕
ថ្មីៗ
អត្ថបទ : សឿន វណ្ណឌេត
No comments:
Post a Comment