ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងចូលរួមក្នុងពិធីចាក់បញ្ចាំងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» នៅថ្ងៃទី១៨ ខែកុម្ភៈនៅឧទ្យានអង្គរ ខេត្តសៀមរាប។លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ពីព័ត៌មាននេះ។
ភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ដែលដឹកនាំផលិតដោយ តារាហូលីវូដលំដាប់កំពូល លោកស្រី Angelina Jolie នឹងចាក់បញ្ចាំងលើកដំបូងនៅថ្ងៃទី១៨ កុម្ភៈខាងមុខ នៅឧទ្យានអង្គរ ខេត្តសៀមរាប។
លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣១ ខែមករា ថា ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងចូលរួមក្នុងពិធីសម្ពោធភាពយន្តនេះ។
សម្រាប់ប្រធាននាយកដ្ឋានភាពយន្តរូបនេះ ការចាក់បញ្ចាំងភាពយន្តនិយាយពីរបបខ្មែរក្រហម ដែលថតនៅលើទឹកដីកម្ពុជានេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលបង្ហាញពីប្រវត្តិសាស្ត្រកម្ពុជា។ លោក ស៊ិន ចន្ទសាយ៉ា បន្ថែមថា ភាពយន្តនេះ លោកស្រី Angelina Jolie ក៏គ្រោងចាក់បញ្ចាំងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅខេត្តបាត់ដំបង និងនៅតាមវត្តអារាមផងដែរ ដើម្បីឲ្យពលរដ្ឋកម្ពុជាបានទស្សនាភាពយន្តមួយនេះ។ ប៉ុន្តែកាលបរិច្ឆេទចាក់បញ្ចាំង នៅមិនទាន់កំណត់នៅឡើយ។
ខ្សែភាពយន្ត«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ផលិតឡើងផ្អែកលើការចងចាំដ៏ក្តុកក្តួលរបស់អ្នកនិ ពន្ធ លឿង អ៊ឹង ដែលកាលណោះគាត់មានអាយុ៥-៨ឆ្នាំ។ ខ្សែភាពយន្តនេះ ផលិតឡើងចេញពីការចងចាំរបស់ក្មេងស្រីរូបនេះ ដែលវាជាការមើលឃើញរបស់កុមារម្នាក់នៅក្នុងសង្គ្រាម ការយល់ និងទស្សនៈរបស់កុមារនោះអំពីសង្គ្រាម។ Angelina Jolie បានបញ្ជាក់ គ្រាដែលនាងបានមកកម្ពុជាដើម្បីបង្ហាញពីគម្រោងថតរឿងនេះថា ភាពយន្តនេះ គឺមិនមែនរម្លឹកដល់ការភ័យខ្លាច រន្ធត់នៃសង្គ្រាមនោះទេ ប៉ុន្តែដើម្បីនាំយកតួអង្គជាច្រើនមកបង្ហាញជូនទស្សនិកជនជុំវិញពិភពលោក នូវរឿងប្រវត្តិសាស្ត្ររបស់ខ្លួន។ Angelina Jolie បានបញ្ជាក់ទៀតថា ភាពយន្តនេះ មិនត្រឹមតែបង្ហាញពីរឿងរ៉ាវរបស់កុមារីម្នាក់ប៉ុណ្ណោះទេ បទពិសោធន៍របស់អ្នកដទៃទៀត ក៏នឹងដាក់បញ្ចូលទៅក្នុងខ្សែរភាពនេះដែរ វាក៏មិនត្រឹមតែបង្ហាញពីការចងចាំរបស់ក្មេងស្រីម្នាក់ទេ តែជាការចង់ចាំរបស់ប្រជាជនខ្មែរទាំងអស់៕
ថ្មីៗ
អត្ថបទ : ញឹក ស្រីល័ក្ខ
No comments:
Post a Comment