ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

ពិធីបង្កក់កូន ៖ សុំ​ដូនតា​ទទួលស្គាល់​សមាជិក​ថ្មី និង​ខមាទោស​យាយ​ម៉ប​



ពិធីកាត់សក់​បង្កក់ឆ្មប ដែល​អ្នកស្រុក​អង្គរ​ទម្លាប់​ហៅ​យ៉ាងខ្លី​ថា បង្កក់កូន តាមពិត​ទៅជា​ពិធី​ដែល​គេ​ធ្វើឡើង​ដើម្បី​សុំ​ខមាទោស និង​ថ្លែងអំណរគុណ​ចំពោះ​យាយ​ម៉ប (​ឆ្មប​) ដែល​បាន​ជួយ​ខ្នះខ្នែង​ទាំងយប់​ព្រលប់ ក្នុងពេល​ឆ្លងទន្លេ​។ មិនតែប៉ុណ្ណោះ ពិធី​នេះ​ក៏​ធ្វើឡើង​ដើម្បី​សែនដូនតា​សុំ​ឲ្យ​ទទួលស្គាល់​កូនចៅ​ដែល​ទើប​កើតមក បានរួម​រស់​សុខ​សប្បាយ​ជាមួយ​សហគមន៍​របស់​ខ្លួន​ផង​។​

អ្នក​នៅ​តំបន់​អង្គរ​សព្វថ្ងៃ ទោះបីជា​បាន​វិ​វត្ត​ពី​ការឆ្លង​ទន្លេ​នៅតាម​ផ្ទះសម្បែង ទៅ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​ដូច​តំបន់​ទូទៅ​ក្តី ក៏​នៅ​រក្សា​ទំនៀម​កាត់សក់​បង្កក់ឆ្មប​ដដែល​។ អ្នក​អង្គរ​បាន​អញ្ជើញ​ស្ត្រី​ចំណាស់​មួយរូប ដែល​ធ្លាប់មាន​មុខរបរ​ជាយា​យ​ម៉ប​មក​បំពេញ​កិច្ច​នេះ​។ ពុំមាន​កិច្ច​ពិធី​អ្វី​ច្រើន​ទេ គេ​ធ្វើ​ត្រឹម​តែមួយព្រឹក​ប៉ុណ្ណោះ ហើយ​បើ​ពិនិត្យ​ឲ្យ​ដិតដល់​ទៅ ចំណុច​សំខាន់​នៃ​ពិធី​គឺ​ប្រហែល​១​ម៉ោង​ប៉ុណ្ណោះ​។ ក្រៅពីនោះ មានតែ​ការរៀបចំ​គ្រឿង​រណ្តាប់ និង​លៀងភ្ញៀវ​ដែល​មក​ចូលរួម​តាម​ការអញ្ជើញ​របស់​សាមី​ពិធី​។​

​គ្រឿង​រណ្តាប់​សំខាន់​ដែល​គេ​រៀបចំ​សម្រាប់​ពិធី​នេះ​មាន គ្រឿង​ស្លាធម៌​បាយសី​ពីរ​ថាស មួយ​ថាស​សម្រាប់​អាចារ្យ និង​មួយ​ថាស​ទៀត​សម្រាប់​យាយ​ម៉ប​។ គ្រឿង​រណ្តាប់​ទាំងពីរ​ថាស​មិនមាន​អ្វី​ប្លែក​គ្នា​ទេ ឃើញ​លើស​តែ​ថាស​យ៉ា​យ​ម៉ប​បន្តិច​ត្រង់​មាន កូន​ពាន​មួយ​ដាក់​អំបោះ​ក្រហម កន្ត្រៃ​កាត់សក់ ស្និត ឡា​ម​កោរសក់​... សម្រាប់​យាយ​ម៉ប​ធ្វើ​ពិធី​ដូចជា​កាត់សក់ កោរសក់ និង​សង្កត់​ព្រលឹង​ទារក​។​

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: