ភ្នំពេញ៖ ធនាគារ ANZ Royal គឺជាធនាគារថ្មីមួយទៀត ដែលរដ្ឋាភិបាលជ្រើសរើសជាដៃក្នុងការប្រមូលចំណូលពន្ធដារ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារ ANZ Royal បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ ANZ Royal សម្រាប់ប្រតិបត្តិការចំណូលពន្ធដារ អនុវត្តទូទាំងប្រទេស នៅថ្ងៃទី៣ខែកុម្ភៈ។
លោក ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងពិធីចុះ MOU នេះថា ការបង្កើនដៃគូសម្រាប់ការប្រមូលចំណូលពន្ធដារបន្ថែមនេះ បានបង្ហាញនូវវឌ្ឍនភាពថ្មីបន្ថែមទៀតនៃកម្មវិធីកំណែទម្រង់វិស័យរដ្ឋបាលសារពើពន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃការប្រមូលចំណូលពន្ធ ផ្ដល់ភាពងាយស្រួល និងជម្រើសច្រើនដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធដារតាមរយៈប្រព័ន្ធធនាគារ។
អគ្គនាយិការប្រតិបត្តិធនាគារ ANZ Royal លោកស្រី Leonie Lethbridge មានប្រសាសន៍ថា៖« ដោយមានការសហការយ៉ាងប្រសើររវាងអគ្គនាយកដ្ឋានពន្ធដារ និងធនាគារ ANZ Royal ឥឡូវយើងអាចសម្រួលការបង់ពន្ធដល់អតិថិជនសាជីវកម្មក្នុងស្រុក និងអន្តរជាតិដែលមានប្រតិបត្តិការតាមតំបន់ និងក្នុងប្រទេសកម្ពុជា»។ លោកស្រីបន្ថែមថា អតិថិជនសាជីវកម្មអាចបង់ពន្ធបានជាប្រាក់រៀល ឬប្រាក់ដុល្លារតាមសាខាធនាគារ ANZ Royal និងតាមប្រព័ន្ធធនាគារអេឡិចត្រូវនិក ចាប់ពីខែមេសាឆ្នាំនេះ។
ធនាគារ ANZ Royal គឺជាធនាគារដៃគូប្រមូលចំណូលពន្ធរបស់រដ្ឋាភីបាលទី៦ហើយ បន្ទាប់ពីធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារកាណាឌីយ៉ា ក.អ, ធនាគារឯកទេសវីង, ធនាគារកម្ពុជាសាធារណៈ និងធនាគារវឌ្ឍនៈ៕
ថ្មីៗ
អត្ថបទ : ញ៉ុង ហេង
No comments:
Post a Comment