ដើម្បីឆ្លើយតបទៅនឹងគោលការណ៍កំណែទម្រង់ស៊ីជម្រៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រសួងអប់រំ យុវជន និងកីឡាក្នុងការត្រៀមស៊ីហ្គេមឆ្នាំ២០២៣ សហព័ន្ធកីឡាប្រដាល់កម្ពុជាបានប្រកាសបែងចែកសហព័ន្ធជាពីរដាច់ពីគ្នា គឺសហហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។ ថ្នាក់ដឹកនាំកីឡាប្រដាល់លើកឡើងថា បើពុំមានការបែងចែកទេនោះ សហព័ន្ធនឹងមិនមានកីឡាករដែលប្រកបដោយគុណភាពនោះឡើយ។
សហព័ន្ធកីឡាប្រដាល់កម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ បានរៀបចំហាសន្និបាតបូកសរុបការងារ និងដាក់ទិសដៅកំណែទម្រង់ឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា(NOCC)។ ក្នុងមហាសន្និបាតនោះ ថ្នាក់ដឹកនាំសហព័ន្ធ និងសមាជិកប្រតិបត្តិបានឯកភាពគ្នាបង្កើតសហព័ន្ធពីរដាច់ពីគ្នា គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់សកល។
ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់កម្ពុជាបានបញ្ជាក់ថា ការបែងចែកជាពីររវាងកីឡាប្រដាល់គុនខ្មែរ និងប្រដាល់សកលនេះ ដោយមានការឯកភាពផ្ទៃក្នុងពីសមាជិកសមាជិកាប្រតិបត្តិរបស់សហព័ន្ធ គឺពុំមានការល្អក់កករនឹងគ្នានោះឡើយ។ ម្យ៉ាងវិញទៀត ការបែងចែកសហព័ន្ធជាពីរនេះ ក៏ដើម្បីឆ្លើយតបទៅនឹងផែនការកំណែទម្រង់ស៊ីជម្រៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានកណត់យកឆ្នាំនេះជាឆ្នាំកែទម្រង់សហព័ន្ធនីមួយៗ។
ការបែងចែកនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង និងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍វិស័យកីឡានេះឲ្យកាន់ល្អប្រសើរ។ លើសពីនេះ ដើម្បីជួយពង្រឹងបច្ចេកទេស និងសមត្ថភាពធនធានថ្នាលសម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែបើពុំមានការកំណែទម្រង់បែបនេះ លោក តែម ម៉ឺន អតីតប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា យល់ថា កម្ពុជានឹងពុំមានកីឡាករដែលមានសមត្ថភាពដើម្បីត្រៀមប្រកួតស៊ីហ្គេមគ្រប់គ្រាន់នោះឡើយ។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅតែទទូចឲ្យបណ្តាសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវធ្វើការកែទម្រង់ឲ្យស៊ីជម្រៅដើម្បីលុបបំបាត់វិវាទផ្ទៃក្នុង និងបង្កើនការឯកភាពគ្នាក្នុងការដឹកនាំ ដើម្បីជួយអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣។
លោកបានបញ្ជក់ថា ៖«ដើម្បីឲ្យវិស័យកីឡារីកចម្រើន យើងត្រូវសហការរវាងក្រសួងអប់រំ យុវជន និងកីឡា NOCC និងសហព័ន្ធកីឡាជាតិ ព្រោះធាតុទាំងបីនេះ មិនអាចខ្វះគ្នាបានឡើយ។ ទន្ទឹមនឹងនេះ សហព័ន្ធកីឡាជាតិទាំងអស់ត្រូវរៀបចំផែនការ និងគោលដៅឲ្យច្បាស់លាស់ក្នុងការអភិវឌ្ឍ ដើម្បីត្រៀមប្រជែងដណ្តើមមេដាយក្នុងស៊ីហ្គេម»។
ទោះបីសហព័ន្ធត្រូវបានបែងចែកជាពីរក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំសហព័ន្ធថ្មី គឺជាមន្ត្រីមកពីសហព័ន្ធកីឡាប្រដាល់ចាស់ដដែល ពោលគឺគ្រាន់តែបន្ថែមតួនាទីប៉ុណ្ណោះ។ ក្នុងនោះលោក តែម ម៉ឺន ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, លោក វ៉ា ស៊ិន ភិរម្យ អនុប្រធានទី១, លោកបណ្ឌិត ឆឹង យ៉ៅយ៉េន ជាអនុប្រធាន, លោក ម៉ិល កាដូ អគ្គលេខាធិការ និងអ្នកស្រី ប៉ឹង សំអាង ជាអគ្គហេរញ្ញិក។
ចំណែក សហព័ន្ធកីឡាប្រដាល់សកល គឺលោកបណ្ឌិត ឆឹង យ៉ៅយ៉េន ជាប្រធាន, លោក ស៊ិន ភិរម្យ, លោក ម៉ិល កាដូ និងលោក មាស វុទ្ធី ជាអនុប្រធាន, លោក ប៊ួយ សោភ័ណ្ឌ ជាអគ្គលេខាធិការ និងលោក និន វ៉ាន់ដា ជាអគ្គហេរញ្ញិក ព្រមទាំងសមាជិកប្រតិបត្តិចំនួន៩រូបផ្សេងទៀង។
យ៉ាងណាមិញ លោក វ៉ាត់ ចំរើន បានបញ្ជាក់ផងដែរថា ទោះបីសមាសភាពដែលដឹកនាំសហព័ន្ធទាំងពីរមកពីសហព័ន្ធចាស់តែមួយក៏ដោយ ប៉ុន្តែសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់សកលជាសហព័ន្ធដាច់ដោយឡែកពីគ្នា ពោលគឺមិនអាចនៅជាមួយគ្នានោះឡើយ។ សហព័ន្ធនីមួយៗត្រូវស្វែងរកដៃគូសហការ និងអភិវឌ្ឍន៍រៀងៗខ្លួន៕
ថ្មិៗ
អត្ថបទ : សឿន វណ្ណឌេត
No comments:
Post a Comment