ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតប្រជែងការអាន ការស្មូតកំណាព្យ និងការតែងនិពន្ធជាលើកដំបូងទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីជ្រើសរើសសិស្សឲ្យចូលរួមការអាន ក្នុងទិវាអំណាននាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។ នេះបើតាមសេចក្ដីណែនាំស្ដីពីការរៀបចំទិវាអំណាន របស់ក្រសួងអប់រំ យុវជន និងកីឡា។
យោងតាមសេចក្ដីណែនាំស្ដីពីការរៀបចំទិវាអំណាន ១១ មីនា ២០១៧ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតប្រជែងជាលើកដំបូងទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ សម្រាប់ជ្រើសរើសសិស្សចូលរួមការអាន ក្នុងទិវាអំណាន។
ក្រសួងអប់រំ ក៏បានដាក់នូវវិញ្ញាសាចំនួន ៣ សម្រាប់សិស្សានុសិស្សចូលរួមប្រកួតប្រជែងផងដែរ។ ចំពោះ វិញ្ញាសាការអានអត្ថបទ ផ្ដោតសម្រាប់សិស្សថ្នាក់ទី៦, ការស្មូតកំណាព្យ សម្រាប់សិស្ស ថ្នាក់ទី៩ និងការតែងនិពន្ធ សម្រាប់សិស្សថ្នាក់ទី១២។
ក្រសួងអប់រំ បញ្ជាក់ថា ការប្រកួតប្រជែងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៩ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បន្ថែមលើនេះ ការប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ដល់ជ័យលាភីលើវិញ្ញាសាទាំង៣ ទូទាំងប្រទេសនឹងប្រព្រឹត្តទៅក្នុងកម្មវិធីប្រារព្ធទិវាអំណានថ្នាក់ជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។
ជាមួយគ្នានេះ សម្រាប់ការចំណាយលើដំណើរការប្រកួតប្រជែង នៅថ្នាក់គ្រឹះស្ថានសិក្សាថ្នាក់ក្រុង ស្រុក ខណ្ឌ និងរាជធានី-ខេត្តទាំងអស់ជាបន្ទុករបស់ថ្នាក់ក្រោមជាតិ ដោយមានកិច្ចសហការជាដៃគូអភិវឌ្ឍផ្សេងៗ។ ម្យ៉ាងទៀត ការចំណាយក្នុងដំណើរការប្រកួតប្រជែង និងការប្រារព្ធទិវាជាតិអំណានថ្នាក់ជាតិ ជាបន្ទុករបស់ក្រសួងអប់រំ យុវជន និងកីឡា។ ចំណែក ការចំណាយលើសោហ៊ុយធ្វើដំណើរ ហូបចុក និងស្នាក់នៅរបស់បេក្ខជនមកពី២៥ រាជធានី-ខេត្ត ដែលជាប់ជ័យលាភីលេខ១ ទាំងបីវិញ្ញាសា និងប្រាក់ឧបត្ថម្ភ និងពានរង្វាន់ ជាបន្ទុករបស់ក្រសួងអប់រំ៕
ថ្មីៗ
អត្ថបទ : ញឹក ស្រីល័ក្ខ
No comments:
Post a Comment