អគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានផ្ញើសារព្រមានខ្លាំងចំពោះបណ្ដាសម្ព័ន្ធមិត្ត និងគូប្រជែងទាំងឡាយរបស់អាមេរិក។ ក្នុងដំណើរលើកទីមួយទៅកាន់ស្នាក់ការអង្គការសហប្រជាជាតិ លោកស្រី Nikki Haley គំរាមថា រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ នឹងចំណាំឈ្មោះប្រទេសដែលមិនគាំទ្រអាមេរិក ហើយនឹងត្រៀមចាត់វិធានការឆ្លើយតបវិញដែរ។
អភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley ដែលត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ ជ្រើសរើសជាតំណាងប្រចាំអង្គការសហប្រជាជាតិ ទើបតែប្រគល់សារតាំងដល់អគ្គលេខាធិការលោក Antonio Guterres នៅថ្ងៃទី២៧ ខែមករា។ នៅមុនពេលប្រគល់សារតាំង លោកស្រី Nikki Haley ក៏បានផ្ញើសារក្រើនរម្លឹកមួយទៅដល់ប្រទេសជាមិត្ត និងបណ្ដាគូប្រជែងរបស់អាមេរិក ព្រមគ្នានឹងទស្សនវិស័យរបស់លោកស្រី ក្នុងនាមជាតំណាងអាមេរិកប្រចាំស្ថាប័នពិភពលោក។
ពីទីស្នាក់ការអង្គការសហប្រជាជាតិ លោកស្រី Nikki Haley និយាយថា អ្នកនឹងឃើញការផ្លាស់ប្ដូររបៀបធ្វើការរបស់យើង។ គោលដៅនៃរដ្ឋបាលអាមេរិកថ្មី គឺបង្ហាញតម្លៃរបស់នៅអង្គការសហប្រជាជាតិ។ អ្នកនយោបាយបក្សសាធារណរដ្ឋរូបនេះបន្តថា របៀបបង្ហាញតម្លៃរបស់យើង គឺតាមរយៈការបញ្ចេញឫទ្ធអំណាច និងសំឡេងរបស់យើង, ជួយគាំទ្រសម្ព័ន្ធមិត្ត ក៏ដូចជាប្រាកដថា សម្ព័ន្ធមិត្តរបស់យើង នឹងជួយយើងវិញដែរ។
យ៉ាងណាមិញ អគ្គរដ្ឋទូតអាមេរិករូបនេះ ក៏បានគំរាមទុកមុនដែរថា៖ «សម្រាប់ប្រទេសដែលមិនជួយគាំទ្រអាមេរិក យើងនឹងកត់ត្រាឈ្មោះប្រទេសទាំងនោះទុក។ យើងនឹងមានចំណាត់ការណាមួយទៅតាមហ្នឹងទៀត»។ ប៉ុន្តែលោកស្រីអគ្គរដ្ឋទូត មិនបានបញ្ជាក់ឲ្យច្បាស់ពីវិធានការដែលរដ្ឋបាលប្រធានាធិបតី បារ៉ាក់ អូបាម៉ា អនុវត្តលើប្រទេសដែលមិនជួយអាមេរិកឡើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The New York Times ។
សូមបញ្ជាក់ថា លោកស្រី Nikki Haley ត្រូវបានព្រឹទ្ធសភាអាមេរិកតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិនៅថ្ងៃអង្គារទី ២៤ មករាកន្លងទៅ។ ការតែងតាំងលោកស្រី Nikki Haley ជាផ្នែកមួយនៃការពង្រឹងនយោបាយការទូតថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងពេលខាងមុខ។ ការតែងតាំងនេះ បានជួយជម្រះអស់មន្ទិលសង្ស័យដែលមានកន្លងមកពាក់ព័ន្ធអនាគតនៃទំនាក់ទំនងរវាងអាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ជាមួយអង្គការសហប្រជាជាតិ។
វាបានន័យថា រដ្ឋបាលថ្មីនេះនៅរក្សាទំនាក់ទំនងជាមួយស្ថាប័នពហុភាគីនេះដដែល ថ្វីបើប្រធានាធិបតីអាមេរិកធ្លាប់រិះគន់អង្គការនេះខ្លាំងក៏ដោយ។ លោក ត្រាំ ធ្លាប់គំរាមកាត់បន្ថយជំនួយផ្តល់ឲ្យអង្គការសហប្រជាជាតិពាក់ព័ន្ធកម្មវិធីនានាដែលដោះស្រាយបញ្ហប្រែប្រួលអាកាសធាតុ និងប្រឆាំងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងសំណុំរឿងសាងសង់លំនៅដ្ឋានលើទឹកដីប៉ាឡេស្ទីន។ លោក ត្រាំ ហ៊ានសន្យាកែទម្រង់អង្គការអន្តរជាតិនេះថែមទៀតផង៕
ថ្មីៗ
អត្ថបទ : តន ចាន់រិទ្ធារ៉ា
No comments:
Post a Comment