ខណៈដែលបណ្តាមេដឹកនាំលើពិភពលោកនាំគ្នារិះគន់និងថ្កោលទោសគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ដែលរឹតបន្តឹងការទទួលជនអន្តោប្រវេសន៍ និងផ្អាកទទួលយកជនភៀសខ្លួន ឆែកបានចេញមុខគាំទ្រ។ ប្រធានាធិបតីឆែក Milos Zeman ជឿជាក់ថា ចំណាត់ការលោក ត្រាំ ពិតជាជួយការពារសុវត្ថិភាពប្រជាជនអាមេរិកមែន ហើយលោករិះគន់អឺរ៉ុបដែលមិនហ៊ានធ្វើតាមអាមេរិក។
តំណាងឲ្យប្រធានាធិបតីឆែកលោក Milos Zeman អ្នកនាំពាក្យប្រធានាធិបតីលោក Jiri Ovcacek បានស្វាគមន៍និងគាំទ្រចំណាត់ការប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលមានគោលដៅរឹតបន្តឹងការទទួលយកជនអន្តោប្រវេសន៍និងផ្អាកទទួលយកជនភៀសខ្លួនបណ្តោះអាសន្ន។
លោក Jiri Ovcacek បានសរសេរបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គម Twitter របស់ខ្លួនថា ៖« ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ការពារប្រទេសលោក។ លោកបារម្ភពីសុវត្ថិភាពប្រជាជនអាមេរិក ហើយវាជាអ្វីដែលក្រុមអភិជនអឺរ៉ុបមិនហ៊ានធ្វើ»។
លោកបន្តថា៖ «សុវត្ថិភាពប្រជាជនឆែកជារឿងអាទិភាពសម្រាប់យើង។ ហើយឥឡូវយើងមានសម្ព័ន្ធមិត្តមួយនៅអាមេរិក»។
ដូចបញ្ជាក់ក្នុងសំណេរខាងលើស្រាប់ហើយ អ្នកនាំពាក្យប្រធានាធិបតី ឆែក រូបនេះក៏បានឆ្លៀតរិះគន់សហភាពអឺរ៉ុបដែលព្រងើយកន្តើយចំពោះបញ្ហាវិបត្តិជនភៀសខ្លួន និងបញ្ហាជនអន្តោប្រវេសន៍ដែលកំពុងកើតមានឡើងនៅអឺរ៉ុបបច្ចុប្បន្ន។
ការលើកសរសើរចំណាត់ការរបស់ ដូណាល់ ត្រាំ របស់រដ្ឋាភិបាលឆែកនេះ វាផ្ទុយស្រឡះពីគោលជំហរមេដឹកនាំពិភពលោកផ្សេងទៀតជាពិសេសសមាជិកសហភាពអឺរ៉ុប។ ប្រទេសនៅអឺរ៉ុបដូចជាបារាំងនិងអាល្លឺម៉ង់រិះគន់បទបញ្ជារបស់លោក ដូណាល់ ត្រាំ នេះ ដោយប្រកាសថា ការទទួលយកជនភៀសខ្លួនជាផ្នែកមួយនៃកាតព្វកិច្ចរបស់ប្រទេសមហាអំណាច។
យ៉ាងណាក៏ដោយ វាជាគោលជំហរផ្ទាល់ខ្លួនរបស់ប្រធានាធិបតី Zema ដែលត្រូវបានគេស្គាល់ថាជាអ្នកនយោបាយគាំទ្ររុស្ស៊ី និងជាអតីតជនកុម្មុយនីស្តផង។ កន្លងមកអ្នកនយោបាយវ័យចំណាស់ អាយុ៧២ឆ្នាំរូបនេះបានរិះគន់ជនភៀសខ្លួននិងជនអន្តោប្រវេសន៍មកពីប្រទេសម៉ូស្លីម ហើយលោកក៏ធ្លាប់ហៅចរន្តហូរចូលនៃជនអន្តោប្រវេសន៍មកអឺរ៉ុបថាជា «ការឈ្លានពានដែលមានការរៀនចំ» និងអះអាងថា ប្រជាជនម៉ូស្លីមមិនអាចសមាហរណកម្មរួមរស់ជាមួយគេបានឡើយ។
មកទល់ពេលបច្ចុប្បន្ននេះ បញ្ហាជនភៀសខ្លួននិងជនអន្តោប្រវេសន៍ជាប្រធានបទក្តៅក្នុងបរិបទនយោបាយឆែក ថ្វីបើប្រជាជនជាជនភៀសខ្លួននិងជនអន្តោប្រវេសន៍ទាំងនោះមិនឆ្លងដែនសម្រុកចូលប្រទេសនេះក៏ដោយ។ អ្នកនយោបាយឆែកបានកេងចំណេញស្ថានការណ៍ដោយទាញយកបញ្ហាកើតឡើងនៅអឺរ៉ុបដូចជាការវាយប្រហារដោយក្រុមភេរវជនដើម្បីបញ្ឆេះកំហឹងនិងការស្អប់ខ្ពើមជនភៀសខ្លួនជាដើម៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment