ភ្នំពេញ៖ មកធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល៦ឆ្នាំហើយ កញ្ញា Martalia Lo ស្ថាបនិក និងនាយិកាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងទេសចរណ៍ បាននិយាយដោយស្មោះត្រង់ថា កញ្ញាមានបំណងចង់រស់នៅក្នុងប្រទេសកម្ពុជាយូរជាងនេះទៅទៀត។ មូលហេតុ ក៏ព្រោះតែនាងស្រឡាញ់ពលរដ្ឋខ្មែរ វប្បធម៌ខ្មែរ និងម្ហូបខ្មែរ។ ហេតុអ្វីបានជាកញ្ញាស្រឡាញ់ពលរដ្ឋខ្មែរ និងវប្បធម៌ខ្មែរ? ។ ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសជាភាសាអង់គ្លេសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូវនិកថ្មីៗ និងកញ្ញា Martalia Lo ស្ថាបនិក និងនាយិកាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងទេសចរណ៍ដូចតទៅ៖
“I don’t have to be here, but I choose to be here.”។ «ខ្ញុំមិនបានបង្ខំចិត្តមករស់នៅក្នុងស្រុកខ្មែរទេ តែខ្ញុំជ្រើសរើសមករស់នៅដោយខ្លួនឯង»។ នេះ គឺជាការបញ្ជាក់ប្រាប់របស់កញ្ញា Martalia Lo ស្ថាបនិក និងនាយិកាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងទេសចរណ៍ទៅកាន់អ្នកសារព័ត៌មានដែលបានសួរសំណួរកញ្ញាថា ហេតុអ្វីបានជាកញ្ញាស្រឡាញ់ប្រទេសកម្ពុជាខ្លាំងម្ល៉េះ?
ក្រោយពីបានសម្រេចចិត្តមករស់នៅក្នុងប្រទេសកម្ពុជាមួយរយៈមក កញ្ញា Martalia Lo ព្យាយាមរៀនភាសាខ្មែរដោយខ្លួនឯង ពោលគឺរៀនជាមួយពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង។ នៅកន្លែងធ្វើការ នៅតាមផ្សារ ឬនៅតាមស្រុកភូមិជាដើម។ កញ្ញានិយាយថា រៀនភាសាខ្មែរនៅសាលាផ្លូវការក៏បានដែរ តែនាងគិតថា បើរៀនភាសាខ្មែរដោយអនុវត្តផ្ទាល់ជាមួយជនជាតិខ្មែរនៅគ្រប់មជ្ឈដ្ឋាន វាពិតជាឆាប់ចេះជាងការសិក្សារនៅសាលាដោយខ្វះការអនុវត្តផ្ទាល់។
ចេះភាសាខ្មែរធ្វើឲ្យកញ្ញាស្រឡាញ់ប្រទេសខ្មែរ យល់ពីជម្រៅទឹកចិត្តខ្មែរ វប្បធម៌ខ្មែរ។ល។ កញ្ញានិយាយថា៖«ខ្ញុំចូលចិត្តធ្វើការជាមួយជនជាតិខ្មែរ។ ខ្ញុំស្រឡាញ់ខ្មែរ។ ខ្មែររស់រាយ និងស្លូត»។
ឪពុកម្តាយមានឈាមជ័រជាជនជាតិចិន កើតនៅក្នុប្រទេសឥណ្ឌូនេស៊ី ហើយធំដឹងក្តីនៅក្នុងប្រទេសកាណាដា កញ្ញា Martalia Lo ស្ថាបនិក និងនាយិកាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងទេសចរណ៍ និយាយថា កញ្ញាមិនចេះទម្រើសខ្លួនឯងទេ មានន័យថា នៅពេលរស់នៅស្រុកខ្មែរ កញ្ញារស់នៅតាមរបៀបខ្មែរ។ កញ្ញាបញ្ជាក់ថា៖«ខ្ញុំរស់នៅទីនេះ៦ឆ្នាំហើយ។ ខ្ញុំហូប ខ្ញុំដេកដូចខ្មែរនៅតាមភូមិស្រុកដែរ។ ពេលខ្លះ ខ្ញុំដេកនៅលើអិដ្ឋ ខ្ញុំជិះក្របី និងស្ទូងស្រូវជាដើម»។
ចេះភាសាខ្មែរមិនមែនជួយត្រឹមការងាររបស់កញ្ញាទេ តែចេះភាសាខ្មែរអនុញ្ញាតឲ្យកញ្ញាសម្របខ្លួនបានយ៉ាងងាយទៅក្នុងសង្គមខ្មែរ។ កញ្ញានិយាយបន្ថែមថា៖«ចេះភាសាខ្មែរអាចឲ្យខ្ញុំយល់ពីបេះដូងរបស់ខ្មែរនៅពីក្រោយវប្បធម៌របស់ខ្មែរបន្ថែមទៀត។ ចេះភាសាខ្មែរ ទិញអី ក៏គេមិនសូវកោដែរ(នៅតាមផ្សារ)។ ឥឡូវ ខ្ញុំមានអារម្មណ៍ថា ខ្ញុំក្លាយជាជនជាតិខ្មែរហើយ»។
កញ្ញា Martalia Lo សរសើរប្រទេសខ្មែរ ជនជាតិខ្មែរ ម្ហូបខ្មែរ និងវប្បធម៌ខ្មែរមិនដាច់ពីមាត់នៅក្នុងអំឡុងពេលធ្វើបទសម្ភាស។ ប៉ុន្តែអ្វីដែលរំខានអារម្មណ៍កញ្ញានោះ គឺអាកាសធាតុក្តៅនៅប្រទេសកម្ពុជា ហើយម្យ៉ាងទៀត Martalia មិនចូលចិត្តសត្វមូសដែលចេះតែខាំនាង៕
ថ្មីៗ
អត្ថបទ : គី សុខលីម
No comments:
Post a Comment