លោក គីម វ៉នជីន ឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជា |
ភ្នំពេញ៖ កម្ពុជា និងកូរ៉េខាងត្បូង នឹងប្រារព្ធពិធីចុះហត្ថលេខា ស្តីពី៖ការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច(២០១៦-២០១៨) ដែលមានទឹកប្រាក់ចំនួន ៣៥០លាន ដុល្លារអាមេរិក គ្រប់ដណ្តប់គម្រោងអាទិភាពដូចជា៖ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាស្ត្រ សុខភាព ផ្លូវជនបទ និងលូបង្ហូរទឹក ព្រមទាំងទឹកប្រាក់ជាង៦៧លានដុល្លារអាមេរិកទៀត គឺសម្រាប់លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក គីម វ៉នជីន ឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើឯកសារចំនួន២ ដែលមានទឹកប្រាក់រហូតដល់ជាង៤១៧លានដុល្លារសហរដ្ឋអាមេរិក នាម៉ោង១០ព្រឹកស្អែកនេះ នៅទីស្តីការក្រសួងការបរទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣០ មករានេះ។
សេចក្តីប្រកាសព័ត៌មានខាងលើ បានឲ្យដឹងថា កម្ពុជា និងភាគីកូរ៉េខាងត្បូង នឹងចុះហត្ថលេខា ស្តីពី៖ ការផ្តល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (២០១៦-២០១៨) ដែលមានទឹកប្រាក់ចំនួន៣៥០លានដុល្លារអាមេរិក គ្រប់ដណ្តប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាស្ត្រ សុខភាព ផ្លូវជនបទ និងលូបង្ហូរទឹក ព្រមទាំងទឹកប្រាក់ចំនួន ៦៧,៤៣៤,០០០ ដុល្លារអាមេរិកទៀត គឺសម្រាប់លើកកម្ពស់ផ្លូវជាតិលេខ៤៨។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាខាងលើនេះ គឺជាការបន្តគម្រោងគាំទ្ររបស់សាធារណរដ្ឋកូរ៉េខាងត្បូង ដល់ប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រសើរ ផ្នែកសេដ្ឋកិច្ច-សង្គម និងរួមចំណែករក្សាកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយស្ថិរភាព៕
ថ្មីៗ
អត្ថបទ : រ៉ឹម ភារី
No comments:
Post a Comment