ភ្លាមៗ បន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ៦៧រូប អនុម័តវិសោធនកម្មបទបញ្ជាផ្ទៃក្នុងសភាពីប្រការ៤៨ថ្មី (បី) ឲ្យទៅជាប្រការ៤៨ថ្មី (បួន) តំណាងរាស្ត្រគណបក្សសង្គ្រោះ បានរិះគន់ថា ការលើកយកបញ្ហាបុគ្គលមកធ្វើជាមូលហេតុ គឺមិនអាចទទួលយកបាននោះឡើយ។
វិសោធនកម្មបទបញ្ជាផ្ទៃក្នុងសភាពីប្រការ៤៨ថ្មី (បី) ឲ្យទៅជាប្រការ៤៨ថ្មី (បួន) នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា នេះ បានធ្វើឲ្យតួនាទីជាប្រធានក្រុមតំណាងរាស្ត្រ និងប្រធានក្រុមមតិភាគតិច របស់ឯកឧត្តម កឹម សុខា ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី ត្រូវបានលុបចោលហើយ ។ អ្នកដែលលើកដៃអនុម័ត គឺជាតំណាងរាស្ត្រចំនួន៦៧រូបពីគណបក្សប្រជាជនកម្ពុជាទាំងអស់។
នាសន្និសីទសារព័ត៌មាននៅទីស្នាក់ការរបស់ខ្លួន លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការធ្វើវិសោធនកម្មដោយផ្អែកលើបញ្ហាបុគ្គល គឺមិនអាចទទួលយកបាននោះឡើយ។ លោកអះអាងថា តំណាងរាស្ត្រគណបក្សប្រឆាំងមិនមែនធ្វើពហិកានោះទេ ប៉ុន្តែពួកលោកមិនចង់ក្លាយជាចំណែកនៃការសម្រេចចិត្តដែលប៉ះពាល់ប្រយោជន៍ពលរដ្ឋ និងជាតិ។
លោក អេង ឆៃអ៊ាង បានបន្ថែមថា ការធ្វើវិសោធនកម្មនេះ មិនមែនសំដៅលើតំណែងរបស់ឯកឧត្តម កឹម សុខា នោះឡើយ ប៉ុន្តែវាជាការលុបបំបាត់ស្ថាប័ន ពីព្រោះតំណែងបក្សអាចចាត់តាំងអ្នកណាក៏បានដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានអះអាងថា ពួកគេនៅតែមានយន្តការធ្វើការងាររបស់ខ្លួនតាមរយៈក្រុមការងារសភារបស់បក្ស ដោយបន្តពិនិត្យច្បាប់ ហៅរដ្ឋមន្ត្រីទៅសាកសួរ និងចុះពិនិត្យមូលដ្ឋាន៕
ថ្មីៗ
អត្ថបទ : រឿន ភារុន
No comments:
Post a Comment