ក្រោយស្ងប់ស្ងាត់អស់មួយរយៈពេលហើយនោះ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌើទើតេ បានចេញមុខរិះគន់សម្ព័ន្ធមិត្តប្រពៃណីអាមេរិកជាថ្មី។ លោកប្រធានាធិបតី បានចោទអាមេរិក ថា កំពុងតែធ្វើឲ្យស្ថិរភាពតំបន់ប្រឈមនឹងហានិភ័យខ្ពស់តាមរយៈការបញ្ជូនសព្វាវុធ និងចេតនាក្នុងដំឡើងសព្វាវុធទាំងនោះក្នុងទឹកដីហ្វីលីពីនជាអចិន្ត្រៃយ៍។ តែក៏ប៉ុន្តែលោកប្រធានាធិបតី ក៏បានព្រមានបញ្ចប់កិចុ្ចព្រមព្រៀងយោធាទ្វេភាគីផងដែរ ប្រសិន រកឃើញថា សកម្មភាពទាំងនោះ បានបំពាន និងធ្វើឲ្យគ្រោះថ្នាក់ដល់តំបន់ខ្លាំងនោះ។
លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌើទើតេ នៅថ្ងៃទី២៩ មករា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ក្រុងវ៉ាស៊ីនតោន កំពុងតែដឹកសព្វាវុធចូលទៅក្នុងខេត្តចំនួនបីរបស់ហ្វីលីពីនដើម្បីរក្សាទុកនៅទីនោះជាអចិន្ត្រៃយ៍តែម្តង។ លោក បានប្រតិកម្មទៅនឹងសកម្មភាពរបស់អាមេរិកយ៉ាងដូច្នេះថា៖« ពួកគេ(អាមេរិក) កំពុងតែបញ្ចេញអាវុធនៅក្នុងទឹកដីហ្វីលីពីន ... ខ្ញុំ កំពុងតែកត់ចំណាំ ។ កុំធ្វើបែបនេះ ខ្ញុំ មិនអនុញ្ញាតឲ្យធ្វើបែបនេះឡើយ»។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters ។
លោកប្រធានាធិបតី បន្ថែមទៀតថា បទបញ្ញត្តិនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ មិនបានបញ្ជាក់ និងអនុញ្ញាតឲ្យមានសំណង់ជាអចិន្ត្រៃយ៍ក្នុងទឹកដីហ្វីលីពីនឡើយ។ តាមប្រភពព័ត៌មានដដែលនោះ លោក ឌើទើតេ ដែលមានឈ្មោះក្រៅថា អ្នកដាក់ទណ្ឌកម្ម ក៏កំពុងតែតាមដាន និងចោទជាសំណួរដែលថា សកម្មភាពយោធារបស់អាមេរិករាប់បញ្ចូលទាំងការដំឡើង មីស៊ីលឬយ៉ាងណា។
ប្រតិកម្ម និងអត្ថាធិប្បាយរបស់លោកប្រធានាធិបតីហ្វីលីពីនរូបនេះ ធ្វើឡើងបន្ទាប់ពីមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានបើកភ្លើងខៀវសម្រាប់កងទ័ពខ្លួនក្នុងការកសាងឃ្លាំងផ្ទុកសព្វាវុធ បន្ទាយទាហាន ផ្លូវយន្តហោះយោធាចុះនៅឆ្នាំ២០១៧នេះ ក្រោមកិច្ចព្រមព្រៀងយោធារវាងអាមេរិក និងហ្វីលីពីននោះ។ តែយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ឌើទើតេ នាឱកាសសន្និសីទសារព័ត៌មានដដែលនោះ ក៏បានបញ្ជាក់ផងដែរថា ប្រសិន អាមេរិក បំពាក់កាំភ្លើងធំនៅហ្វីលីពីនមែននោះ លោក នឹងពិចារណាកែប្រែសន្ធិសញ្ញាទ្វេភាគី ឬមោឃភាពកិច្ចព្រមព្រៀងយោធានោះតែម្តង។
សូមជម្រាបផងដែរថា នៅឆ្នាំ២០១៤ ហ្វីលីពីន និងអាមេរិក បានចុះកិច្ចព្រមព្រៀងកំពូលទ្វេភាគីការពារជាតិមួយ ដែលមានឈ្មោះថា «កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការពង្រឹងវិស័យការពារ (EDCA)» ដែលកិច្ចព្រមព្រៀងនេះ ក៏បានចូលជាធរមាននៅដើមឆ្នាំ២០១៦ បន្ទាប់ពីតុលាការកំពូលហ្វីលីពីនប្រកាសពីធម្មនុញ្ញភាពនោះ។
កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការពង្រឹងវិស័យការពារ ផ្តល់លទ្ធភាពឲ្យកងទ័ពអាមេរិកអាចបំពាក់សព្វាវុធ និងបញ្ជូនកងទ័ពរបស់ខ្លួនមកកាន់ទឹកដីហ្វីលីពីនបានដោយស្របច្បាប់។ បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ផ្តល់អត្ថប្រយោជន៍សម្រាប់កងទ័ពហ្វីលីពីន ក្នុងការទទួលបាន ការហ្វឹកហ្វឺនបន្ថែមពីអាមេរិក ការការពារសន្តិសុខដែនសមុទ្រ និងប្រតិបត្តិការមនុស្សធម៌ និងមហន្តរាយផ្សេងៗទៀតផង។
អ្វីគួរកត់សម្គាល់នោះ តាមរយៈ EDCA នេះដែរ ហ្វីលីពីន ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីប៊ែរនីណូ អាហ្គីណូ បានព្រមព្រៀងផ្តល់ទីតាំងប្រាំកន្លែងសម្រាប់ការដាក់មូលដ្ឋានយោធាទ័ពអាកាសរបស់អាមេរិកនៅក្នុងទឹកដីរបស់ខ្លួន ដែលការអនុញ្ញាតនេះ គឺជាបើកផ្លូវឲ្យទ័ពអាមេរិក អាចឈរជើង ដំឡើងសព្វាវុធ និងមានមូលដ្ឋានសម្រាប់យោធានៅក្នុងហ្វីលីពីន ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយស្របច្បាប់។
តាមពិតទៅ អាមេរិក ធ្លាប់បានដាក់មូលដ្ឋានយោធារបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីនតាំងពីមហាអំណាចពិភពលោកមួយនេះទទួលសិទ្ធិដាក់អាណានិគមលើហ្វីលីពីនបន្តពីអេស្ប៉ាញតាំងពី១៨៩៨មកម្ល៉េះ។ តែនៅឆ្នាំ១៩៩២ ទ័ពអាមេរិក និងសិទ្ធិកាន់កាប់មូលដ្ឋាននោះ ត្រូវបានដកហូតដោយរដ្ឋាភិបាលហ្វីលីពីនវិញ៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment