ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

ហ្វីលីពីន​៖ សកម្មភាព​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​រឿង​របស់​អាមេរិក មិន​ពាក់ព័ន្ធ​ហ្វីលីពីន​ទេ​

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Perfecto Yasay (រូបថត​ Xinhua)

ប្រមុខ​ការបរទេស​ហ្វីលីពីន Perfecto Yasay នៅ​ថ្ងៃទី​១៣ ខែមករា បាន​និយាយថា សកម្មភាព​ណាមួយ​របស់​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​សំដៅ​បណ្ដេញ​ចិន​ចេញពី​កោះ​សិប្បនិម្មិត គឺជា​រឿង​សិទ្ធិផ្ដាច់មុខ​របស់​អាមេរិក និង​ជា​សកម្មភាព​របស់​អាមេរិក​តែម្នាក់ឯង​។ ការលើកឡើង​របស់​ប្រមុខ​ការបរទេស​ហ្វីលីពីន ធ្វើឡើង​បន្ទាប់​អនាគត​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និយាយថា ចិន គួរ​ត្រូវបាន​ហាមឃាត់​ពី​ការប្រើប្រាស់​កោះ​សិប្បនិម្មិត​ទាំងនោះ​។​

មុន​ការ​កាន់អំណាច​របស់​ប្រធានាធិបតី Rodrigo Duterte រដ្ឋាភិបាល​ហ្វីលីពីន តែង​អំពាវនាវ​ឲ្យ​អាមេរិក​ធ្វើ​សកម្មភាព​ប្រឆាំង​ចិន ដែល​ចេះតែ​បង្កើត​កោះ​សិប្បនិម្មិត​ជាច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ យ៉ាងណាក្ដី រឿងរ៉ាវ​ផ្អែមល្ហែម​ទាំងនោះ ទំនង​មកដល់​ទីបញ្ចប់​ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក Duterte ។ ហ្វីលីពីន ហាក់​មាន​ជំហរ​ទន់ភ្លន់​ដាក់​ចិន​ជាង​មុន និង​មិនសូវ​តវ៉ា​ខ្លាំង​ចំពោះ​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។

​ចំណែក​អាមេរិក​វិញ នៅតែ​អះអាងថា សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​ការកសាង​កោះ​សិប្បនិម្មិត មិនជា​រឿង​ល្អ​ឡើយ​។ ក្នុងពេល​ផ្ដល់​សក្ខីកម្ម​ដល់​គណៈកម្មាធិកា​រ​ព្រឹទ្ធសភា អនាគត​រដ្ឋមន្ត្រីការបរទេស Rex Tillerson នៅ​ថ្ងៃទី​១២ ខែមករា និយាយថា ចិន គួរ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលទៅ​កាន់​កោះ ដែល​កសាង​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។

​យ៉ាងណាមិញ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា លោក Perfecto Yasay ប្រមុខ​ការទូត​ហ្វីលីពីន​នៃ​រដ្ឋបាល​លោក Duterte បានបង្ហាញ​គំនិត​ផ្ទុយគ្នា​ពី​លោក Tillerson ដែល​ចង់​បណ្ដេញ​ចិន​ចេញពី​កោះ​សិប្បនិម្មិត​នោះ​។ ក្នុង​កិច្ចសម្ភាសន៍​មួយ​នៅ​ថ្ងៃទី​១៣ ខែមករា រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​រូបនេះ​សង្កត់ធ្ងន់ថា​៖ «​ពួកគេ និយាយថា ពួកគេ​នឹង​រារាំង​ចិន​ពី​ការចូល ឬ​ប្រើប្រាស់​កោះ​សិ​ប្បិ​និម្មិត​ទាំងនោះ​។ ប្រសិនបើ​ពួកគេ​ចង់​ធ្វើ និង​មាន​កម្លាំង​ដើម្បី​ធ្វើ​នោះ ពួកគេ​ធ្វើទៅ​ចុះ​»​។​

​គួរ​រម្លឹក​ដែរ​ថា កន្លងមក ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ក៏​មិន​ព្រួយបារម្ភ​អ្វី​ឡើយ​នឹង​សកម្មភាព​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​ការបង្កើត​កោះ​សិប្បនិម្មិត​នោះ​។ មិន​ត្រឹមតែ​មិន​ព្រួយបារម្ភ​ឡើយ លោក​ចាត់ទុកថា សកម្មភាព​របស់​ចិន​មិនមែនជា​រឿង​ធំដុំ​អ្វី​ឡើយ​។ តែ​លោក​ធ្លាប់​លើកឡើងថា បើ​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​រឿង​ធ្ងន់ធ្ងរ អាមេរិក​គួរតែ​មកជួយ ដើម្បី​ហាមឃាត់​សកម្មភាព​ក្រុង​ប៉េកាំង​។​

​ដោយឡែក លោក Yasay ផ្ទាល់​ក៏​ធ្លាប់​អះអាងថា ហ្វីលីពីន មិនអាច​បញ្ឈប់​ចិន​បានឡើយ ហើយ​មានតែ​ការពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អ​ជាមួយនឹង​ចិន​នោះទេ​ដែល​ផ្តល់​ប្រយោជន៍​មកវិញ​នោះ​។ លោក ពន្យល់ថា ដោយសារតែ​ការពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ចិន អ្នកនេសាទ​ហ្វីលីពីន​បច្ចុប្បន្ន អាច​ទៅ​នេសាទ​នៅក្នុង​តំបន់​ក្បែរ​ថ្ម​ប៉ប្រះ​ទឹក Scarbarough ដែល​ចិន បាន​បិទ​មិន​ឲ្យ​ចូល​តាំងពី​ឆ្នាំ​២០១២​នោះ​៕

ថ្មី​ៗ
អត្ថបទ : តន ចាន់​រិ​ទ្ធា​រ៉ា

No comments: