ភ្នំពេញ៖ លោក ឆន សុវណ្ណរាជ តារាចម្រៀងល្បីឈ្មោះ និងជាគណៈកម្មការវាយតម្លៃសមត្ថភាពបេក្ខជនក្នុងកម្មវិធី Cambodian Idol បានផ្ញើសារប្រឆាំងអំពើពុករលួយ នៅកម្ពុជា។
«ធ្វើការដោយស្អាត់ស្អំ ប្រជាជនសុខដុម ប្រទេសជាតិរុងរឿង»។ លោក ឆន សុវណ្ណរាជ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ថ្លែងសារប្រឆាំងអំពើពុករលួយ ចំពោះមុខលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រី និងសិស្ស និស្សិតជាង ៤ពាន់នាក់ កាលពីថ្ងៃទី ៦ខែមករា នៅសាលាតិចណូ។
ក្រៅពីលោក ឆន សុវណ្ណរាជ តារាខចម្រៀងបុរសនារីល្បីៗតាមផលិតកម្មមួយចំនួន ក៏បង្ហាញសារ រួមគ្នាប្រឆាំងអំពើពុករលួយដែរ។
កញ្ញា មាស សុខសោភា តារាចម្រៀងប្រចាំផលិតថោន ដែលជាម្ចាស់បទចម្រៀងកំពុងពេញនិយមក្នុងស្រទាប់យុវវ័យចំណងជើងថា ម្នាក់ឯងមិនស្លាប់ទេ បានបង្ហាញសារ ប្រឆាំងអំពើពុករលួយដែរថា៖«សូមរស់នៅដោយស្អាតស្អំ»។ អ្នកចូលរួមដែលភាគច្រើន ជាយុវជន បានទះដៃ និងហ៊ោកងរំពឹងបង្ហាញការគាំទ្រចំពោះកញ្ញា សុខសោភា។
មិនខុសគ្នាដែរ កញ្ញា សុគន្ធ នីសា ដែលជាម្ចាស់បទចម្រៀង មាតាដៃមួយរយ និងជាតារាចម្រៀងប្រចាំហង្សមាស បានបង្ហាញសារដូច្នេះ៖«អ្នកចេះ គឺជាប់ គឺធ្វើបានមែន»។ កញ្ញាបានបញ្ជាក់ន័យថា អ្នកចេះគឺជាប់ ជាសំដីមាស របស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
«យុវជន និងការប្រឆាំងអំពើពុករលួយគឺតែមួយ»។ លោក ខាត់ ជេមស៍ តារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេនិយាយ។ ម្ចាស់បទសុភមង្គលមិនមែនជាលុយរូបនេះ បង្ហាញសារប្រឆាំង អំពើពុករលួយ ដែលជំរុញយុវជនឲ្យចូលរួមប្រឆាំងអំពើពុករលួយ។
តារាចម្រៀង និងជាតារាសម្តែង កញ្ញា ញឹម ចាន់ថន បាននិយាយសារប្រឆាំងអំពើពុករលួយដូច្នេះ៖«មិនពុករលួយ គឺស្រលាញ់ប្រជាជន»។
រីឯ ម្ចាស់បទស្នេហាក្នុងពេលរាំវង់ និងមេម៉ាយនៅអេម ដ៏មានប្រជាប្រិយភាពលោក នេន ទុំ បាននិយាយថា៖«ពុករលួយនាំឲ្យបាត់យុត្តិធម៌សង្គម»។ សារលោក ទុំ មានន័យថា អយុត្តិធម៌ សង្គម កើតចេញពីអំពើពុករលួយ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចាត់ទុកសម្តី តារាចម្រៀងដែលជាមនុស្សសាធារណៈដែលគេស្គាល់ច្រើន ជាសម្តីមាស ដែលជះឥទ្ធិពល រួមចំណែកប្រឆាំងអំពើពុករលួយ នៅកម្ពុជា។ ឱកាសពិធីសាទរទិវាបុណ្យជាតិ ៧មករា និងទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ នៅថ្ងៃទី៦ ខែមករា ក្នុងសាលាតិចណូនោះ លោកបានប្រគល់គ្រឿងឥស្សរិយយស (អ្នកមានយសខ្ពង់ខ្ពស់) របស់រដ្ឋាភិបាលដល់ពួកគេផងដែរ៕
ថ្មីៗ
អត្ថបទ : រឿន ភារុន
No comments:
Post a Comment