សព្វាវុធអាមេរិកច្រើនសន្ធឹកសន្ធាប់រួមមានទាំងរថក្រោះរាប់រយគ្រឿងត្រូវបានគេបញ្ជូនទៅកាន់តំបន់អឺរ៉ុបជាប់ព្រំដែនរុស្ស៊ី។ អាមេរិកអះអាងយ៉ាងច្បាស់ថា វាជាការប្រឹងប្រែងដើម្បីថែរក្សាសន្តិភាពតំបន់អឺរ៉ុបដើម្បីទប់ទល់ការគំរាមកំហែងពីខាងក្រៅជាពិសេសរុស្ស៊ីតែម្តង។ លោក អូបាម៉ា ទំនងជាខ្លាចថា ពេលលោកចាកចេញ រុស្ស៊ីនឹងលើកទ័ពឈ្លានពានអឺរ៉ុបដូចគ្នាដែរ។
នៅសល់ប៉ុន្មានថ្ងៃប៉ុណ្ណោះ លោក បារ៉ាក់ អូបាម៉ា នឹងចាកចេញពីតំណែងហើយ តែលោកមិនឲ្យអណត្តិលោកចប់ទៅស្រួលៗនោះឡើយ។ លោក អូបាម៉ា បានជំរុញឲ្យមានការពង្រាយអាវុធធុនធ្ងន់ច្រើនប្រភេទ រួមទាំងកងទ័ពរាប់ពាន់នាក់ផងទៅកាន់តំបន់ប្រទេសអាល្លឺម៉ង់ដែលនៅជាប់ព្រំដែនរុស្ស៊ី។
បើតាមសារព័ត៌មានរុស្ស៊ី RT អាវុធយុទ្ធភ័ណ្ឌដែលត្រូវពង្រាយទៅកាន់តំបន់អឺរ៉ុបនោះមានរថក្រោះជាង ១០០គ្រឿង និងកងទ័ព៣៥០០នាក់ផង ដោយកងទ័ពនិងសព្វាវុធនេះបានមកដល់ទីក្រុងBremerhaven ប្រទេសអាល្លឺម៉ង់។
កងទ័ពដែលឈរជើងនៅអាល្លឺម៉ង់នេះនឹងត្រូវចល័តទៅកាន់ប្រទេសប៉ូឡូញដើម្បីចូលរួមក្នុងសមយុទ្ធយោធាមួយចុងខែមករានេះ។ ហើយបន្ទាប់មកកងទ័ពនិងសព្វាវុធនឹងត្រូវពង្រាយបន្តទៅកាន់ប្រទេស៧រួមទាំងរដ្ឋបាល់ទិក ប៊ុលការី, រូម៉ានី និងអាល្លឺម៉ង់ ខណៈដែលទីបញ្ជាការក៏ស្ថិតនៅប្រទេសអាល្លឺម៉ង់ដែរ។
១.អាមេរិកខ្លាចរុស្ស៊ីឈ្លានពានអឺរ៉ុប បន្ទាប់ពីអូបាម៉ាចេញពីតំណែង?
សហរដ្ឋអាមេរិកហាក់បីដូចជាបារម្ភពីអនាគតនៃតំបន់អឺរ៉ុបក្រោយអាណត្តិលោក បារ៉ាក់ អូបាម៉ា ដែលគេស្គាល់ថាជាប្រធានាធិបតីដែលមានជំហរការពារអឺរ៉ុបនិងប្រឆាំងរុស្ស៊ីខ្លាំងបំផុតមួយ។ រដ្ឋបាលអាមេរិករបស់លោក អូបាម៉ា ដែលនៅសល់ពេលប៉ុន្មានថ្ងៃទៀតនោះ ភ័យព្រួយថា រុស្ស៊ីនឹងលើកទ័ពឈ្លានពាន រដ្ឋបាល់ទិកនិងបណ្តារដ្ឋអឺរ៉ុបខាងកើតថ្ងៃណាមួយខាងមុខទៀត។ ហើយរដ្ឋបាលលោក អូបាម៉ា ហាក់មិនសូវទុកចិត្តលោក ដូណាល់ ត្រាំ ប៉ុន្មានឡើយ ព្រោះលោក ត្រាំ ជាញឹកញាប់បានលើកឡើងពីគោលជំហរទន់ទោរទៅរករុស្ស៊ី និងស្តារទំនាក់ទំនងជាមួយគ្នាឡើងវិញ។ ហើយកន្លងមក លោក ដូណាល់ ត្រាំ ថែមទាំងធ្លាប់និយាយថា បក្សសម្ព័ន្ធយោធាណាតូហួសសម័យ ហើយគំរាមទារថ្លៃការពារពីបណ្តាប្រទេសសមាជិកណាតូដែលបង់វិភាគទានមិនគ្រប់គ្រាន់ទៀត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ពោលគឺចាប់ពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងក្រោយរុស្ស៊ីដណ្តើមយកទឹកដី Crimea អាមេរិកបានពង្រាយសព្វាវុធខ្លួនមកកាន់អឺរ៉ុបជាបន្តបន្ទាប់ជាពិសេសទៅកាន់តំបន់អឺរ៉ុបខាងកើតនិងបន្តសមយុទ្ធយោធាមិនចេះដាច់។
ដូច្នេះហើយ ហេតុផលសំខាន់នៅពីក្រោយការពង្រាយអាវុធច្រើនសន្ធឹកសន្ធាប់ដ៏ចម្លែកនេះ ជាវិធានការមួយដើម្បីធានាថា អាមេរិកមិនឲ្យអឺរ៉ុបជួបបញ្ហាឡើយ ហើយអាមេរិកក៏មិនអនុញ្ញាតឲ្យអឺរ៉ុបក្លាយជានំដែលរុស្ស៊ីហែកឆីតាមចិត្តដែរ។
ពាក់ព័ន្ធការពង្រាយអាវុធទៅអាល្លឺម៉ង់និងទៅកាន់រដ្ឋបាល់ទិកនេះ មន្ត្រីយោធាជាន់ខ្ពស់កងទ័ពអាកាសអាមេរិកឧត្តមសេនីយ៍ Timothy M. Ray បានប្រកាសឥតមានលាក់លាមថា វាជាយុទ្ធសាស្ត្រទប់ទល់ការគំរាមកំហែងរបស់រុស្ស៊ីចំពោះអឺរ៉ុប។ លោកបញ្ជាក់ដូច្នេះថា៖« វាជាមធ្យោបាយមួយដើម្បីការពារសម្ព័ន្ធមិត្តប្រឆាំងនឹងរាល់ភាគីទាំងឡាយណាដែលគំរាមកំហែងសន្តិភាពនិងសន្តិសុខអឺរ៉ុប។ យើងមិនអនុញ្ញាតឲ្យរឿងបែបនោះកើតឡើងឡើយ។ បើឲ្យខ្ញុំនិយាយឲ្យច្បាស់ វាជាមធ្យោបាយមួយដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី និងធានាបូរណភាពដែនដីសម្ព័ន្ធមិត្ត និងរក្សាឲ្យបាននូវសេរីភាព វិបុលភាពនិងសន្តិភាពនៅអឺរ៉ុប»។
យ៉ាងណាក៏ដោយ ការពង្រាយកងទ័ពនិងសព្វាវុធច្រើនសន្ធឹកនេះទៅក្បែរព្រំដែនរុស្ស៊ី ហាក់មិនជួយរក្សាសន្តិភាពនិងសន្តិសុខឡើយ។ ទំនាក់ទំនងអាមេរិកនិងរុស្ស៊ីធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគួរឲ្យបារម្ភ ហើយសកម្មភាពអាមេរិកនៅអឺរ៉ុបជាសកម្មភាពបង្ករឿងនិងធ្វើឲ្យភាពតានតឹងកើនឡើង។ វាមិនខុសពីការប្រឹងចាក់សាំងលើភ្លើងឡើយ ហើយវាក៏បង្កើតការប្រណាំងប្រជែងសព្វាវុធកាន់តែខ្លាំងនៅអឺរ៉ុបថែមទៀត៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment