ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

តួនាទី​ឯកឧត្តម កឹម សុខា ដែលមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី ត្រូវបាន​រដ្ឋសភា លុបចោល​វិញ​ហើ​យ



តួនាទី​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភាគតិច របស់​ឯកឧត្តម កឹម សុខា ដែលមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី ត្រូវបាន​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋសភា អនុម័ត​លុបចោល​ហើយ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧​នេះ​។ អ្នក​ដែល​លើកដៃ​អនុម័ត គឺជា​តំណាងរាស្ត្រ​ចំនួន​៦៧​រូប​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​។

ចំណែកឯ តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលប្រជុំ​នោះ​។ ផ្ទុយទៅវិញ គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន ជុំវិញ​ការ​លុប​តួនាទី​របស់​ឯកឧត្តម កឹម សុខា​។​

​ការធ្វើវិសោធកម្ម ក្នុងការ​លុប​តួនាទី​របស់​ឯកឧត្តម កឹម សុខា គឺធ្វើឡើង​តាម​សំណើ​របស់​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ សំណើរ​នេះ កើតឡើង​ក្រោយ​ការប្រកាស​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ការប្រកាស​របស់​សម្តេច ហ៊ុន សែន បានបង្ហាញ​ពី​គោលបំណង​ក្នុងការ​លុប​តួនាទី​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភាគច្រើន​។​

​នេះ ជា​លើក​ទី​ពីរ​ហើយ ដែល​ឯកឧត្តម កឹម សុខា ត្រូវបាន​តំណាងរាស្ត្រ​ពី​ណ​បក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​ទម្លាក់​ចេញពី​តួនាទី​នៅក្នុង​រដ្ឋសភា​។ កាលពី​ចុងឆ្នាំ​២០១៥ ឯកឧត្តម កឹម សុខា ត្រូវបាន​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ទម្លាក់​ចេញពី​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា ម្តង​រួចមកហើយ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: