ភ្នំពេញ៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃអង្គារ ដើម្បីអនុម័តដកតួនាទីរបស់ឯកឧត្តម កឹម សុខា ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី។ ក្រុមអ្នកវិភាគ មើលឃើញថា តួនាទីមេបក្សប្រឆាំង ដែលត្រូវបានដកម្តងហើយម្តងទៀតយ៉ាងនេះ គឺដោយសារតែស្ថាប័នរដ្ឋសភាស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយ ។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាច បានច្រានចោលចំពោះការចោទប្រកាន់នេះ ហើយបកស្រាយថា ការលុបចោលនូវតួនាទីខាងលើ គឺធ្វើឡើងដោយសមស្របទៅតាមគោលការណ៍ច្បាប់។
បើគ្មានអ្វីប្រែប្រួលនោះទេ តួនាទីជាប្រធានក្រុមមតិភាគតិច របស់ឯកឧត្តម កឹម សុខា នឹងត្រូវរដ្ឋសភាលុបចោល នៅក្នុងកិច្ចប្រជុំពេញអង្គ នាពេលព្រឹកអង្គារនេះ តាមរយៈការធ្វើវិសោធនកម្មប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ ត្រង់ចំណុចនេះអ្នកតាមដានស្ថានការណ៍នៅកម្ពុជា លើកឡើងថា ស្ថាប័នរដ្ឋសភាមានភាពទន់ខ្សោយ ទើបការលុបតួនាទីរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ មានភាពងាយស្រួលយ៉ាងនេះ។
លោក មាស នី អ្នកវិភាគនយោបាយ មើលឃើញថា រដ្ឋសភា បានបាត់បង់ឯករាជ្យ ក្នុងការបំពេញកិច្ចការ និងការអនុម័តច្បាប់នានា។ លោក និយាយថា រដ្ឋសភា ប្រាកដជាអនុម័តលុបចោលតួនាទីជាប្រធានក្រុមតំណាងរាស្ត្រ និងប្រធានក្រុមមតិភាគតិច ទៅតាមការចង់បានរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមិនខាន។ អ្នកវិភាគរូបនេះ បានបញ្ជាក់ដូច្នេះថា៖«រដ្ឋសភា ត្រូវបានរដ្ឋាភិបាលប្រើប្រាស់ហើយ។ ខ្ញុំ គ្មានសង្ឃឹមថា រដ្ឋសភា នឹងបដិសេធការអនុម័តនូវអ្វីដែលនាយករដ្ឋមន្ត្រីស្នើឡើងនោះទេ»។
ចំណែកលោក សូ ចន្ថា ដែលជាអ្នកវិភាគនយោបាយមួយរូបដែលនោះ បាននិយាយថា រដ្ឋសភា មិនមានភាពរឹងពឹងឡើយ ហើយកំពុងតែក្លាយទៅជាស្ថាប័ន ដែលរងឥទ្ធិពលពីអ្នកនយោបាយ។ បើតាមលោក សូ ចន្ថា មិនត្រឹមតែស្ថាប័នកំពូលៗរបស់រដ្ឋទេ ដែលមានភាពទន់ខ្សោយ សូម្បីតែច្បាប់ ក៏មិនសូវមានតម្លៃដែរ។
អ្នកវិភាគរូបនេះ បន្ថែមថា ចំណុចអវិជ្ជមានទាំងនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់ទំនុកចិត្តលើស្ថាប័នរដ្ឋ ។ហើយជាពិសេស អ្នកវិនិយោគអន្តរជាតិ នឹងមិនសូវហ៊ានមករកស៊ីនៅកម្ពុជានោះទេ ពេលពួកគេ មើលឃើញភាពទន់ខ្សោយរបស់ច្បាប់បែបនេះ។
លោក សូ ចន្ថា និយាយដូច្នេះថា៖«ខ្ញុំមើលទៅ វិធានការឬក៏បទបញ្ជាផ្ទៃក្នុងរដ្ឋសភា មិនរឹងមាំ ហើយចង់មិនចង់ រដ្ឋសភា បានរងឥទ្ធិពលនយោបាយ បាត់ទៅហើយ។ ហើយការបង្កើតច្បាប់ ឬវិធានការណាមួយ ដូចជាមិនសូវឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិទេ តែដើម្បីប្រយោជន៍របស់បុគ្គលទៅវិញ»។
អ្នកនាំពាក្យពីគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការលើកឡើងរបស់អ្នកវិភាគខាងលើនេះ ដោយលោកពន្យល់តាមផ្លូវច្បាប់វិញថា ការស្នើឲ្យលុបចោលតួនាទីជាប្រធានក្រុមតំណាងរាស្ត្រ និងប្រធានក្រុមមតិភាគតិច គឺជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រី។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានសង្កត់ធ្ងន់ថា៖« វាមិនខុសច្បាប់ទេ ដែលនាយករដ្ឋមន្ត្រីស្នើឲ្យរដ្ឋសភាធ្វើវិសោធនកម្មលើចំណុចនេះ ព្រោះជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
គួរបញ្ជាក់ថា តួនាទីប្រធានក្រុមមតិភាគតិច ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី ដើមឡើយគឺជារបស់ឯកឧត្តម សម រង្ស៊ី។ ប៉ុន្តែ ឯកឧត្តម សម រង្ស៊ី បានបាត់បង់តួនាទីនេះ ដោយសាររដ្ឋសភា ប្រកាសថា ឯកឧត្តម សម រង្ស៊ី គឺជាទណ្ឌិត ដែលត្រូវអស់សុពលភាពក្នុងនាមជាតំណាងរាស្ត្រ។ នៅចុងឆ្នាំ២០១៦ តួនាទីជាប្រធានក្រុមមតិភាគតិច ក៏ធ្លាក់ទៅលើឯកឧត្តម កឹម សុខា វិញម្តង បន្ទាប់ពីឯកឧត្តម កឹម សុខា ទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ ឯកឧត្តម កឹម សុខា ទទួលបានតួនាទីនេះ មិនទាន់បានពីរខែស្រួលបួលផង ស្រាប់តែនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យលុបចោលវិញ។
កាលពីចុងឆ្នាំ២០១៥ ឯកឧត្តម កឹម សុខា ក៏ត្រូវបានតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ចេញពីអនុប្រធានទីមួយនៃរដ្ឋសភាផងដែរ៕
ថ្មីៗ
អត្ថបទ : ម៉ៅ សុផា
No comments:
Post a Comment