ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

ក្រសួងបរិស្ថាន បកស្រាយ​ថា កម្ពុជា​មិនមែន​បាត់បង់​ព្រៃឈើ​១៤​ភាគរយ ដូច​របាយការណ៍ NASA ទេ​



ភ្នំពេញ​៖ ក្រសួងបរិស្ថាន ថា របាយការណ៍​អង្គការ​ណា​សា (NASA) ដែល​ចេញផ្សាយ ពី​ការបាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​ជាច្រើន ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ កន្លងមក គឺមាន​ចេតនា​ញុះញង់​មតិ​សាធារណៈជន ដើម្បី​វាយប្រហារ​មកលើ​រដ្ឋាភិបាល​កម្ពុជា ។​

របាយការណ៍​អង្គការ​ណា​សា ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ NASA Earth Observatory ស្តីពី​បញ្ហា​ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បាត់បង់ បាន​បង្ហាញថា អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​២០០១ ដល់​២០១៤ ស្មើនឹង​១៤,៤​ភាគរយ​។ របាយការណ៍​នេះ​ត្រូវបាន​ក្រសួងបរិស្ថាន ចាត់ទុកថា ជាការ​ផ្សព្វផ្សាយ​ព័ត៌មាន​បង្ក​ឲ្យ​មានការ​បន្ទរ និង​បកស្រាយ​ខុសពី​សំណាក់​បណ្ដាញសារព័ត៌មាន​មួយចំនួន អំពី​ភាពខុសគ្នា​រវាង «​អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​»​ថា​ជា​«​អត្រា​បាត់បង់​គម្រប​ព្រៃឈើ​មធ្យម​ប្រចាំឆ្នាំ​»​ដែល​នាំ​ឲ្យ​សាធារណៈមតិ​មានការ​ភាន់ច្រឡំ​។​

​សេចក្ដីបំភ្លឺ​របស់​ក្រសួងបរិស្ថាន ចុះ​ថ្ងៃទី​១៣ មករា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ទិ​ន្និ​ន័យ ១៤,៤​ភាគរយ​ខាងលើនេះ​គឺ​បង្ហាញ​ពី​អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ ដែល​មិនមាន​ជា​អត្រា​បាត់បង់​គម្រប​ព្រៃឈើ​មធ្យម​ប្រចាំឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៤​នោះទេ​»​។

​របាយការណ៍​ខាងលើនេះ​បាន​ចុះផ្សាយ​ម្ដង​រួចមកហើយ កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ កន្លងមក​។ នេះ​បើតាម​ក្រសួងបរិស្ថាន ចាត់ទុក​ការ​លើកយក​របាយការណ៍​ចាស់ មក​ចុះផ្សាយ​ឡើងវិញ គឺជា​ចេតនា​របស់​អង្គការ​ណា​សា ក្នុងការ​ញុះញង់ និង​បំភាន់​សាធារណៈមតិ ដើម្បី​បង្ក​ឲ្យ​មានកា​រិះគន់​វាយប្រហារ​មកលើ​ការដឹកនាំ​របស់​រដ្ឋាភិបាល ដោយ​មិន​រំលេច​ពី​ការខិតខំ​របស់​រដ្ឋាភិបាល ជាមួយ​ដៃគូរ​ពាក់ព័ន្ធ​នានា​លើ​បញ្ហា​អភិរក្ស​ធនធានធម្មជាតិ​នេះ​។​

​ទន្ទឹមនឹងនេះ​ក្រសួងបរិស្ថាន ក៏បាន​លើកយក​ការសិក្សា​លើ​ទិន្នន័យ នៅក្នុង​ក្រា​ហ្វិ​ច «Cambodia’s Tree Cover loss Correlates With Global Rubber Prices» ដែល​បាន​បង្ហាញថា ការបាត់បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា មានការ​ថយចុះ​ចាប់ពី​ឆ្នាំ​២០១១ ដល់​២០១៤​។ ការថយចុះ​មកវិញ​នូវ​អត្រា​បាត់បង់​គម្រប​ព្រៃឈើ​នេះ បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​នូវ​កម្មវិធី​កំណែទម្រង់ នៃ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជាពិសេស​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​។ រដ្ឋាភិបាល បាន​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​យ៉ាង​ម៉ឹងម៉ាត់ ចាប់តាំងពី​ឆ្នាំ​២០១២​មក ក្រោយពី​មានការ​រិះគន់​ពី​បញ្ហា​កាប់បំផ្លាញ់​ព្រៃឈើ​ខុសច្បាប់​នោះ​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ធ្លាប់បាន​អះអាង​កន្លងមក​ថា ការកាប់បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត បាន​ថយចុះ​ជាច្រើន បន្ទាប់ពី​រដ្ឋាភិបាល ចាត់វិធានការ​យ៉ាង​តឹងរឹង ក្នុងការ​បង្ក្រាប កន្លងមក​។ លោក សង្កត់ធ្ងន់ថា រដ្ឋាភិបាល នឹង​ខិតខំ​បន្តទៀត ដើម្បី​លុបបំបាត់​ទាំងស្រុង ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​៕

ថ្មី​ៗ
អត្ថបទ : ធឿន បញ្ញាឬទិ្ធ

No comments: