ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

ត្រាំ មិនមែន​មនុស្ស​ទី​១ ដែល​ដាក់​បញ្ជា​ហាមឃាត់​លំហូរ​ជនអន្តោប្រវេសន៍​ចូល​ដី​អាមេរិក​



ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៧ ខែមករា បាន​ចុះហត្ថលេខា​លើ​បទ​បទបញ្ជា​នីតិប្រតិបត្តិ​ដើម្បី​ព្យួរ​ការទទួលយក​ជន​ភៀសខ្លួន និង ដាក់​វិធានការ​ថ្មី​គ្រប់គ្រង​អ្នកដំណើរ​ដែល​មកពី​ប្រទេស​ឥស្លាម​ចំនួន ៧ ។ មេដឹកនាំ​រូបនេះ​បានប្រកាសថា លោក​កំពុង​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​មាន​សុវត្ថិភាព​និង​ការពារ​ពួកគេ​ពី​ក្រុម​ភេរវជន​ជ្រុលនិយម​ឥស្លាម (Radical Islam Terrorists)​។ ប៉ុន្តែ​នេះ​មិនមែនជា​លើកដំបូង​ដែល​អាមេរិក​ហាមឃាត់​ជនអន្តោប្រវេសន៍​ឡើយ​។​

​លោក ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​ហាម​ប្រជាជន​មកពី​ប្រទេស​ឥស្លាម​ចំនួន ៧ មាន​ប្រទេស​អ៊ីរ៉ង់​,​អ៊ីរ៉ាក់​,​លី​ប៊ី​, សូ​ម៉ាលី​, ស៊ូដង់​,​ស៊ី​រី និង​យ៉េ​មែន ពី​ការចូល​ទឹកដី​អាមេរិក ដោយ​មិន​ចេញ​ទិដ្ឋាការ​ឲ្យ​ក្នុង​រយៈពេល ៣០​ថ្ងៃ​។ អាមេរិក ក៏​ចាប់ផ្តើម​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​និង​សាកសួរ​ពី​ជីវប្រវត្តិ​ដ៏​តឹងតែង​បំផុត​ដែរ​។ យោងតាម​បទបញ្ជា​របស់​ប្រធានាធិបតី អាមេរិក​មិន​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី​ឡើយ ឯ​កម្មវិធី​ទទួលយក​ជនភៀសខ្លួន​អាមេរិក នឹងត្រូវ​ព្យួរ​ជា​អចិន្ត្រៃយ៍​យ៉ាងហោចណាស់ ១២០​ថ្ងៃ​ដែរ​។​

​យ៉ាងណាមិញ នេះ​ក៏​មិនមែនជា​លើក​ទី​១ ដែល​អាមេរិក​ហាមឃាត់​ប្រជាជន​មកពី​ប្រទេស​ដទៃ​ជាន់​ទឹកដី​ខ្លួន​ដែរ​។ ក្នុង​រយៈពេល​ជាង​២០០​ឆ្នាំ​មកនេះ ប្រធានាធិបតី​អាមេរិក​ជាច្រើន​នាក់ ក៏បាន​រឹតបន្តឹង​លំហូរ​ជនអន្តោប្រវេសន៍​ដូចគ្នានេះដែរ​។​

​លើក​ទី​១ ក្នុង​ឆ្នាំ​១៨៨២ ប្រធានាធិបតី Chester A. Arthur បាន​ចុះហត្ថលេខា​លើ «​ច្បាប់​មិន​រួមបញ្ចូល​ជនជាតិ​ចិន​»​ដែល​សំដៅ​ហាមឃាត់​ពលករ​មាន និង​គ្មាន​ជំនាញ និង​ជនជាតិ​ចិន​ធ្វើការ​ក្នុង​ឧស្សាហកម្ម​រ៉ែ ពី​ការចូល​ទឹកដី​អាមេរិក​រយៈពេល​១០​ឆ្នាំ​។ ច្បាប់​នេះ​លេច​ជា​រូបរាង ស្រប​ពេលដែល​អាមេរិក​ប្រ​ឈ​មុខ​អត្រា​ភាព​អត់​ការងារ​ខ្ពស់ បើទោះជា​ជនជាតិ​ចិន គ្រាន់តែ​ផ្នែក​មួយ​នៃ​កម្លាំង​ពលកម្ម​អាមេរិក​ក៏ដោយ​។​

​មកដល់​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​១៩០៣ ប្រធានាធិបតី Theodore Roosevelt ក៏បាន​ចុះហត្ថលេខា​លើ​ច្បាប់ ដែល​សំដៅ​រារាំង​ក្រុម​អាណាធិបតេយ្យ និង​ជន​ដែល​អាច​បង្កបញ្ហា​នៅ​អាមេរិក ចូល​អាមេរិក​ដែរ​។ ច្បាប់​ដដែល​នេះ ក៏បាន​ហាមឃាត់​មនុស្ស​បី​ប្រភេទ​ចូល​អាមេរិក គឺ​អ្នកជំងឺ​ឆ្កួតជ្រូក​, អ្នកសុំទាន និង​ក្រុម​ឈ្មួញ​រកស៊ី​ផ្លូវភេទ​។​

​ការហាមឃាត់​លើក​ទី​៣ ធ្វើឡើង​អំឡុង​សង្គ្រាមលោកលើកទី​២ ពេលដែល​ប្រជាជន​រាប់លាន​នាក់​ភៀសខ្លួន​ពី​សង្គ្រាមលោក​ក៏​មហន្តរាយ​។ ប្រធានាធិបតី Franklin D. Roosevelt យល់ថា ជនភៀសខ្លួន​ជាតិ​ជ្វី​ហ្វ ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​ជាតិ​អាមេរិក ដ្បិត​ទាហាន​ណា​ស៊ី អាច​បន្លំ​ខ្លួន​ក្នុងចំណោម​ជនភៀសខ្លួន​ទាំងនោះ​។ អាមេរិក ក៏បាន​កំណត់​ចំនួន​ជនជាតិ​ជ្វី​ហ្វ​ឲ្យ​ចូល​ទឹកដី​អាមេរិក និង​ពេលខ្លះ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅវិញ ហើយក៏​ត្រូវ​របប​ហ៊ី​ត្លែ​សម្លាប់​ទៀតផង​។​

​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​១៩៥៣ សភា​អាមេរិក​បាន​ក៏​អនុម័ត​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​បណ្ដេញ​ជនអន្តោប្រវេសន៍​ណា​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្រុម​កុម្មុយនីស្ត ចេញពី​ទឹកដី​អាមេរិក​។ សមាជិក​អង្គការ​កុម្មុយនីស្ត មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ក្លាយជា​ប្រជាជន​អាមេរិក​ឡើយ​។ យ៉ាងណាមិញ ក្នុង​ឆ្នាំ​១៩៩៣ តុលាការ​កំពូល​ទាត់ចោល​មាត្រា​នៃ​ច្បាប់​នេះ ដោយ​អះអាងថា​ផ្ទុយ​រដ្ឋធម្មនុញ្ញ តែ​ក៏មាន​មាត្រា​ខ្លះ​នៅតែ​បន្ត​អនុវត្ត​ដដែល​។​

​មក​ឆ្នាំ​១៩៨០ ប្រធានាធិបតី Jimmy Carter ក៏បាន​ចេញ​បញ្ជា​ហាមឃាត់​ជនជាតិ​អ៊ីរ៉ង់​ចូល​ទឹកដី​អាមេរិក ខណៈដែល​អាមេរិក និង​អ៊ីរ៉ង់ មាន​ជម្លោះ​លើ​បញ្ហា​ចំណាត់​ខ្មាំង​អាមេរិក ដែល​អ៊ីរ៉ង់​ចាប់ឃុំខ្លួន​អស់​ពេល​៤៤៤​ថ្ងៃ​។ ជនជាតិ​អាមេរិក​ទាំងនោះ ត្រូវបាន​ចាប់ខ្លួន​អំឡុងពេល​បាតុករ​អ៊ីរ៉ង់​សម្រុកចូល​ស្ថានទូត​អាមេរិក​ពេល​បដិវត្តន៍​ឥស្លាម​។

​ក្នុង​ឆ្នាំ​១៩៨៧ ក្រោម​អាណត្តិ​ប្រធានាធិបតី Ronald Reagan អាមេរិក ក៏បាន​ហាមឃាត់​អ្នកជំងឺ​មាន​ផ្ទុក​វីរុស​ហ៊ី​វ​ចូល​ទឹកដី​អាមេរិក​ដែរ​។ នៅពេលនោះ ច្បាប់​ថ្មី​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​គំនិត​រើសអើង ស្អប់ខ្ពើម​ចំពោះ​ជនជាតិ​អាហ្វ្រិក និង​ក្រុម​ជនជាតិភាគតិច​។ ម្យ៉ាងទៀត ការហាមឃាត់​នេះ ទំនងជា​ធ្វើឡើង​ក្រោយ​ការ​លេច​ធ្លាយ​ព័ត៌មាន​ថា វី​វុ​ស​ហ៊ី​វ អាច​ឆ្លងតាម​ការ​ប៉ះគ្នា​ទៅវិញទៅមក​។​

​ចំណែក​ប្រធានាធិបតី​ទើប​ចប់​អាណត្តិ បា​រ៉ា់​ក់ អូ​បា​ម៉ា ក៏​ធ្លាប់​ចេញ​បញ្ជា​ហាមឃាត់​ជនជាតិ​អ៊ីរ៉ាក់​ចូល​អាមេរិក​ដែរ​។ ក្នុង​ឆ្នាំ​២០១១ លោក​អូ​បា​ម៉ា បានសម្រេច​ផ្អាក​លំហូរ​ជនអន្តោប្រវេសន៍​អ៊ីរ៉ាក់​ចូល​អាមេរិក​រយៈពេល​៦​ខែ ហើយ​លោក ត្រាំ បាន​ហៅ​ចំណាត់ការ​របស់លោក ស្រដៀង​គ្នា​នឹង​វិធានការ​នេះ​ទៀតផង​៕

ថ្មី​ៗ
អត្ថបទ : តន ចាន់​រិ​ទ្ធា​រ៉ា

No comments: