ភ្នំពេញ: លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានជួបសំណេះសំណាលជាមួយសកម្មជន និងវាគ្មិនយុវជនគណបក្សប្រជាជនកម្ពុជា មកពីស្រុកស្វាយអន្ទរ ស្រុកកញ្ជៀច ស្រុកពារាំង ស្រុកស៊ីធរកណ្តាល ស្រុកពោធិរៀង ស្រុកកំចាយមារ និងក្រុងព្រៃវែង កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
លោកស សុខា បានថ្លែងថា ការខ្ចីប្រាក់ពីបរទេសមិនមែនខ្ចីមកដើម្បីយកមកកចែកគ្នាចាយឬក៏ដើម្បីតែសម្រាប់មន្ត្រីរាជការទេ គឺយកមកអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យទាំងអស់ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ទោះបីជាការខ្ចីបុលនោះ មិនមែនយកមកចែកប្រជាពលរដ្ឋជាសាច់ប្រាក់ជាក់ស្តែងយ៉ាងណាកដោយ។ ហើយការខ្ចីបុល គឺកម្ពុជាយកមក គឺសងបំណុលទៅឲ្យគេវិញបានទាន់ពេលទាន់វេលា។ ដោយហេតុផលខ្ចីបុលយកមកអភិវឌ្ឍន៍នឹងហើយ បានជាបរទេស ឬមួយម្ចាស់ជំនួយ គេឲ្យកម្ពុជាខ្ចីជាបន្តទៀត។ ដោយលោកបានលើកឡើងថា មានប្រទេសមួយចំនួននៅលើពិភពលោក ខ្ចីលុយគេ គឺគេមិនឲ្យខ្ចីទៅទៀត។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខ្ចីយកមកអភិវឌ្ឍជីវភាពប្រជាពលរដ្ឋទូទៅ បានន័យថា កាត់បន្ថយភាពក្រីក្រ ពីមួយឆ្នាំទៅមួយឆ្នាំ គឺមានការទទួលស្គាល់ដោយធនាគារពិភពលោក គឺថា កម្ពុជាជាប្រទេសដែលបានចូលរួមកាត់បន្ថយភាពក្រីក្របានប្រសើរច្រើនជាងគេ។
ហើយមិនមែនដូចជាការលើកឡើងរបស់មន្ត្រីគណបក្សប្រឆាំងមួយចំនួនថា កម្ពុជាក្រទៅៗ ដើរតែខ្ចីលុយគេ ប៉ុន្តែខ្លួនឯងវិញ មិនបានចូលរួមជួយទេ បែរជាមានលុយ ឬក៏មានឱកាសទៅលេងល្បែង ចូលកាស៊ីណូ...។
លោកស សុខា បានថ្លែងទៀតថា ពាក់ព័ន្ធការប្រជុំសភាដើម្បីសម្រេចការធ្វើវិសោធនកម្មដកតំណែងប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា កន្លងទៅគឺគណបក្សសង្គ្រោះជាតិ ចង់រក្សាតំណែងនេះ ដើម្បីជាស្ពានមួយសម្រាប់ទំនាក់ទំនងជាមួយនឹងគណបក្សប្រជាជនកម្ពុជា ទាក់ទងការសុំចរចាជជែកអំពីបញ្ហានេះ បញ្ហានោះ ជាពិសេសទាក់ទិននិងរឿងនយោបាយ ឬការសុំដោះលែងមន្ត្រី និងសកម្មជនរបស់ខ្លួន ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាដើម។ ដោយលោកបានបញ្ជាក់ថា “ពាក់ព័ន្ធការសុំជួបជារឿយៗមួយរយៈចុងក្រោយនេះ បើតាមដឹងគណបក្សសង្គ្រោះជាតិ សុំលើកពេល សុំពន្យា៤ដងរួចមកហើយ មិនដឹងជាមានមូលហេតុអ្វីច្បាស់លាស់អំពីការសុំពន្យា ឬការសុំលើកពេលជួបគ្នាកន្លងទៅមួយរយៈចុងក្រោយនេះទេ។ប៉ុន្តែអ្វីជាការកត់សម្គាល់ឃើញថា គណបក្សសង្គ្រោះជាតិ គេថា រវល់ ប៉ុន្តែមិនដឹងថា រវល់រឿងអីទេ។ តែបើតាមព័ត៍មានលេចឮបែកកធ្លាយរយៈពេលចុងក្រោយនេះ គឺឃើញមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ រឿងស្នេហា ស្រីញី សូម្បីតែនៅក្នុងការិយាល័យធ្វើការនៅក្នុងរដ្ឋសភា ក៏មាន។ ហើយសូមកុំយករឿងផ្ទាល់ខ្លួនចឹងៗមករាំងខ្ទប់ដល់ប្រយោជន៍ជាតិ ”៕
CEN
ដោយ: ឧត្តម
No comments:
Post a Comment