មេដឹកនាំពិភពលោករិះគន់វិធានការ ដូណាល់ ត្រាំ ដែលហាមឃាត់ជនអន្តោប្រវេសន៍មកពីប្រទេសម៉ូស្លីម ៧ និងបញ្ឈប់កម្មវិធីជនភៀសខ្លួនជាបណ្តោះអាសន្ន។ ក្នុងចំណោមនោះមានលោកស្រី អធិការបតីអាល្លឺម៉ង់ អេនជែឡា មឺហ្កែល ផងដែរ។ លោកស្រីបានបញ្ជាក់ថា សកម្មភាពអាមេរិក មិនត្រឹមត្រូវឡើយ ហើយលោកស្រីបានឆ្លៀតរម្លឹកមេដឹកនាំអាមេរិកពីកាតព្វកិច្ចរដ្ឋស្ថិតក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិដែរ។
លោកស្រី អធិការបតីអាល្លឺម៉ង់ អេនជែឡា មឺហ្កែល បានថ្កោលទោសគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលហាមឃាត់ប្រជាជនមកពីប្រទេសម៉ូស្លីមចំនួន ៧ និងឈប់ទទួលជនភៀសខ្លួនផងដែរនោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert បានលើកឡើងថា លោកស្រីអធិការបតី សោកស្តាយខ្លាំងណាស់ដែលប្រធានាធិបតីអាមេរិកហាមឃាត់ប្រជាជនមកពីប្រទេសម៉ូស្លីមមួយចំនួនចូលទឹកដីអាមេរិក និងជនភៀសខ្លួនផងនោះ។
លោកស្រីអធិការបតីក៏យល់ឃើញថា វិធានការដែល ដូណាល់ ត្រាំ ដាក់ចេញ ទោះជាវាដើម្បីដោះស្រាយបញ្ហាភេរវជនក៏ដោយ វាមិនសមរម្យទាល់តែសោះដែលត្រូវហាមឃាត់ប្រជាជនម៉ូស្លីមមកពីប្រទេសជាក់លាក់មួយចំនួននោះ។
អ្នកនាំពាក្យខាងលើក៏បានបង្ហើបផងដែរថា ក្នុងការជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោកស្រី មឺហ្កែល បានលើកយកកត្តិការសញ្ញាក្រុងហ្សឺណែវឆ្នាំ ១៩៥១ ស្តីពីជនភៀសខ្លួន មករំលឹកលោក ត្រាំផងដែរ។ ដែលវាមានន័យថា អាមេរិក ក្នុងនាមជាភាគីហត្ថលេខី ត្រូវតែមានកាតព្វកិច្ចមួយទទួលយកជនភៀសខ្លួន ដែលកំណត់ដោយច្បាប់អន្តរជាតិនោះ។
«កត្តិការសញ្ញាក្រុងហ្សឺណែវដង្ហោយឲ្យបណ្តាសហគមន៍អន្តរជាតិឲ្យទទួលយកជនភៀសខ្លួនដែលរងគ្រោះដោយសារសង្គ្រាម ក្រោមក្របខណ្ឌមនុស្សធម៌។ នេះជាអ្វីដែលលោកស្រីអធិការបតីបានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក»។
ពាក់ព័ន្ធចំណាត់ការលោក ដូណាល់ ត្រាំ បច្ចុប្បន្ននេះ រដ្ឋាភិបាលអាល្លឺម៉ង់កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបញ្ហាប្រឈម និងផលប៉ះពាល់ចំពោះប្រជាជនអាល្លឺម៉ង់ដែលមានសញ្ជាតិពីរ។
ក្រៅពីបញ្ហាជនភៀសខ្លួន ពិភាក្សាតាមទូរស័ព្ទកាលពីចុងសប្តាហ៍កន្លងទៅរវាងលោកស្រី មឺហ្កែល និងប្រធានាធិបតីអាមេរិក ក៏ផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងលោកខាងលិចជាមួយរុស្ស៊ី, បញ្ហាបក្សសម្ព័ន្ធណាតូ និងបញ្ហាសន្តិសុខផ្សេងទៀតដែរ។
សូមបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជារបស់ខ្លួនកាលពីថ្ងៃសុក្រដើម្បីហាមប្រជាជនមកពីប្រទេសឥស្លាមចំនួន ៧ មានប្រទេសអ៊ីរ៉ង់,អ៊ីរ៉ាក់,លីប៊ី, សូម៉ាលី, ស៊ូដង់,ស៊ីរី និងយ៉េមែនមិនឲ្យចូលអាមេរិកបណ្តោះអាសន្ន និង បញ្ឈប់កម្មវិធីទទួលយកជនភៀសខ្លួនផងដែរ។ បទបញ្ជាប្រធានាធិបតីអាមេរិកបានបង្កឲ្យមានការខឹងសម្បារ និង ការថ្កោលទោសខ្លាំងពីប្រទេសជាច្រើនលើពិភពលោកក៏ដូចជាក្រុមសកម្មជនសិទ្ធិមនុស្សជាដើម៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment