បន្ទាប់ពីផលិតកម្មក្លាស៊ិកដែលបិទទ្វារអស់ច្រើនឆ្នាំផលិតកម្មក្លាស៊ិកដែលបិទទ្វារអស់ច្រើនឆ្នាំ កាលពីថ្ងៃទី២៩ខែមករា បានសម្រេចចិត្តបើកទ្វារឡើងវិញ ជាមួយនឹងពិធីក្រុងពាលីរឿង «រាជបូរី Comeback» ដែលភាពយន្តនេះនិយាយពីជីវិតតស៊ូរបស់លោក រាជ បូរី មុនល្បី និងមូលហេតុបណ្ដាលឲ្យលោកក្រឡាប់រថយន្តស្លាប់កាលពីខែមេសាក្នុងឆ្នាំ២០១៦។ ផលិតករបានអះអាងថា ក្រៅពីនិយាយពីដំណើរជិវិតរបស់អតីតតារាចម្រៀងលោក រាជ បូរី រឿងទាំងមូលក៏ឆ្លុះបញ្ចាំងពីជីវិតស្នេហាភេទដូចគ្នារវាងប្រុសនឹងប្រុសផងដែរ។
លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិកបានអះអាងថា លោកបានសម្រេចចិត្តបោះទុនធ្វើឲ្យផលិតកម្មក្លាស៊ិកដំណើរការជាថ្មី បន្ទាប់ពីកត់សម្គាល់ឃើញថាវិស័យភាពយន្តតាមរោងកុនស្ទុះឡើង។ ខ្សែរឿងដែលលោកផលិតគឺជាដំណើរជិវិតរបស់លោក រាជ បូរី មុនស្លាប់ ដោយលោកបានដាក់ចំណងរឿងថា «រាជបូរី Comeback»។
ក្នុងរឿងនេះ លោកថាការលាតត្រដាងពីស្នេហាបុរសស្រឡាញ់បុរស ក៏ជាប្រធានបទផងដែរ ដើម្បីឲ្យស្របនឹងបរិបទដែលសង្គមចាប់ផ្ដើមបញ្ចប់ការរើសអើង។ ហេតុផលដែលលោកហ៊ានបញ្ចូលសាច់រឿងបែបនោះ គឺបណ្ដាលមកពី ទំនាក់ទំនងមិនប្រក្រតីរវាងបុរសនិងបុរស ត្រូវលោកប្រាប់ថាកើតច្រើន ហើយលោកក៏ចង់អោយបុរសទាំងនោះហ៊ានទទួលយការពិត ដោយបញ្ឈប់ស្ថានភាពលាក់លៀម។
លោកនិយាយថា៖ «ឥលូវហ្នឹងស្នេហារវាងប្រុសនឹងប្រុសកាន់តែបើកចំហរ ចឹងហើយទើបខ្ញុំសម្រេចចិត្តបញ្ចូលទិដ្ឋភាពហ្នឹង ជាប្រធានបទធំក្នុងរឿងរាជបូរី តែកុំយល់ច្រលំថាខ្ញុំលើកទឹកចិត្តអោយសង្គមយើងចឹង គឺគ្រាន់តែចង់អោយសង្គមដឹងថាបើគាត់ក្លាយជាចឹងហើយ កុំស្អប់ពួកគាត់ ហើយបើកចំហរអោយពួកគាត់ស្រឡាញ់គ្នាទៅ យ៉ាងហោចណាស់ក៏ពួកគាត់មិនបានធ្វើអ្វីដែលខុសច្បាប់ ឬប៉ះពាល់អ្នកណាដែរ»។
លោកថា តួអង្គដែលតំណាងឲ្យលោក រាជ បូរី មិនពាក់ព័ន្ធនឹងស្នេហាភេទដូចគ្នានោះទេ ប៉ុន្តែលោកតម្រូវឲ្យតួអង្គតំណាងលោក រាជ បូរី ធ្វើជាឈឺឆ្អាលចំពោះស្នេហាភេទដូចគ្នានៅក្នុងខ្សែរឿងនោះវិញ។ លោកថា តារាប្រុស២រូប នឹងបង្ហាញពីការតស៊ូស្រឡាញ់គ្នា ដោយស្ថានភាពចុងក្រោយគឺពួកគេបានក្លាយជាគូស្នេហ៍រស់នៅជាមួយគ្នា ហើយលែងមានការរើសអើងរាំងស្ទះ។
លោកសម្រេចចិត្តនិពន្ធខ្លឹមសារបែបនោះ ដើម្បីឆ្លុះបញ្ចាំងដល់សង្គមថាមនុស្សស្រលាញ់ប្រុសក៏មានការតស៊ូ និងមានស្នេហ៍ស្មោះ មិនខុសពីស្នេហាប្រុសស្រីនោះដែរ។ ប៉ុន្តែលោកថាខ្លួននៅតែគ្មានបំណងបំផុសអោយបុរសស្រឡាញ់បុរស ដោយអះអាងថាបើទោះជាភាគីទាំងពីរមិនបង្កឲ្យប៉ះពាល់ដល់អ្នកដទៃ ក៏មិនខុសពីយកអនាគតរបស់ខ្លួនមកប្រលែងចោលអត់អំពើ។ លោករំពឹងយ៉ាងខ្លាំងថាសាច់រឿង «រាជ បូរី Comeback» ដែលនិយាយពីជីវិតពិតលោក រាជ បូរី និងលើកឡើងពីស្នេហាបុរសនឹងបុរស ទទួលបានជោគជ័យក្នុងពេលដាក់បញ្ចាំងជាសាធារណៈ។
លោកនិយាយថា៖ «រឿងហ្នឹងចំណុចសំខាន់វានៅត្រង់ហ្នឹងទើបខ្ញុំគិតថាការបោះទុនផលិតរឿងហ្នឹងអត់ពិបាកជោគជ័យ ហើយរឿងខ្ញុំអត់និយាយពីស្នេហាភេទដូចគ្នារវាងប្រុសម្ញិកម្ញ៉ក់ និងមនុស្សអីទេ គឺនិយាយពីប្រុសពេញលក្ខណៈ និងប្រុសពេញលក្ខណៈតែម្ដង ទើបខ្ញុំថារឿងខ្ញុំហ្នឹងក្លាយជារឿងទី១ ដែលនិយាយពីការតស៊ូ និងភាពស្មោះត្រង់របស់មនុស្សប្រុសនឹងប្រុស!»។
លោក ហួរ សុផល បន្តថាខ្សែរឿងមួយនេះនឹងដំណើរការថតរង្វង់២ខែ ដោយមិនរាប់បញ្ចូលរយៈពេលកាត់ត និងការដំឡើងឆ្អឹងរឿងពីមុននោះទេ។ ចំពោះដើមទុនគឺយ៉ាងហោចជាង៤ម៉ឺនដុល្លារ ដោយលោកប្រាសថារឿងនេះមានបញ្ជូលឈុតឆាកស្នេហាប្រុសស្រី ប្រុសនឹងប្រុស ឈុតឆាកភ័យរន្ធត់ និងកំប្លុកកំប្លែងពីដើមដល់ចប់។
រឿងនេះ ត្រូវលោកប្រកាសថាប្រមូលផ្ដុំតារាប្រុសស្រីល្បីឈ្មោះបច្ចុប្បន្ន និងបាត់មុខយូរចំនួន៧៥រូប ដោយសូម្បីតែតារាដែលបានបោះបង់សិល្បៈទៅហើយ ក៏លោកគៀគរអោយមកថតជុំគ្នាផងដែរ។ លោកថាភាពយន្តរឿង «រាជ បូរី Comeback» នឹងអង្រួនមហាជនក្រោយពេលថតចប់ បន្ទាប់ពីលោក រាជ បូរី ទើបតែជួបឧបទ្ទហេតុស្លាប់ដែលមានមហាជននៅចាំនៅឡើយ។ លោកថា ក្រោយបោះជំហានជោគជ័យរឿងនេះ ផលិតកម្មក្លាស៊ិកក៏អាចរៀបចំក្រុមចម្រៀងឡើងវិញផងដែរ ដើម្បីប្រកួតប្រជែងទីផ្សារ៕
VOD
ដោយ លោក វង្ស សុម៉ាលីន
No comments:
Post a Comment