ខ្សែភាពយន្តលំដាប់ហូលីវូដមួយ មានចំណងជើងថា “Jail Break” នឹងចាប់ផ្ដើមចាក់បញ្ចាំងនៅតាមរោងភាពយន្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះហើយ។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ គឺមានការចូលរួមបង្ហាញវត្តមានដោយ កញ្ញា អ៊ុំ ថារ័ត្ន កីឡាការិនីក្បាច់គុណល្បុក្កតោ ប្រកបដោយទេពកោសល្យម្នាក់របស់កម្ពុជាយើង។
ចង់ដឹងថា តើក្នុងដំណើរជីវិតសង្ខេបរបស់ កីឡាការិនីក្បាច់គុណល្បុក្កតោយើង បានជួបបទពិសោធន៍យ៉ាងណាខ្លះ! ខាងក្រោមនេះជាបទសម្ភាសន៍ ជុំវិញព័ត៌មានមួយចំនួន ទាក់ទងទៅនឹងការសម្ដែង ក៏ដូចជាការបង្ហាញ នូវបទពិសោធន៍ខ្លះក្នុងអាជីពការងាររបស់កញ្ញា ដែលមានអត្ថន័យនឹងខ្លឹមសារដូចខាងក្រោម៖
អ៊ុំ ថារ័ត្ន បានរំលឹកប្រាប់ថា នាងមានស្រុកកំណើតនៅជុំរុំសាយធូ ប៉ុន្តែក្រោយមកនាង និងគ្រួសារបានផ្លាស់ទីលំនៅ មករស់នៅទីក្រុងភ្នំពេញ តាំងពីនាងនៅជាកុមារភាពម្ល៉េះ។ ដោយមានលោកឪពុកជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកតន្ត្រីវីយូឡុង ក្នុងកំឡុងទ.សទី៦០ គឺលោក អ៊ុំ តារា ដែលរូបគាត់ហាក់ផ្ទុយស្រឡះពី ថារ័ត្ន ដែលជាកីឡាការិនីល្បុកត្តោទៅវិញ។
“រំលឹកពីដើមចមដែលខ្ញុំ(ថារ័ត្ន) បានចូលហាត់ក្បាច់គុណល្បុក្កតោនេះ គឺតាំងពីអាយុ១៧ឆ្នាំ ពោលគឺដោយសារតែមើលឃើញ មិត្តភក្តិប្រកួតក្បាច់គុណល្បុក្កតោ ក៏បានបង្កើតចិត្តខ្ញុំឲ្យចាប់អារម្មណ៍លើកីឡាមួយនេះ ព្រមជាមួយនឹងការយល់ដឹងពីអត្ថប្រយោជន៍ នៃក្បាច់គុណមួយនេះ បានជំរុញឲ្យខ្ញុំមានចិត្តស្រលាញ់ នឹងបានទៅសុំលោកគ្រូ សាវ គឹមសៀ ដើម្បីធ្វើការហ្វឹកហាត់ពីជំនាញមួយនេះ។
កាលនោះប៉ាម៉ាក់មិនបានគាំទ្រ ឲ្យខ្ញុំរៀនវិជ្ជាមួយនេះទេ ថែមទាំងប្រឆាំងដាច់ខាតថែមទៀត។ ខ្ញុំទៅរៀនជាមួយលោកគ្រូ គាត់មិនបានយកកម្រៃអ្វីពីខ្ញុំទេ ព្រោះគាត់មើលឃើញនូវការតាំងចិត្ត នឹងសេចក្តីស្រលាញ់របស់ខ្ញុំ ដែលមានទៅលើកីឡាមួយនេះ អ្វីដែលសំខាន់ជាងនេះគឺ ខ្ញុំអាចចូលរួមថែរក្សាមរតកវប្បធម៌បុរាណមួយនេះ ហើយគាប់ជួនខ្ញុំជាមនុស្សស្រីថែមទៀត” នេះជាសម្តីរបស់កញ្ញា អ៊ុំ ថារ័ត្ន អ្នកប្រដាល់ក្បាច់គុណល្បុក្កតោស្រី ដែលនៅពេលនេះមានវ័យ ២៦ឆ្នាំហើយ។
ថារ័ត្ន បានចាប់ផ្តើមហាត់រៀនកីឡាមួយនេះ កាលពីចុងឆ្នាំ២០០៧ ហើយ ថារ័ត្ន បានឈានជើងចេញទៅប្រកួត នៅប្រទេសកូរ៉េខាងត្បូងកាលពីចុងឆ្នាំ២០១០ ចេញទៅប្រកួតជាក្រុមក្នុងកម្មវិធី “ប្រកួតក្បាច់គុណយុទ្ធសីលប្រចាំប្រទេសនីមួយៗ” សម្រាប់តំណាងឲ្យប្រទេសរបស់ខ្លួន ក្នុងនោះផងដែរវាជាលើកទី១សម្រាប់ប្រទេសកម្ពុជា ក្នុងការចូលរួមប្រកួត ប៉ុន្តែជាលទ្ធផលយើងទទួលបាន ចំណាត់ថ្នាក់លេខ២។
បន្ទាប់ពីនោះមក ដោយសារតែសមត្ថភាពប្រកបដោយទេពកោសល្យខ្ពស់ ថារ័ត្ន បានទទួលការប្រកួតជាបន្តបន្ទាប់ នៅក្រៅប្រទេសជាញឹកញាប់មានដូចជា ប្រទេសកូរ៉េខាងត្បូងបានចំនួនបីឆ្នាំជាប់គ្នា ប្រកួតនៅប្រទេសវៀតណាមបានចំនួន២ដង ហើយបានទទួលការអញ្ជើញជាកិត្តិយស ពីសាធារណរដ្ឋឆែក និងជប៉ុន ក្នុងការបង្ហាញពីក្បាច់គុណល្បុក្កតោ លើឆាកអន្តរជាតិឲ្យគេបានស្គាល់ផងដែរ។
ទាំងនេះ បានធ្វើឲ្យក្រុមគ្រួសាររបស់ ថារ័ត្ន មានមោទនភាពមកលើ ថារ័ត្ន ព្រមទាំងឈប់គិតអវិជ្ជមានលើរូបនាង ជាមួយក្បាច់គុណល្បុក្កតោនេះ។ នេះជាមោទនភាពមួយរបស់ ថារ័ត្ន ដែលបានបង្ហាញក្បាច់គុណបុរាណនេះ ក្នុងនាមខ្លួនជាស្ដ្រី ហើយបានពាំនាំមកនូវភាពជោគជ័យ និងមោទភាពមួយសម្រាប់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀតនោះ ថារត្ន័ ក៏បានចូលរួមក្នុងកម្មវិធីមិត្តភាពរវាងកម្ពុជា និងជប៉ុន ៦០ឆ្នាំថែមទៀតផង។
ដោយឡែក ក្នុងឆ្នាំ២០១២ កញ្ញាបានធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីសម្តែងពីក្បាច់គុណល្បុក្កតោ និងបានធ្វើការប្រកួតដើរបង្ហាញម៉ូតដែលកម្មវិធីនោះ បង្កើតទ្បើងក្នុងគោលបំណងចង់បង្ហាញថា ស្ត្រីក៏អាចធ្វើកិច្ចដែលបុរសធ្វើបានដូចគ្នា តាមរយៈអង្គការដើម្បីភាពញញឹមនៃកុមារ ដោយទទួលបានចំណាត់ថ្នាក់លេខ១ (បម្រុង)។ កញ្ញាក៏ធ្លាប់បានទៅប្រកួត នៅប្រទេសកូរ៉េខាងត្បូងម្តងទៀត កាលពីឆ្នាំ២០១៥ ដោយទទួលបានមេដាយប្រាក់ ហើយអ្វីដែល ថារត្ន័ និងមិត្តរួមក្រុមសប្បាយចិត្តបំផុតនោះ គឺកម្ពុជាយើងបានឈ្នះពិន្ទុលើប្រទេស ដែលតែងតែឈ្នះយើងជារៀងរាល់ឆ្នាំ។ ហើយកាលពីខែតុលា ឆ្នាំ២០១៦នេះ កញ្ញាបានធ្វើដំណើរទៅប្រយុទ្ធ នៅប្រទេសជប៉ុនក្នុងកម្មវិធីកីឡាលើឆ្នេរខ្សាច់ (Asian Beach Game) តំណាងឲ្យប្រទេសកម្ពុជា ដោយទទួលបានមេដាយសម្រិត។
ថារ័ត្ន មិនមែនត្រឹមតែជា កីឡាការិនីក្បាច់គុណល្បុក្កតោតែប៉ុណ្ណោះទេ ថារ័ត្នក៏បានប្រទ្បូកចូលទៅក្នុងវិស័យភាពយន្តផងដែរ ដែលក្នុងនោះកញ្ញាថតបាន៥រឿងហើយ ក្នុងចំណោមរឿងទាំង៥នោះ គឺមានរឿង២ដែលកញ្ញាមានអារម្មណ៍ថារំភើប និងមានមោទភាពជាខ្លាំងដែលបានរួមចំណែកក្នុងការសម្តែង។ ក្នុងនោះដែរគឺរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ” និងរឿង “Jailbreak”។
បើសិនជាក្រឡេកមកមើលផលលំបាក ក្នុងវិស័យការងារទាំងពីរនេះ កញ្ញាបានរៀបរាប់ថា សម្រាប់កីឡាក្បាច់គុណល្បុក្កតោ ដំបូងឡើយវាពិតជាមានផលលំបាកជាខ្លាំង ដោយសារគ្មានការជ្រោមជ្រែង និងមានការជំទាស់ពីអ្នកផ្ទះ។ ប៉ុន្តែកញ្ញាតែងតែព្យាយាមពន្យល់បង្ហាញពីអត្ថប្រយោជន៍ និងខ្លឹមសារនៃក្បាច់គុណមួយប្រភេទនេះ ទៅដល់គ្រួសាររបស់កញ្ញា ដើម្បីឲ្យគាត់បានយល់ពីអត្ថប្រយោជន៍ ដែលក្បាច់គុណមួយនេះមាន។ ចំពោះការហាត់សមវិញ កញ្ញាត្រូវប្រើកម្លាំងដើម្បីហ្វឹកហាត់ ហើយពេលហាត់ត្រូវបានហាត់ជាមួយមនុស្សប្រុសទៀត ដែលវាបណ្តាលឲ្យពេលខ្លះ កញ្ញាមានការឈឺចាប់ផ្នែកកាយសម្បទាយ៉ាងខ្លាំង។
រីឯការសម្តែងខ្សែភាពយន្តវិញ ក៏មានផលលំបាកមិនចាញ់ការហាត់ក្បាច់គុណល្បុក្កតោប៉ុន្មានដែរ ព្រោះត្រូវចំណាយពេលច្រើនលើកច្រើនសារ ក្នុងការរៀបចំឈុតឆាកជាមួយការសម្តែងទម្រាំថតត្រូវមួយប្លង់។
បច្ចុប្បន្ននេះ ថារត្ន័ បានចូលទៅក្នុងក្រុមជម្រើសជាតិល្បុក្កតោ ដែលមានសមាជិកសរុប៨នាក់ ហើយនៅក្នុងនោះមានស្រី២នាក់។ ទៅថ្ងៃអនាគត នៅពេលដែលកញ្ញាលែងមានកម្លាំងក្នុងការលេងកីឡាល្បុក្កតោ កញ្ញានឹងធ្វើជាគ្រូបង្ហាត់ដល់ក្មេងជំនាន់ក្រោយ ដើម្បីជួយត្រួសត្រាយផ្លូវ និងចែករំលែកនូវបទពិសោធន៍ដែលខ្លួនធ្លាប់ឆ្លងកាត់ ពីមុនមកជូនដល់ក្មេងៗជំនាន់ក្រោយ ដែលគាត់ស្រឡាញ់នូវកីឡាមួយនេះ។
គួររំលឹកផងដែរថា បើទោះបី ថារ័ត្ន មិនមានឧបនិស្ស័យខាងផ្នែកសិល្បៈដូចលោកឪពុកក៏ពិតមែន ប៉ុន្តែនាងហាក់មានទឹកដមសំនៀងពីធម្មជាតិ ដោយនាងបានបង្ហើបឲ្យដឹងថា “ខ្ញុំបានប្រឡងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការប្រឡងកម្មវិធីចម្រៀងរបស់ Hauwei ដែលកាលណោះ ខ្ញុំគ្រាន់តែចង់បានរង្វាន់តូចទេ ព្រោះមិននឹកស្មានថា ខ្លួនឯងអាចប្រឡងជាប់ចំណាត់ថ្នាក់បែបនេះឡើយ។
ជាចុងក្រោយកញ្ញា ក៏សូមធ្វើការផ្ដាំផ្ញើទៅកាន់យុវវ័យថា សូមចំណាយពេលក្នុងការសិក្សាឲ្យបានច្រើន ហើយបើមានពេលទំនេរ គួរតែងាកមកហាត់កីឡាទើបជាការប្រសើរ ជៀសជាងយកពេលវេលាដែលមានតម្លៃ ទៅធ្វើរឿងអបាយមុខដែលនាំឲ្យសង្គមស្អប់ខ្ពើម៕
កម្ពុជាថ្មី
No comments:
Post a Comment