ក្រោយមានការរិះគន់និងប្រតិកម្មខ្លាំងពីបណ្តាប្រទេសជាមិត្ត និងប្រជាជនទូទៅពាក់ព័ន្ធវិធានការរឹតត្បិតការហូរចូលនៃជនអន្តោប្រវេសន៍ លោក ដូណាល់ ត្រាំ បានបកស្រាយថា ៩០ថ្ងៃក្រោយអនុវត្តវិធានការរបស់លោក អាជ្ញាធរអាមេរិកនឹងចេញទិដ្ឋាការឲ្យប្រជាជនគ្រប់ប្រទេសឡើងវិញ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចេញមុខបកស្រាយថា សហរដ្ឋអាមេរិកនឹងចេញទិដ្ឋាការឲ្យបណ្តាប្រទេសទាំងអស់ឡើងវិញ ក្រោយពេលដែលបទបញ្ជារបស់លោកត្រូវអនុវត្តបាន ៩០ថ្ងៃនោះ។ លោកបន្ទោសប្រព័ន្ធផ្សព្វផ្សាយផងដែរ ពាក់ព័ន្ធការបង្កឲ្យមានការយល់ច្រឡំ និងថ្កោលទោសអ្វីដែលលោកធ្វើ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ដូណាល់ ត្រាំ និយាយដូច្នេះថា ៖« និយាយឲ្យច្បាស់ទៅ វាមិនមែនជាការហាមឃាត់ប្រជាជនម៉ូស្លីមដូចអ្វីដែលសារព័ត៌មានប្រឹងផ្សព្វផ្សាយនោះឡើយ។ នេះវាមិនទាក់ទងរឿងសាសនាឡើយ តែវាពាក់ព័ន្ធភេរវកម្មនិងការពារសុវត្ថិភាពប្រទេសយើង។ ហើយប្រទេសច្រើនជាង ៤០នៅលើពិភពលោកដែលមានប្រជាជនម៉ូស្លីមភាគច្រើនរស់នៅ តែមិនរងផលប៉ះពាល់ដោយសារបទបញ្ជានេះ»។
ប្រធានាធិបតីរូបនេះបានបន្តថា៖« យើងនឹងចាប់ផ្តើមចេញទិដ្ឋាការឲ្យប្រទេសទាំងអស់ឡើងវិញនៅពេលដែលយើងសម្រេចត្រួតពិនិត្យឡើងវិញ និងអនុវត្តគោលនយោបាយដែលរក្សាសុវត្ថិភាពប្រជាជនយើងបានពេញលេញក្នុងរយៈពេល ៩០ថ្ងៃខាងមុខនេះ»។
លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយចំនួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយបទបញ្ជានោះមានគោលដៅហាមឃាត់ប្រជាជនជាជនអន្តោប្រវេសន៍មកពីប្រទេសឥស្លាម ៧ ដែលចង់ចូលមកអាមេរិក និងបញ្ឈប់កម្មវិធីទទួលជនភៀសខ្លួនបណ្តោះអាសន្នសិន។ ការដាក់ចេញបទបញ្ជានេះបានធ្វើឲ្យមានការខឹងសម្បារ និងមានប្រតិកម្មខ្លាំងពីសហគមន៍អន្តរជាតិ និង អ្នកគាំទ្រសិទ្ធិមនុស្សជាដើម ដោយគេអះអាងថាវាជាការបំពារបំពានសិទ្ធិនិងរើសអើងសាសនា។ បញ្ហាប្រឈមក្នុងការអនុវត្តបទបញ្ជានេះគឺ មន្ត្រីអនុវត្តច្បាប់មិនបានទទួលសេចក្តីណែនាំច្បាស់លាស់ពាក់ព័ន្ធការហាមប្រជាជនមកពីប្រទេស៧។ អ្នកខ្លះទទួលបានទិដ្ឋាការត្រឹមត្រូវ និងទទួលបានការអនុញ្ញាតឲ្យចូលមករស់នៅសហរដ្ឋអាមេរិកមុនថ្ងៃ ត្រាំ ដាក់បទបញ្ជា ក៏នៅតែរងផលប៉ះពាល់ពីបទបញ្ជារបស់លោក ដូណាល់ ត្រាំ នេះ៕
ថ្មីៗ
អត្ថបទ : សៅ ផលនិស្ស័យ
No comments:
Post a Comment