ភ្នំពេញ៖ កម្ពុជាកំពុងរង់ចាំកិច្ចសហការពីភាគីថៃ ដើម្បីស្វែងរកជនសង្ស័យពីរនាក់ ដែលបានប្រព្រឹត្តិអំពើឃាតកម្មនៅលើទឹកដីថៃ រួចឆ្លងដែនចូលមកប្រទេសកម្ពុជា។ ជនសង្ស័យទាំងពីរនាក់នោះ បានសម្លាប់បុរសជនជាតិអង់គ្លេសម្នាក់ ហើយត្រូវបានសារព័ត៌មានថៃចុះផ្សាយថា បានរត់ឆ្លងដែនមកសម្ងំលាក់ខ្លួននៅក្នុងខេត្តកោះកុងប្រទេសកម្ពុជា។
អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបន្ទុកសន្តិសុខផ្ទៃក្នុង លោក ឆៃ ស៊ីណារិទ្ធិ បាននិយាយថា ក្រសួងមហាផ្ទៃមិនទាន់ទទួលបានការស្នើសុំស៊ើបអង្កេតណាមួយពីភាគីថៃ ក្នុងការកំណត់មុខអត្តសញ្ញាណជនសង្ស័យ ដែលថៃអះអាងថាបានឆ្លងដែនចូលមកទឹកដីកម្ពុជានោះទេ។ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ដូច្នេះថា៖«មែនទែនទៅយើងបានទទួលដំណឹងនេះពីការចុះផ្សាយរបស់សារព័ត៌មានដែរ ប៉ុន្តែយើងមិនទាន់អាចកំណត់ឲ្យច្បាស់ពីអត្តសញ្ញាណជនសង្ស័យនេះ ដើម្បីស្វែងរកចាប់ខ្លួននោះទេ។ ដូច្នេះយើងរង់ចាំការសហប្រតិការឲ្យបានច្បាស់សិន។យើងកំពុងសួរបញ្ជាក់ទៅភាគីថៃដែរ ប៉ុន្តែមិនទទួលបានការសុំសហការពីភាគីថៃឡើយ»។
លោក ឆៃ ស៊ីណារិទ្ធិ បានបន្ថែមថា៖ «យើងត្រៀមលក្ខណៈរួចរាល់ហើយ និងស្វាគមន៍កិច្ចសហការជាមួយភាគីថៃ ក្នុងការចាប់ខ្លួនជនល្មើសនោះ»។
សារព័ត៌មានថៃបានចុះផ្សាយកាលពីសប្ដាហ៍មុនថា ជនសង្ស័យចំនួនពីរនាក់ មានឈ្មោះ ម៉ាលស៍ ឌីកឃិន ធើន័រ (Miles Dicken Turner) ដែលកាន់លិខិតឆ្លងដែនអង់គ្លេស និង អាបេល កាល់ដេរ៉ា បូនីតូ (Abel Caldeira Bonito) ជាបុរសជនជាតិអាហ្វ្រិកខាងត្បូង ត្រូវបានប៉ូលិសថៃកំណត់អត្តសញ្ញាណពាក់ព័ន្ធនឹងករណីឃាតកម្មលើបុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ តូនី ខេនវ៉េ (Tony Kenway) ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ចំក្បាល ខណៈអង្គុយលើកៅអីអ្នកបើកបរក្នុងរថយន្ត Porsche របស់ខ្លួន នៅខេត្តឈុនបុរី ក្នុងទឹកដីថៃ កាលពីថ្ងៃទី២៤ មករា។ ជនសង្ស័យទាំងពីរនេះ បានរត់ឆ្លងដែនមកខេត្តកោះកុងប្រទេសកម្ពុជា។
ទាក់ទងនឹងការចុះផ្សាយនេះ ស្នងការខេត្តកោះកុងលោក សំ ឃិតវៀន បាននិយាយថា លោកមិនបានដឹងព័ត៌មាននេះឡើយ ។ «ខ្ញុំមិនហ៊ានអះអាងទេ ថាមានជនសង្ស័យរត់ចូលមកទឹកដីកោះកុង ព្រោះខាងខ្ញុំមិនបានយាមនៅច្រកអន្តរជាតិកោះកុងចាំយាមនោះ។ ចំពោះជនបរទេស ដែលថៃអះអាងថា ឆ្លងដែនមកកម្ពុជានោះក៏ខ្ញុំមិនទាន់ទទួលបានដំណឹងពីភាគីថៃដែរ ដូច្នេះយើងមិនអាចអនុវត្តកំណត់មុខសញ្ញាបានទេ»។ នេះជាការបញ្ជាក់របស់ស្នងការខេត្តកោះកុង៕
ថ្មីៗ
អត្ថបទ : រំដួល ចិត្រា
No comments:
Post a Comment