ភ្នំពេញ៖ ក្នុងខណៈពេលដែលកាសែតបរទេសជាសន្លឹកត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ១៦០៥នៅក្នុងទ្វីបអឺរ៉ុប កាសែតខ្មែរជាសន្លឹកត្រូវបានគេបង្កើតឡើងនៅខែធ្នូឆ្នាំ១៩៣៦។ កាសែតខ្មែរដំបូងគេបង្អស់មានឈ្មោះថា«នគរវត្ត»។ ឆ្នាំ១៩៣៦-២០១៦ កាសែតខ្មែរមួយនេះ មានអាយុ៨០ឆ្នាំ បើគិតត្រឹមឆ្នាំ២០១៦នេះ។ នៅឆ្នាំ១៩៤៦ សាព័ត៌មាន កម្ពុជា មួយទៀត ក៏បានបោះពុម្ពផ្សាយជាភាសាខ្មែរដែរ។
លោក ស៊ន សំណាង បណ្ឌិតប្រវត្តិសាស្ត្រខ្មែរ បានអោយដឹងថា កាសែតប្រចាំសប្តាហ៍ខ្មែរទី១ជាភាសាខ្មែរត្រូវបានគេបង្កើតឡើងនៅឆ្នាំ ១៩៣៦ នៅទីក្រុងភ្នំពេញដោយមានចាងហ្វាងឈ្មោះ ប៉ាច ឈឺន។ លោក ប៉ាច ឈឺន ទទួលបានមនោគមន៍វិជ្ជាប្រជាធិបតេយ្យច្រើនពីប្រទេសបារាំង មុនពេលដែលគាត់សម្រេចចិត្តបង្កើតកាសែតសន្លឹកនៅឆ្នាំ១៩៣៦។ ថ្ងៃបង្កើតសារព័ត៌មាន នគរវត្ត ត្រូវបានគេផ្តល់ព័ត៌មានពីរផ្សេងគ្នា។ មតិទី១ថា សារព័ត៌មាន នគរវត្ត បានបង្កើតឡើងនៅថ្ងៃទី១៩ខែធ្នូឆ្នាំ១៩៣៦ តែមតិទី២ថា កាសែតនេះ បានបង្កើតឡើងនៅថ្ងៃទី២៦ខែធ្នូឆ្នាំ១៩៣៦។ តែទោះជាយ៉ាងណា ប្រភពទាំងពីរនៅតែបញ្ជាក់ថា កាសែត នគរវត្ត បានបង្កើតឡើងនៅចុងខែធ្នូឆ្នាំ១៩៣៦ដដែល។
លោក ប៉ាច ឈឺន គឺជាអតីតអ្នកបកប្រែអោយរដ្ឋបាលបារាំងក្នុងសង្គ្រាមលោកលើកទី១ពីឆ្នាំ១៩១៤-១៩១៨។ ក្នុងបេសកកម្មរបស់លោកនៅក្នុងប្រទេសបារាំងក្នុងនាមជាអ្នកបកប្រែអោយរដ្ឋបាលបារាំង លោកបានរៀនសូត្រមនោគមន៍វិជ្ជាប្រជាធិបតេយ្យជាច្រើនពីប្រទេសបារាំង ហើយលោកក៏ជាអ្នកប្រឆាំងនឹងអាណានិគមនិយមបារាំងដ៏ខ្លាំងក្លាម្នាក់ដែរ។ អាចារ្យ ហែម ចៀវ ដែលជាបញ្ញវន្តប្រឆាំងនឹងបារាំងដែរនោះ ក៏បានចូលរួមបង្កើតការសែត«នគរវត្ត» នោះដែរ។
លោក ស៊ន សំណាង បានកត់សម្គាល់ថា អ្នកសំណេរកាលនោះភាគច្រើនដាក់ឈ្មោះដូចជា អាចារ្យ កង អាចារ្យ កុយ។ល។
អត្ថបទមួយដែលលោក ស៊ន សំណាង កត់សម្គាល់នៅក្នុងសំណេរកាលនោះ គឺអ្នកនិពន្ធបានចោទជាសំណួរក្នុងបទអត្ថាធិប្បាយថា ហេតុអ្វីបានជាខ្មែរក្រ? ចម្លើយ គឺដោយសារខ្មែរខ្ជិល។ អត្ថបទភាគច្រើនបណ្តុះគំនិតអោយខ្មែរកុំពឹងផ្អែកលើគេ។ ព័ត៌មានក្នុងកាសែតភាគច្រើនត្រូវបានអានដោយមន្ត្រីរាជការ រីឯពលរដ្ឋធម្មតាភាគច្រើនទទួលបានព័ត៌មានតាមរយៈព្រះសង្ឃនៅក្នុងវត្តទៅវិញ។
មុនមានវត្តមានសារព័ត៌មានជាភាសាខ្មែរជាផ្លូវការ បទបញ្ជាផ្សេងៗពីរដ្ឋាភិបាលត្រូវបានគេផ្សព្វផ្សាយតាមរយៈសេវារដ្ឋបាលរបស់រដ្ឋ។ មុនឆ្នាំ១៩៣៦ មានកាសែតជាភាសាបារាំងនៅក្នុងប្រទេសកម្ពុជាឈ្មោះ L’avenir du Cambodge et L’écho du Cambodge។ នៅឆ្នាំ១៩៤៦ សាព័ត៌មាន កម្ពុជា មួយទៀត ក៏បានបោះពុម្ពផ្សាយជាភាសាខ្មែរដែរ។
ផ្អែកលើប្រភពផ្សេងៗ សារព័ត៌មានបរទេសជាសន្លឹកត្រូវបានគេបោះពុម្ពផ្សាយជាលើកដំបូងនៅក្នុងប្រទេសអឺរ៉ុបនៅឆ្នាំ ១៦០៥ នៅសហរដ្ឋអាមេរិកនៅឆ្នាំ ១៦៩០ នៅអាស៊ីក្នុងប្រទេសឥណ្ឌាឆ្នាំ ១៨២២ ។ វិទ្យុរត្រូវបានគេបង្កើតឡើងក្នុងទសវត្សរ៍ ១៨៦០ ក្នុងខណៈពេលដែលទូរទស្សន៍ត្រូវបានគេបង្កើតជាលើកដំបូងក្នុងឆ្នាំ១៩២៦។
ប្រព័ន្ធសារព័ត៌មានអេឡិចត្រូនិកលើប្រព័ន្ធអ៊ីនធឺណិតត្រូវបានគេបង្កើតក្នុងឆ្នាំ១៩៧៤ តែទើបចុងឆ្នាំ១៩៩០ កាសែតអាមេរិកជាច្រើនរយ បានផ្សាយជាអនឡានបន្ថែមទៀត។ព័ត៌មានតាមបណ្តាញសង្គម ត្រូវបានកើតឡើងស្របពេលនៃកំណើត Facebook នៅឆ្នាំ២០០៤៕
ថ្មីៗ
អត្ថបទ : ចំណារ
No comments:
Post a Comment