ភ្នំពេញ៖ អ្នកកាសែតមានតួនាទីសង្កេតព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងសង្គមតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ។ សង្កេតការណ៍រួចហើយ អ្នកកាសែតត្រូវរាយការណ៍គ្រប់ព័ត៌មានទាំងអស់ដែលបម្រើផលប្រយោជន៍សង្គម ជូនដល់សាធារណជនដែលជារាស្ត្រ មន្ត្រី និងថ្នាក់ដឹកនាំប្រទេស។ រាស្ត្រមានបញ្ហាត្រូវរាយការណ៍ប្រាប់មេដឹកនាំប្រទេស។ ថ្នាក់ដឹកនាំប្រទេសធ្វើអ្វីមួយត្រូវតែជម្រាបប្រាប់ជូនទៅរាស្ត្រវិញ តាមរយៈអ្នកសារព័ត៌មាន។ តើអ្វីទៅជាការលំបាករបស់អ្នកកាសែត?
នៅក្នុងតួនាទីរបស់ខ្លួន អ្នកកាសែតមានសិទ្ធិពេញលេញក្នុងការធ្វើសេចក្តីរាយការណ៍ពីភាពវិជ្ជមាន ឬអវិជ្ជមានដែលកើតឡើងនៅក្នុងសង្គមមួយ។
នៅក្នុងសង្គមប្រជាធិបតេយ្យ មន្ត្រីភាគច្រើនយល់ច្បាស់ពីតួនាទីរបស់អ្នកសារព័ត៌មាន។ ពួកគេកម្រចាត់ទុកអ្នកកាសែត ជាសត្រូវណាស់។ ប៉ុន្តែនៅក្នុងប្រទេសកុំម្មុយនីស ឬពាក់កណ្តាលកុំម្មុយនីសវិញ អ្នកកាសែតត្រូវបានមន្ត្រីខ្លះចាត់ទុកជាសត្រូវ។ ចាត់ទុកជាសត្រូវ ពីព្រោះអ្នកកាសែតជាអ្នកស្វែងរកការពិត ហើយរំខានសកម្មភាពអាក្រក់របស់មន្ត្រីទាំងនោះ។ ការរំខានសកម្មភាពអាក្រក់របស់ពួកគេនេះហើយ ទើបពួកគេគិតថា អ្នកកាសែតជាសត្រូវរបស់ពួកគេ។
តែមន្ត្រីទាំងនោះមិនដែលគិតថា ខ្លួនឯងជាអ្នកធ្វើអំពើអាក្រក់ទេ។ ការធ្វើសេចក្តីរាយការណ៍ពីរឿងអាក្រក់របស់នរណាម្នាក់ គឺជារឿងប្រឈមរបស់អ្នកសារព័ត៌មានទៅហើយ។ ប៉ុន្តែមានរឿងមួយទៀតដែលអ្នកកាសែតហួសចិត្ត ហើយគួរអោយអាណិតអាជីពខ្លួនឯងនោះ គឺថា បើអ្នកកាសែតសរសេរសរសើរនរណាម្នាក់ដែលអ្នកកាសែតយល់ថា ជាមនុស្សគំរូល្អនោះ អ្នកផ្តល់បទសម្ភាសន៍រូបនោះ សប្បាយចិត្ត ប៉ុន្តែ អ្នកអានខ្លះ បែជាជេរអ្នកកាសែតទៅវិញ។ ពួកគេជេរ ពីព្រោះ ពួកគេមិនចូលចិត្តអ្នកផ្តល់បទសម្ភាសន៍រូបនោះដោយសារតែការច្រណែន ឬដោយគេគិតថា អ្នកផ្តល់បទសម្ភាសន៍ជាបុគ្គលមិនល្អ។
សរុបសេចក្តីមក ជីវិតអ្នកកាសែត មិនមែនប្រឈម ឬពិបាកនឹងរឿងសរសេរអាក្រក់ពីគេទេតែសូម្បីតែចង់សរសេរល្អពីនរណាម្នាក់ ក៏ត្រូវបានមនុស្សផ្សេងទៀតជេរតិះដៀលដែរ។ ឱជីវិតអ្នកកាសែតអើយ សរសេរអាក្រក់(រិះគន់ក្នុងន័យស្ថាបនា) ក៏គេជេរ សរសេរល្អក៏គេជេរ! តើពេលណាទៅទើបសង្គមទាំងមូលយល់ពីអាជីពអ្នកសារព័ត៌មាន? តើពេលណាទៅទើបគេឈប់ជេរអ្នកសារព័ត៌មាន? តើពេលណាទៅទើបអ្នកសារព័ត៌មានអាចមានសេរីភាពពេញលេញបរិបូរណ៍ក្នុងសំណេររបស់ខ្លួន?
ថ្មីៗ
អត្ថបទ : ចំណារ
No comments:
Post a Comment