ភ្នំពេញ: ក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បានសម្រេចជាផ្លូវការហើយ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នេះ គឺមិនចូលរួមប្រជុំសភាជាមួយ ក្រុមតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា នោះទេ។
ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
លោកកឹម សុខា បានថ្លែងនៅក្នុងអង្គប្រជុំថា “ក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ” ជាយន្ដការផ្ទៃក្នុង របស់គណបក្សសង្គ្រោះជាតិ ដែលមានចែង ក្នុងបទបញ្ជាផ្ទៃក្នុង គណបក្សសង្គ្រោះជាតិ។ ការពង្រឹងស្ថាប័ន ការធ្វើការជាប្រព័ន្ធ គឺជាការពង្រឹង លទ្ធិប្រជាធិបតេយ្យ។ ផ្ទុយទៅវិញ ការធ្វើឲ្យស្ថាប័នទន់ខ្សោយ ការមិនធ្វើការជាប្រព័ន្ធ គឺជាការពង្រឹងអំណាចបុគ្គល ឬ អំណាចផ្ដាច់ការ ដែលផ្ទុយពីគោលការណ៍ លទ្ធិប្រជាធិបតេយ្យ។
ជាមួយគ្នានោះ លោកកឹម សុខា ក៏បានសូមឲ្យសមាជិកសភា គណបក្សសង្គ្រោះជាតិ ទាំងអស់ ពង្រឹងនូវយន្ដការដែលមាន និងធ្វើការជាប្រព័ន្ធ ដើម្បីបំពេញបេសកកម្ម បម្រើជាតិ និងប្រជាពលរដ្ឋ ឲ្យស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ។
ចំណែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងតំណាងរាស្ត្ររបស់ គណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញចូលរួម ប្រជុំសភាវិសាមញ្ញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើ វិសោធនកម្ម ជំពូក១២ថ្មី ប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
ការប្រជុំវិសាមញ្ញសភា នៅថ្ងៃទី៣១ ខែមករា នេះ គឺដើម្បីបញ្ចប់តួនាទីលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពីប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា និងសម្តេចក្រឡាហោម ស ខេងពីប្រធានក្រុមមតិភាគច្រើននៅក្នុងរដ្ឋសភា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដើម្បីពិនិត្យលើសំណើសុំ កោះប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងអនុម័តសេចក្តី ស្នើវិសោធនកម្ម ជំពូក១២ថ្មី ប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ពិនិត្យលើសំណើ សុំបញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជុំរដ្ឋសភាវិសាមញ្ញ នូវសេចក្តីស្នើវិសោធនកម្ម ជំពូក១២ថ្មី ប្រការ៤៨ថ្មី (បី) នៃបទបញ្ជា ផ្ទៃក្នុងរដ្ឋ សភា តាមសំណើរបស់ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។
ជាលទ្ធផលគណៈកម្មការធិការអចិន្ត្រៃយ៍ បានសម្រេចដាក់សំណើ របស់តំណាងរាស្ត្រ គណបក្សគណបក្សប្រជាជនកម្ពុជា ចំនួន៥២រូប តាមការស្នើរបស់ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ចូលសភាពេញអង្គ ជាវិសាមញ្ញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment