ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

ស្ថានទូត​អាមេរិក​ថា​មិន​ទទួល​បាន​ការ​ពន្យល់​ផ្លូវ​ការ​ពី​កម្ពុជា​ចំពោះ​ការ​លុប​សម​យុទ្ធ​យោធា

ពិធី​បើក​ លំហាត់​ឆ្មាំ​អង្គរ​ឆ្នាំ​២០១៤ រវាង​កងទ័ព​ជើង​គោក​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក នា​​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​២១ មេសា ឆ្នាំ​២០១៤។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ថា ស្ថានទូត​សហរដ្ឋអាមេរិក មិន​ទាន់​ទទួល​បាន​ការ​ពន្យល់​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ឆ្នំា​២០១៧ និង​ឆ្នាំ​២០១៨ ឡើយ។

ទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​រូប​នេះ មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​មិន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក គឺ​ជា​សិទ្ធិ​របស់​កម្ពុជា។ លោក​ថា បើ​ចង់​ដឹង​ពី​មូលហេតុ​នៃ​ការ​ផ្អាក​នេះ ទាល់​តែ​សួរ​រដ្ឋាភិបាល​កម្ពុជា ទើប​ដឹង។ ប៉ុន្តែ​លោក​ថា សម្រាប់​សហរដ្ឋអាមេរិក គឺ​មាន​ការ​សោកស្ដាយ​ដែល​ឮ​ដំណឹង​នេះ។ តែ​លោក​ក៏​ថា អ្នក​ដែល​ខាត​មិន​មែន​សហរដ្ឋអាមេរិក នោះ​ទេ។

កាល​ពី​ពេល​ថ្មីៗ​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា កម្ពុជា​សម្រេច​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ឆ្មាំ​អង្គរ​ជាមួយ​សហរដ្ឋ​អាមេរិក ដោយសារ​កម្ពុជា មាន​ព្រឹត្តិការណ៍​ធំៗ​មួយ​ចំនួន​ដែល​ត្រូវ​រៀបចំ​នោះ គឺ​ការ​រៀប​ចម្ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០១៨។ លើស​ពី​នេះ កម្ពុជា​ក៏​កំពុង​ជាប់​រវល់​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ទៀត​ផង៕

RFA
ដោយ យាង សុជាមេត្តា

No comments: