ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

សាលា​រាជធានី​អនុញ្ញាត​ឲ្យ​ជន​ពិការ​ប្រគំ​តន្ត្រី​នៅ​វត្ត​ភ្នំ​សប្ដាហ៍​ក្រោយ

ជន​ពិការ​ចូល​រួម​ក្នុង​កម្មវិធី​រត់​ប្រណាំង​ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA

សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ជន​ពិការ​ដែល​ច្រៀង​តាម​ដង​ផ្លូវ និង​ស្តុប​នា​ពេល​កន្លង​ទៅ​កំណត់​ពេល​ជួប​ប្រជុំ​គ្នា ដើម្បី​ចែក​វេន​ច្រៀង​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ។ ចំណែក​២ កន្លែង​ផ្សេង​ទៀត សាលា​រាជធានី​នឹង​រៀបចំ​ជូន​ពួកគាត់​ជា​បន្តបន្ទាប់។ មន្ត្រី​សាលា​រាជធានី​សង្ឃឹម បងប្អូន​ជន​ពិការ​នឹង​មិន​ទៅ​ប្រគំ​នៅ​តាម​ផ្លូវ​សាធារណៈ​ទៀត​ទេ។

សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ជន​ពិការ អាច​ប្រគំ​តន្ត្រី​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ជា​លើក​ដំបូង នៅ​សប្ដាហ៍​ក្រោយ។

អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ថា ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ ក្រុម​ជន​ពិការ​ទាំង ៥​ក្រុម​ដែល​មាន​សមាជិក ១៩៤​នាក់ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្រសួង​សង្គមកិច្ច​រៀបចំ​ដាក់​កម្មវិធី​ចែក​វេន​ចែក​ថ្ងៃ​គ្នា ដើម្បី​ប្រគំតន្ត្រី​ជន​ពិការ​នៅ​សប្ដាហ៍​ក្រោយ។ លោក​បញ្ជាក់​ថា ចំណែក​ទីតាំង​ចំនួន ២​ទៀត គឺ​សួន​អតីត​ទីលាន​ប្រជាធិបតេយ្យ និង​សួនច្បារ​មុខ​វត្ត​បទុមវតី មន្ត្រី​សាលា​រាជធានី កំពុង​សិក្សា និង​គូរ​ប្លង់ ដូច្នេះ​អាច​នឹង​រួចរាល់​ប្រហែល ៣ ទៅ ៤​សប្ដាហ៍​ទៀត។ រី​ឯ​ទីតាំង​ប្រគំ​តន្ត្រី​ជន​ពិការ​ដំបូង​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​នេះ មាន​ភ្ញៀវ​ទេសចរ​​ច្រើន​ដែល​អាច​ឲ្យ​បងប្អូន​ជន​ពិការ​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​ច្រើន​គួរសម​ដែរ។

លោក មាន ចាន់យ៉ាដា៖ «គាត់​នឹង​ជួប​គ្រប់​ក្រុម​ទាំង​អស់ ដើម្បី​គាត់​ដាក់​កម្មវិធី​គ្នា​គាត់ ហើយ​យើង​ជួយ​ត្រួត​ពិនិត្យ​គាត់​តែ​ប៉ុណ្ណឹង ឲ្យ​គាត់​ស្រុះស្រួល​គ្នា ព្រោះ​បច្ចុប្បន្ន​នេះ​យើង​មាន​ក្រុម​ជន​ពិការ ៥​ក្រុម នៅ​ក្នុង ១​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ជាង ១​ពាន់​ដែរ»។

នាយក​ប្រតិបត្តិ​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ លោក ចាប តូ ដែល​ជា​ជន​ពិការ​ភ្នែក​មួយ​រូប​ដែរ ថ្លែង​ថា លោក​រីករាយ​ដែល​សាលា​រាជធានី​រៀបចំ​ឲ្យ​ពួកគាត់​ប្រគំ​តន្ត្រី​នៅ​វត្ត​ភ្នំ។ តែ​ទោះ​យ៉ាង​ណា លោក​ស្នើ​ឲ្យ​សាលា​រាជធានី​ពន្លឿន​ការ​រៀបចំ​ទីតាំង ២​កន្លែង​ផ្សេង​ទៀត ឲ្យ​បាន​ឆាប់​រហ័ស​ជូន​ពួកគាត់ ដើម្បី​កុំ​ឲ្យ​អូស​បន្លាយ​ពេល​វេលា​យូរ​ជាង​នេះ​ទៀត ពីព្រោះ​ពួកគាត់​កំពុង​ជួប​បញ្ហា​ជីវភាព៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​អស់ ដែល​អញ្ជើញ​មក​ចូលរួម​ក្នុង​រមណីយដ្ឋាន​វត្ត​ភ្នំ ទីលាន​ប្រជាធិបតេយ្យ ដូច​ជា​វត្ត​បទុមវតី បើ​ឃើញ​ការ​ប្រគំ​តន្ត្រី​លក្ខណៈ​អាជីព (Professional) របស់​បងប្អូន​ជន​ពិការ សូម​មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ថវិកា ឬ​ជា​សម្ភារៈ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ជន​ពិការ​ជា​ជាង​គាត់​យក​សមត្ថភាព​គាត់​មាន​ដើរ​សុំ​ទាន ជួយ​គាំទ្រ​វិស័យ​ពិការភាព និង​វិស័យ​សិល្បៈ​ជន​ពិការ»។

ទាក់ទង​នឹង​ការ​ផ្ដល់​ទីតាំង​ប្រគំ​តន្ត្រី​នេះ សង្គម​ស៊ីវិល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ជន​ពិការ និង​ជន​ពិការ កន្លង​ទៅ​បាន​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ រៀបចំ​ផ្ដល់​ទីតាំង​ឲ្យ​ជន​ពិការ​ប្រគំ​តន្ត្រី​ចំនួន ៥​ទីតាំង ឬ​ច្រើន​ជាង​នេះ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ប្រទាញប្រទង់ ពីព្រោះ​ក្រុម​ចម្រៀង​ជន​ពិការ​មាន​ចំនួន​ច្រើន ដែល​ធ្វើ​ដូច្នេះ អាច​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​ច្រើន។

ឆ្លើយ​តប​ទៅ​នឹង​សំណើ​នេះ មន្ត្រី​សាលា​រាជធានី​ដដែល​អះអាង​ថា មិន​អាច​ផ្ដល់​ទីតាំង​លើស​ពី​៣ កន្លែង​ជូន​បាន​ទេ ដោយ​បញ្ជាក់​ថា ទីតាំង​ចំនួន​៣ ដែល​សាលា​រាជធានី​ជ្រើសរើស​នេះ​មិន​មែន​ជា​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​នោះ​ឡើយ គឺ​ជា​ទីតាំង​ដ៏​ល្អ​សម្រាប់​ជន​ពិការ៕

RFA
ដោយ ខែ សុណង

No comments: