ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

មន្ទីរពេទ្យ​កុមារ​អង្គរ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​ជិត​២​លាន​នាក់​ក្នុង​រយៈពេល​១៨​ឆ្នាំ

គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប កំពុង​ពិនិត្យ​កុមារ​ដែល​មាន​បញ្ហា​បេះដូង កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥។



មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​មាន​និមិត្ត​សញ្ញា​បេះដូង​ពណ៌​បៃតង នៅ​ខេត្ត​សៀមរាប កំពុង​បំពេញ​បេសកកម្ម​មនុស្សធម៌ ពិនិត្យ និង​ព្យាបាល​ជំងឺ​ស្រាល ធ្ងន់ ព្រម​ទាំង​វះ​កាត់​បេះដូង​កុមារ​ខ្មែរ​ប្រមាណ ៥០០​នាក់​ក្នុង​មួយ​ថ្ងៃៗ។

មន្ទីរពេទ្យ​នេះ បាន​បង្កើត​ឡើង​ដោយ​អ្នក​ថត​រូប​ជា​ជនជាតិ​ជប៉ុន ម្នាក់ ឈ្មោះ ខេនរ៉ូ អ៊ីហ្សុ (Kenro Izu) កាល​ពី​អំឡុង​ឆ្នាំ​១៩៩៩ ដែល​រហូត​មក​ដល់​ឆ្នាំ​២០១៧ នេះ គឺ​មាន​រយៈពេល ១៨​ឆ្នាំ​ហើយ។

តើ​មន្ទីរពេទ្យ​នេះ​មាន​សារសំខាន់​អ្វី​ខ្លះ​សម្រាប់​សុខភាព​កុមារ​ខ្មែរ​ទាំង​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ជុំវិញ?

ក្រុម​វេជ្ជបណ្ឌិត​ជាតិ អន្តរជាតិ គ្រូពេទ្យ និង​ឱសថការី ព្រម​ទាំង​មន្ត្រី​រដ្ឋាភិបាល​ប្រមាណ​ជាង ២០០​នាក់ បាន​រួម​គ្នា​ប្រារព្ធ​ខួប​ទី ១៨​ឆ្នាំ​នៃ​ការ​បង្កើត​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្ត​សៀមរាប កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ ខែ​មករា។

ក្រុម​វេជ្ជបណ្ឌិត​ជាតិ អន្តរជាតិ ដែល​មក​ពី​អង្គការ​ផ្នែក​សុខភាព​ជាច្រើន រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល​ផង ទទួល​ស្គាល់​ថា មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​មាន​និមិត្ត​សញ្ញា​បេះដូង​ពណ៌​បៃតង គឺ​ពិត​ជា​កន្លែង​ដ៏​សំខាន់ ដែល​បាន​ជួយ​ព្យាបាល និង​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​ដោយ​មិន​គិត​ថ្លៃ​ក្នុង​រយៈពេល ១៨​ឆ្នាំ​មក​ហើយ។

នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ គឺ​លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ដ្រា។ លោក​បាន​ថ្លែង​ជា​សាធារណៈ​ក្នុង​ពេល​ប្រារព្ធ​ខួប ១៨​ឆ្នាំ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ថា បច្ចុប្បន្ន មន្ទីរពេទ្យ​តែង​ជួយ​ព្យាបាល​ជំងឺ​កុមារ​ខ្មែរ​ដោយ​មិន​គិត​ថ្លៃ​ជា​រៀង​រាល់​ថ្ងៃ។ ជំងឺ​កុមារ​ដែល​មន្ទីរពេទ្យ​អាច​ព្យាបាល​ទាំងនោះ ដូចជា​ជំងឺ​ស្រាល​ធ្ងន់​គ្រប់​ប្រភេទ ការ​វះ​កាត់​បេះដូង ជំងឺ​មហារីក​ភ្នែក និង​ការ​សង្គ្រោះ​បន្ទាន់ ជាដើម។

លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ដ្រា បញ្ជាក់​ទៀត​ថា ជា​រៀង​រាល់​ថ្ងៃ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ទទួល​ពិនិត្យ និង​ព្យាបាល​កុមារ​ប្រមាណ ៥០០​នាក់​ក្នុង​មួយ​ថ្ងៃៗ ហើយ​សម្រាប់​ឆ្នាំ​២០១៦ គឺ​មន្ទីរពេទ្យ​បាន​ព្យាបាល និង​ថែទាំ​សុខភាព​កុមារ​ចំនួន​ជាង ១៧​ម៉ឺន​នាក់៖ «ជាមួយ​គ្នា​នេះ​ដែរ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​បន្ត​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បណ្ដុះបណ្ដាល​ទៅ​លើ​ការ​អភិវឌ្ឍ​ចំណេះ​ដឹង​របស់​បុគ្គលិក​វេជ្ជសាស្ត្រ ដើម្បី​ធានា​លើ​ការ​ព្យាបាល និង​ថែទាំ​សុខភាព​កុមារ»។

ក្រុម​បុគ្គលិក និង​និស្សិត​ពេទ្យ​ទទួល​សញ្ញាបត្រ​វេជ្ជសាស្ត្រ និង​ចូលរួម​ប្រារព្ធ​ខួប ១៨​ឆ្នាំ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth RFA/Hang Savyouth
មន្ត្រី​ផ្នែក​សុខភាព និង​អាជ្ញាធរ​របស់​រដ្ឋាភិបាល ក៏​ទទួល​ស្គាល់​ដែរ​ថា មន្ទីរពេទ្យ​កុមារ​អង្គរ ពិត​ជា​បាន​បំពេញ​បេសកកម្ម​មនុស្សធម៌​យ៉ាង​ធំធេង​លើ​ការ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​ជិត ២​លាន​នាក់ ក្នុង​រយៈពេល ១៨​ឆ្នាំ​មក​នេះ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ថ្លែង​ថា ក្នុង​រយៈពេល ១៨​ឆ្នាំ​មក​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់ និង​អត្រា​ឈឺ​របស់​កុមារ​ក្នុង​ខេត្ត​សៀមរាប ប៉ុណ្ណោះ​ទេ គឺ​មាន​កុមារ​ជាច្រើន​ទៀត​មក​ពី​ខេត្ត​ជុំវិញ ដូចជា​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និង​ខេត្ត​កំពង់ធំ ផង​ដែរ។ លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ទៀត​ថា ក្នុង​នាម​លោក​ដែល​ជា​ប្រធាន​មន្ទីរ​សុខាភិបាល សូម​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បេសកកម្ម​មនុស្សធម៌​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ៖ «មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ចូលរួម​ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត និង​កម្លាំង​ប្រាជ្ញា​ស្មារតី ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នូវ​អត្រា​ស្លាប់ និង​អត្រា​ឈឺ​របស់​កុមារ»។

បច្ចុប្បន្ន មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ចំណាយ​មូលនិធិ​ប្រមាណ ៥០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែៗ ហើយ​មូលនិធិ​មនុស្សធម៌​ទាំងនោះ គឺ​ត្រូវ​ការ​គាំទ្រ​ពី​សប្បុរសជន ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

អភិបាល​រង​ខេត្ត​សៀមរាប អ្នកស្រី យូ សុភា មាន​ប្រសាសន៍​ថា រយៈពេល ១៨​ឆ្នាំ​មក​ហើយ មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ​យ៉ាង​ធំធេង​លើ​វិស័យ​សុខាភិបាល ជាពិសេស​ជួយ​លើក​កម្ពស់​សុខភាព​កុមារ៖ «បញ្ហា​សុខភាព​ជា​កត្តា​ចម្បង និង​សំខាន់​បំផុត​នៃ​ជីវិត​មនុស្ស​គ្រប់​រូប មិន​ថា​ចាស់ ឬ​ក៏​ក្មេង​ឡើយ»។

បុរស​ជនជាតិ​ជប៉ុន ដែល​ផ្ដួចផ្ដើម​បង្កើត​មន្ទីរពេទ្យ​មួយ​នេះ​ឡើង ដោយសារ​តែ​ភាព​ក្ដុកក្ដួល​របស់​គាត់​ទៅ​លើ​ក្មេង​ស្រី​ម្នាក់ ដែល​គាត់​បាន​ថត​រូប​របស់​នាង ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​ស្រុក​ខ្មែរ​ម្ដង​ទៀត ហើយ​ទៅ​រក​ក្មេង​ស្រី​នោះ គឺ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ។

ស្ថាបនិក​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ លោក ខេនរ៉ូ អ៊ីហ្សុ (Kenro Izu) មាន​ប្រសាសន៍​ថា ភាព​មេត្តា និង​ក្ដី​អាណិត​អាសូរ​ទៅ​លើ​កុមារ​ខ្មែរ ជា​មូលហេតុ​ជំរុញ​ឲ្យ​លោក​ត្រូវ​តែ​ស្វះស្វែង ដើម្បី​បង្កើត​មន្ទីរពេទ្យ​មួយ​នេះ​ឡើង។ លោក​បាន​ថ្លែង​ទៀត​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ លោក​ចង់​ឃើញ​ក្រុម​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ បន្ត​កិច្ចការ​មនុស្សធម៌​ជួយ​ព្យាបាល​ជំងឺ​កុមារ​ខ្មែរ​គ្រប់​រូប ដោយ​សេចក្តី​មេត្តា និង​អាណិត​អាសូរ៖ «ដូច​លោក​អ្នក​បាន​ឃើញ​ហើយ និមិត្ត​សញ្ញា​នៃ​មន្ទីរពេទ្យ​ដែល​មាន​បេះដូង​ពណ៌​បៃតង គឺ​មាន​ន័យ​ថា វា​ប្រៀប​ដូចជា​គ្រាប់​ពូជ ដែល​ត្រូវ​ការ​ដុះ​លូតលាស់ ហើយ​ក្លាយ​ទៅ​ជា​ដើម​ឈើ​ធំ ១​ដើម។ យ៉ាង​ណា​មិញ មន្ទីរពេទ្យ​កុមារ​អង្គរ ក៏​ចង់​ឲ្យ​កុមារ​ខ្មែរ​មាន​សុខភាព​ល្អ ធំ​លូតលាស់ ដែល​ពោរពេញ​ដោយ​ក្តី​មេត្តា និង​ការ​ថែទាំ​ចេញ​ពី​ពួក​យើង​ដែរ»។

បច្ចុប្បន្ន មន្ទីរពេទ្យ​កុមារ​អង្គរ មិន​ត្រឹម​តែ​ជួយ​ព្យាបាល​កុមារ​ខ្មែរ​ដោយ​មិន​គិត​ថ្លៃ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​បណ្ដុះបណ្ដាល​បុគ្គលិក មន្ត្រី​សុខាភិបាល និស្សិត​វេជ្ជសាស្ត្រ និង​និស្សិត​គិលានុបដ្ឋាក​មក​ពី​ទូទាំង​ប្រទេស​កម្ពុជា ឲ្យ​ក្លាយ​ទៅ​ជា​ធនធាន​មនុស្ស​បាន​ច្រើន​នាក់​ទៀត៕



RFA
ដោយ ហង្ស សាវយុត

No comments: