លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។ រូបថតអាជ្ញាធរអគ្គិសនីកម្ពុជា |
ភ្នំពេញ៖ លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ជាថ្មីដល់ពលរដ្ឋដែលមន្ទិលសង្ស័យលើ នាឡិកាវាស់អគ្គិសនី ឬកុងទ័រភ្លើងដើរលឿន ឬយឺតខុសប្រក្រតីនោះ អាចប្តឹងមកអាជ្ញាធរអគ្គិសនី ដើម្បីត្រួតពិនិត្យ និងដោះស្រាយដោយឥតគិតថ្លៃ។
ថ្លែងក្នុងសនិ្នបាតបូកសរុបការងារឆ្នាំ ២០១៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា លោក ទី នរិន្ទ បានលើកឡើងពីការដោះស្រាយបញ្ហានាឡិកាស្ទង់អគ្គិសនីថា អាជ្ញាធរអគ្គិសនីនឹងចុះត្រួតពិនិត្យប្រកបដោយតម្លាភាព និងឥតគិតថ្លៃសេវា នៅទូទាំងប្រទេស ដើម្បីបង្ហាញពីសុក្រឹតភាពក្នុងនាមជាស្ថាប័នអាជ្ញារកណ្តាល ។
ដំណោះស្រាយបញ្ហា ៣ចំណុច រួមមាន ទីមួយគឺ អាជ្ញាធរនឹងពិនិត្យឲ្យប្រាកដថា តើអគ្គិសនីបានរត់ឆ្លងកាត់នាឡិកាស្ទង់ដែរឬទេ? ទីពីរ, តើការវាស់ និងការកត់ត្រាចំនួនអគ្គិសនីត្រឹមត្រូវទេ? និង ទីបី, តើការគិតថវិកាតាមចំនួនប្រើប្រាស់អគ្គិសនីត្រឹមត្រូវទេ?
លើសពីនេះ អាជ្ញាធរនឹងពិនិត្យខ្សែគម្របនាឡិកថា តើមានអ្នកប៉ះពាល់នាំឲ្យរបើកដាច់នាឡិកាស្ទង់អគ្គិសនីដែរឬអត់? លោក ទី នរិន្ទ បញ្ជាក់បន្ថែមថា៖ «អាជ្ញាធរអគ្គិសនីកម្ពុជាបានអនុញ្ញាតឲ្យពួកគេទិញនាឡិកាស្ទង់ដែលគាត់ទុកចិត្តថាត្រឹមត្រូវនោះរួចវាស់ទន្ទឹមគ្នាជាមួយនាឡិកាអ្នកផ្គត់ផ្គង់ដែលមានការទទួលត្រឹមត្រូវ»។
បន្ថែមលើសពីនេះ លោកបានស្នើពលរដ្ឋដែលមានមន្ទិលសង្ស័យឲ្យប្តឹងអាជ្ញាធរអគ្គិសនី តាមរយៈអាជ្ញាធរឃុំ សង្កាត់ ឬ Facebook អាជ្ញាធរអគ្គិសនីកម្ពុជា និងសារអេឡិចត្រូនិក admin@eac.gov.kh ដោយបញ្ជាក់អំពីអត្តសញ្ញាណ និងទីតាំងប្រើអគ្គិសនីឲ្យច្បាស់លាស់។
បើតាមលោក ទី នរិន្ទ ពលរដ្ឋរស់នៅតាមគេហដ្ឋានចំនួន ១,៩១០,០០០ខ្នងផ្ទះ ស្មើនឹងប្រមាណ ៥៨ភាគរយ ក្នុងចំណោមពលរដ្ឋទូទាំងប្រទេសកម្ពុជា បានភ្ជាប់អគ្គិសនីប្រើប្រាស់រួចរាល់ គិតត្រឹម ឆ្នាំ ២០១៦កន្លងទៅ។ ហើយរដ្ឋាភិបាលគ្រោងភ្ជាប់អគ្គិសនីដល់ពលរដ្ឋរស់នៅទូទាំងប្រទេសឲ្យបាន១០០ភាគរយក្នុងឆ្នាំ ២០២០ ៕
ថ្មីៗ
អត្ថបទ : រឿន ភារុន
No comments:
Post a Comment