(វ៉ាស៊ីនតោន)៖ តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក បានច្រានចោលសំណើររបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលចង់ដំណើរការឡើងវិញនូវបទបញ្ជាស្ដីពី ជនភៀសខ្លួន និងការហាមឃាត់ប្រជាជនមកពីប្រទេសមូស្លីមភាគច្រើនចំនួន៧ ចូលក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចៅក្រមតុលាការកំពូលរាំងខ្ទប់ កាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។
តុលាការកំពូលអាមេរិក បានសម្រេចព្យួរ ឬផ្អាកបទបញ្ជារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានដាក់ការហាមឃាត់ការធ្វើដំណើរមកកាន់អាមេរិក ចំពោះប្រជាជនមកពីបណ្តាប្រទេសមូស្លីមចំនួន០៧ ដោយចាត់ទុកថា វាផ្ទុយទៅនឹងរដ្ឋធម្មនុញ និងជាការរើសអើង។ ប៉ុន្តែប្រធានាធិបតីថ្មីរូបនេះមិនបានយល់ស្របតាមនោះឡើយ ដោយលោកអះអាងថា នឹងយកការហាមឃាត់ដ៏ស្របច្បាប់នោះ ត្រឡប់មកអនុវត្តន៍ឲ្យបាន។ ជាងនេះទៅទៀតលោក ត្រាំ ថែមទាំង បានប្រើពាក្យសម្តីធ្ងន់ៗទៅលើលោក James Robart ដែលជាចៅក្រមតុលាការកំពូលម្នាក់ ហើយថាការសម្រេចចិត្តរបស់ចៅក្រមរូបនេះគឺជារឿង គួរឲ្យអស់សំណើច និងជាការអូសទាញអាមេរិកឲ្យកាន់តែឆ្ងាយពីការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ។
គួរបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីសម្រេចពីតុលាការកំពូលរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានចាប់ផ្តើមអនុវត្តន៍តាមដោយអនុញ្ញាត ឲ្យបណ្តាជនជាតិមកពីប្រទេសទាំង០៧ដែលត្រូវបានហាមឃាត់ដោយលោក ត្រាំ អាចធ្វើដំណើរមកកាន់អាមេរិកវិញជាធម្មតា។ ប្រជាជនមកពីប្រទេសមូស្លីម ភាគ ច្រើន ដែលត្រូវលោក ដូណាល់ ត្រាំ ហាមជាបណ្ដោះអាសន្នមិនឱ្យចូលក្នុងសហរដ្ឋអាមេរិក រួមមាន អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, យេមែន និងស៊ីរី៕
Fresh News
No comments:
Post a Comment