ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

អនុប្រធាន​ទី​២​រដ្ឋសភា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ពុទ្ធិ​សេក​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធិផល​ក្នុង​វត្ត​សិរីសោភ័ណ ហៅ វត្ត​ភ្នៅ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​



កំពង់ធំ ​៖ តប​តាម​ការអញ្ជើញ​របស់​ចៅអធិការ​វត្ត និង​ព្រះសង្ឃ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ព្រឹក​ថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ​២០១៧​នេះ លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ពុទ្ធិ​សេក ឆ្លង​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធិផល​ក្នុង​វត្ត​សិរីសោភ័ណ ហៅ​វត្ត​ភ្នៅ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

តាម​របាយការណ៍​លោក ហាក់ ម៉ុង​ហួត អភិបាល​នៃ​គ​ណៈ​អភិបាលស្រុក​បារាយណ៍​បានឲ្យដឹងថា កុដិ​ឈើ​មួយ​ខ្នង​ដែល​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ធ្លាប់តែ​ប្រើប្រាស់​ត្រូវបាន​អគ្គិភ័យ​ឆាប​ឆេះ​ខ្ទេចខ្ទី​គ្មាន​សល់ កាលពី​ថ្ងៃទី​០៣ ខែ​កក្ក​ដា ឆ្នាំ​២០០៨​កន្លងមក​។ ដោយ​ទទួលបាន​ដំណឹង​នោះ​ភ្លាម​លោក​បណ្ឌិត ងួន ញ៉ិល បាន​អ​ញ្ចើ​ញ​មក​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ដោយផ្ទាល់ ហើយ​លោក​ក៍​បានប្រកាស​ប្រគេន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់​នៅ​ទីនោះ​នូវ​កុដិ​ចំនួន ០២​ខ្នង កំពស់​២​ជាន់ ទំហំ​៩​ម៉ែត្រ គុណ​និង​១២​ម៉ែត និង​ទំហំ ៨​ម៉ែត្រ គុណ​និង​១២​ម៉ែត្រ សង់​អំពី​បេតុង​ប្រក់​ក្បឿង​ជូន សំរាប់​ប្រើប្រាស់​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។ នៅពេលនេះ​អគារ​នេះ​ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ហើយ​ព្រះចៅអធិការ ព្រមទាំង​ព្រះសង្ឃ​នៅក្នុង​វត្ត​ទាំងមូល បាន​ឯកភាព​យក​ជាន់​ខាងក្រោមសម្រាប់​ជា​កុដិ​ព្រះសង្ឃ​គង់នៅ និង​ជាន់​ខាងលើ​ធ្វើជា​បណ្ណាល័យ ដែល​ពេលនេះ​បាន​និង​កំ​ពុងធ្វើបុណ្យ​ពុទ្ធ​ភិ​សេក ឆ្លង​និង​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​រួមជាមួយ​សមិទ្ធផល​ផ្សេងៗ​ទៀត ដោយ​ចំណាយ​ថវិកា​សរុប​អស់​ចំនួន ១៨០៩៨២​ដុល្លារ​អាមេរិក​។​

មានមតិ​សំណេះសំណាល​ទៅកាន់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​នាឱកាស​នោះដែរ លោក​បណ្ឌិត ងួន ញ៉ិល បាន​មានប្រសាសន៍​រំលឹក​នូវ​គុណូបការៈ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ ជា​ថ្ងៃ​រំដោះជាតិ និង​ប្រជាជន​ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ និង​ធ្វើឲ្យរស់​ឡើងវិញ​នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកនាំ​គ្រប់គ្រង​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ពិសេស​គឺ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ជា​ស្ថាបនិក​ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន​។ លោក​បណ្ឌិត ងួន ញ៉ិល បាន​បញ្ចាក់​ផងដែ​រថា កម្ពុជា​ជា​ប្រទេស​ទទួលយក​របប​ប្រជាធិបតេយ្យ ពហុបក្ស និង​លទ្ធិប្រជាធិបតេយ្យ ហើយ​ការអនុវត្ត​នូវ​សិទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុងន័យ​លើក​តម្កើង​សិទ្ធិ​ម្ចាស់​អំណាច​ដោយ​យក​ប្រជាពលរដ្ឋ​ជាធំ​។ ពោលគឺ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ ឲ្យមាន​ព្រំដែន​ច្បាស់លាស់​ទៅតាម​ច្បាប់ ដែល​បានចែង​នៅក្នុង​ច្បាប់​។ ជា​ចុងបញ្ចប់​លោក​បណ្ឌិត ងួន ញ៉ិល ក៏បាន​ថ្លែងអំណរគុណ​និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន ពុទ្ធបរិស័ទ​ព្រមទាំង​សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​ជួយ​ជា​កំលាំង ក៍​ដូចជា​ថវិកា​ផ្ទាល់ខ្លួន ក្នុងការ​កសាង​និង​ស្តារ​នូវ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​យើងទាំងអស់គ្នា​។ បន្ទាប់មក​លោក​បណ្ឌិត​អនុប្រធាន​ទី​២​រដ្ឋសភា បាន​អ​ញ្ចើ​ញ​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ​ស្ថាបនា​ជាតិ ប្រគេន​និង​ជូន​មន្ត្រីរាជការ និង​សប្បុរសជន ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​ប្រទេសជាតិ និង​បាន​ចែកជូន​និង​ប្រគេន​នូវ​អំណោយ​ជា​ថវិកា សម្ភារៈ​មួយចំនួន​ដល់​ព្រះសង្ឃ និង​ជូន​លោកតា លោកយាយ ប្រជាជន សិស្សានុសិស្ស ដែល​បាន​ចូលរួម និង​បាន​កាត់​ខ្សែបូរ​សម្ភោ​ធ​សមិទ្ធិផល​នានា​ដើម្បី​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពីពេលនេះ​តទៅ​៕​

កម្ពុជា​ថ្មី
សុង​យោ

No comments: